ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

គន្លឹះ​ក្នុង​ការ​សន្សំ​ប្រាក់

"​សន្សំ​ប្រាក់? តើបាន​ប្រាក់​មក​ពី​ណា​សន្សំ​ បើ​ចាយ​មួយ​ខែ​ៗ​មិន​ទាំង​គ្រប់​ផង​?" នេះ​ជា​ពាក្យ​ដែល​លេច​ឡើង​ភ្លាម​ៗ​ក្នុង​ចិត្ត​របស់​មនុស្ស​ទូទៅ​ កាល​ណា​គេ​និយាយ​ពី​រឿង​សន្សំ​ប្រាក់។ ប្រសិន​បើ​យើង​ទុក​ពាក្យ​នេះ​ក្នុង​ចិត្ត​នោះ​យើង​ប្រាកដ​ជា​មិន​អាច​សន្សំ​ ប្រាក់​បាន​ជា​ដាច់​ខាត។ សុភាសិត​ខ្មែរ​មួយ​ពោល​ថា "ទូក​ធំ ក្តោង​ធំ" មាន ​ន័យ​ថា​ចំណូល​ច្រើន​ ចំណាយ​ក៏​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។ ដូច្នេះ​ទោះ​ជា​​យើង​រក​ប្រាក់​បាន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ ព្រោះ​យើង​នឹង​ចំណាយ​កាន់​តែ​ច្រើនឡើង​ទៅ​តាម​ខ្ទង់​ចំណូល។

ចូរ​ធ្វើ​បញ្ជី​ចំណាយ​ប្រចាំ​ថ្ងៃ រួច​បូក​សរុប និង​ពិនិត្យ​ជា​រៀងរាល់​សប្តាហ៍ ហើយ​ចោទ​សួរ​ខ្លួន​ឯង​ថា​តើ​ចំណាយ​អ្វី​ខ្លះ​ដែល​ចាំ​បាច់​ខាន​មិន​បាន និង​តើ​ចំណាយ​អ្វី​ខ្លះដែល​អាច​កាត់​ចោល​បាន។ ចំណាយ​ណា​ដែល​កាត់​បាន​ យើង​ដក​ប្រាក់​ដែល​ធ្លាប់​ចំណាយ​នោះមក​សន្សំវិញ។ តើ​អ្នក​បរិភោគ​អាហារ​ ក្រៅ​ផ្ទះ​ញឹក​ញាប់ទេ? តើ​អ្នក​អាច​កាត់​ចំណាយ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ចេញ​បាន​ទេ (ដូចជា​ កាហ្វេ សុរា បារី ។ល។) ? តើ​សេវាកម្ម​អ្វី​ខ្លះ​ដែល​អ្នក​មិន​ត្រូវការ​ចំាបាច់ (​ទូរទស្សន៍​ខ្សែ​កាប) ?

ចូរ​ផ្ទេ​ប្រាក់​ខែ​ជា​ស្វ័យ​ប្រវត្តិ​មួយ​ចំណែក​ចូល​ក្នុង​គណនី ​សន្សំ។ ចូរ​ចង​ចាំថា​ធម្មជាតិ​ជា​មនុស្ស​មាន​ប្រាក់​ក្នុង​ដៃ​កាន់​តែ​ច្រើន​កាន់​ តែ​ចង់​ចំណាយ។ ដូច្នេះ​បើ​ប្រាក់​ជាប់​ក្នុង​គណនី​សន្សំ​ ពិបាក​ដក​ចេញ ឬ​មិន​អាច​ដក​ចេញ ក៏​មិន​ងាយនឹង​ចំណាយ​ផ្តេស​ផ្តាស​ដែរ។

ប្រសិន​បើ​អ្នក​​ ឡើង​ប្រាក់​ខែ ឬ​ទទួល​​បាន​ប្រាក់​រង្វាន់ ចូរ​យក​ប្រាក់​ដែល​ទទួល​បាន​នោះ​ដាក់​ក្នុង​គណនី​សន្សំ​ ព្រោះ​កន្លង​មក​អ្នក​ប្រើ​តែ​ប្រាក់​ខែ​ចាស់​ក៏​អាច​ទូទាត់​ចំណាយ​ជីវភាព​ គ្រប់​គ្រាន់​ទៅ​ហើយ។

គ្រប់​សាច់​ប្រាក់​បន្ថែម​ដែល​អ្នក​ទទួល​បាន​ពី​ប្រភព​ផ្សេង​ដោយ​ការ​ ធ្វើ​សេវាកម្ម​របស់​អ្នក​ ឬ​ដោយ​សារមូល​ហេតុ​ណាមួយ ចូរ​ដាក់​ចូល​ក្នុង​គណនី​សន្សំទាំង​អស់​ ឬ​មួយ​ចំណែក​ណា​នោះ។

ប្រាក់​ដែល​ធ្លាប់​សង​បំណុល​គេជា​រៀង​រាល់​ខែ​ លុះ​សង​ដាច់​ហើយ ចូរ​ដាក់​ប្រាក់​នេះ​ចូល​ទៅ​ក្នុង​គណនី​សន្សំ។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​សន្សំ​សំចៃបន្ថែម​ទៀត​៖

- ចូរ​បិទ​អំពូល​ភ្លើង​ ប្រសិន​បើ​អ្នក​មើ​ល​ទូរទស្សន៍​ ដើម្បី​សន្សំ​សំចៃ​ភ្លើង។ កុំ​បើក​ភ្លើង​ចោល។ បន្ទប់​ណា​ដែល​យើង​មិន​ប្រើ​ ឬ​ចេញ​ក្រៅ​បន្ទប់​​ ចូរ​បិទ​ភ្លើង (សូម្បី​តែ​បន្ទប់​ទឹក)។

- ចូរ​ជ្រើស​រើស​ប្រភេទ​អំពូល​ភ្លើង​ដែល​ស៊ី​ភ្លើង​តិច។

- កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​ទូរស័ព្ទ​ ចូរ​ប្រើ​តែ​សេវាកម្ម​ណា​ដែល​ចាំបាច់បាន​ហើយ។

- ប្រើ​ចាន កែវ ក្រណាត់ ជា​ជាង​ផ្លាស្ទិច ព្រោះ​របស់​ទាំង​នេះ​អាច​លាង​សំអាត​និង​យក​មក​ប្រើ​ម្តង​ទៀត​បាន​ តែ​ផ្លាស្ទិច​ត្រូវ​ទិញ​ថ្មី​ជា​ប្រចាំ។

- បិទ​ទ្វា​បង្អួច បាំង​កុំ​ឲ្យ​ពន្លឺ​ចាំង​ចូល​ក្នុង​ផ្ទះ ព្រោះ​វា​ធ្វើ​ឲ្យ​ក្តៅ ហើយ​ម៉ាស៊ីន​ត្រជាក់​​ខំ​ដើរ​កាន់​តែ​ខ្លាំង ស៊ី​ភ្លើង​អស់​កាន់​តែ​ច្រើន។

- ដាំ​ដើម​ឈើ​ផ្តល់​ម្លប់​ដល់​ផ្ទះ ជួយ​កាត់​បន្ថយ​ចំណាយ​ម៉ាស៊ីន​ត្រជាក់។

- ពេល​បើក​បរ​ជៀស​វាង​កន្លែង​កក​ស្ទះដើម្បី​កុំ​ឲ្យ​ចំណាយ​សាំង​ច្រើន។

- កុំ​ចូល​ហាង​បាយ​ពេល​កំពុង​ឃ្លាន​ខ្លាំង។

- សិក្សា​ពី​របៀប​គ្រប់​គ្រង​ចំណាយ

គេហទំព័រ​សាលារៀន salarean.com