ស្តាយដួងចន្ទ្រា
១. ខ្ញុំស្រឡាញ់ដួងចន្រ្ទាពេញបូណ៌មី
រឿងរង្សីភ្លឺត្រចះច្បាស់មេឃា
ស្អាតបរិសុទ្ធមូលក្រឡង់ក្នុងនភា
ខ្ញុំនិន្ទ្រាមិនលក់ឡើយពេលរាត្រី។
២. ខ្ញុំស្រឡាញ់ដួងចន្ទ្រាភ្លឺត្រជាក់
ពន្លឺប្រាក់ស្រោបដួងចិត្តជនប្រុសស្រី
ឲ្យសប្បាយភ្លើតភ្លើនចិត្តឥតខ្វល់អ្វី
ភ្លេចក្រក្រីក្តីសោកសៅក្នុងជីវិត។
៣. ខ្ញុំស្រឡាញ់ដួងចន្រ្ទាមូលក្រឡង់
ហាក់ដូចវង់ភក្រ្តកល្យាណគូស្នេហ៍ស្និទ្ធ
នាងញញឹម ខ្ញុំសង្ឃឹម សប្បាយចិត្ត
ហាក់បានជិត រឹតរួមរក្ស ស្ម័គ្រកនិដ្ឋា។
៤. ខ្ញុំស្រឡាញ់ដួងចន្រ្ទាជាសាក្សី
នៃសេចក្តីស្មោះស្ម័គ្រចិត្តស្និទ្ធស្នេហា
នៃក្រមុំនិងកម្លោះគូសង្សារ
ដែលប្រាថ្នាបានជាគូរួបរួមកាយ។
៥. ខ្ញុំស្រឡាញ់ដួងចន្ទ្រាជាល្បែងក្មេង
ម្តាយពោលលេងឲ្យកូនតូចពនសុំបាយ
សុំសម្ល ទឹកបំពង់ ចេក ដូង ស្វាយ
កូនសប្បាយញ៉ាំចិបៗ សើចក្អឹកៗ។
៦. ខ្ញុំស្រឡាញ់ដួងចន្ទ្រាមានពោធិធំ
ជីដូនខ្ញុំប្រាប់ដូច្នេះមកជាញឹក
មើលទៅឃើញមានឫសគល់ដើមមែកស្លឹក
ក្រោមពោធិព្រឹក្សដូនចាស់រវៃអំបោះ។
៧. ខ្ញុំស្រឡាញ់ដួងចន្ទ្រាហៅសសាង្ក
ព្រះឥន្ទ្រស្អាងរូបទន្សាយទុកនៅនោះ
រលឹកកាលពោធិសត្វគិតសង្គ្រោះ
ព្រាហ្មណ៍ដោយស្ទុះលោតចូលភ្លើងជាអាហារ។
៨. ខ្ញុំស្រឡាញ់ដួងស្រឡាញ់ដួងចន្ទ្រាហៅលោកខែ
នៅស្រុកខ្មែររាជពិធីដ៏ថ្លៃថ្លា
អកអំបុកងើយមើលចំដួងចន្ទ្រា
បន់ទេពតា សូមខេមរាបានថ្កើងថ្កាន។
៩. ខ្ញុំស្រឡាញ់ដួងចន្រ្ទានៃកវី
ក្នុងរាត្រីនាំអារម្មណ៍ឲ្យក្សេមក្សាន្ត
ខ្លួនរំភើបហាក់អណ្តែតទៅឆ្ងាយបាន
ភ្លេចខ្លួនប្រាណសប្បាយតាមកាំរស្មី។
១០. ខ្ញុំតូចចិត្តនឹងពួកអ្នកវិទ្យាសាស្រ្ត
ម្តេចក៏ផ្តាសធ្វើកាំជ្រួចបាញ់ពីដី
ចង់ទៅយកដួងព្រះចន្ទពិភពថ្មី
ហេតុចង់ល្បីខ្ចាយកេរ្តិ៍ឈ្មោះបោះនាមា។
១១. ខ្ញុំមិនចង់ឲ្យមនុស្សលោកសុទ្ធហ្មងសៅ
ដូចធ្យូងខ្មៅទៅប្រឡាក់ដួងចន្ទ្រា
ដែលបរិសុទ្ធផុតមន្ទិលផងនានា
គួរបូជាស្រឡាញ់ស្មោះពីហឫទ័យ។
១២. ឱសែនស្តាយដួងចន្ទ្រាជាសាកល
ដែលតែងផ្តល់គ្រប់បំណងដោយប្រពៃ
ម្តេចឡើយអ្នកវិទ្យាសាស្រ្តគិតបំភ្លៃ
យកចន្ទ្រថ្លៃជាកម្មសិទ្ធិឲ្យសៅហ្មង។
កំណាព្យ បុប្ផាខ្មៅ ដោយ គយ សារុន ភ្នំពេញ ២២ មិថុនា ១៩៦៥
វាយអត្ថបទដោយ គេហទំព័រសាលារៀន salarean.com
