ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

លក្ខណៈស្រ្តី​គ្រប់​លក្ខណ៍​



ស្រ្តី​ដែល​ប្រកប​ដោយ​លក្ខណៈ​៣១​យ៉ាង​ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍ៈ

១.​ មិនចេះ​អេចអូច​និយាយ​ដើម​គេ​។

២.​ ចេះ​គួរសម​ក្រោក​ទទួល​មាតា​បិតា​និង​ស្វាមី​។

៣.​ ដឹង​គុណ​ តប​គុណ​ មាតា​បិតា​ញាតិ​សន្តាន​ ទាំង​​ពីរ​ខាង​។

៤.​ មិន​ចេះ​ដេក​ថ្ងៃ​។

៥. ​មិន​ភ្លី​ភ្លើ​ភ្លេច​មុខ​ភ្លេច​ក្រោយ​។

៦.​ ចេះ​ថែ​ទាំរបស់​ទ្រព្យ​។

៧.​ មិន​ផិត​ក្បត់​ស្វាមី​។

៨.​ មិន​ចេះ​ប្រច័ណ្ឌ​ស្វាមី​។

៩.​ គ្មាន​កលមាយា​។

១០.​ មិន​រំសាយ​សក់​ឲ​គេ​ឃើញ​។

១១ .​ មាន​ចិត្ត​អត់​ធន់​ធ្ងន់​ធ្ងរ​។

១២.​ មាន​ជើង​ស្រាល​មិន​ដើរ​តន្ត្រំ​ក្តុង​ក្តាំង​។

១៣.​ មិន​ឈរ​ឬ​អង្គុយ​សំញែង​កាយ​ឲ​គេ​ឃើញ​។

១៤.​ មិនដើរ​ញ៉ិកញ៉ក់​កាច់​រាង​។

១៥.​ ចេះ​សង្រួម​ភ្នែក​មិន​ក្រឡេក​រឡេម​រឡាម​។

១៦.​ មាន​ដំណើរ​ល្អ​ មិន​គ្រលែង​កាយ​ចំទយ​គូទ​។

១៧.​ មិន​បង់​បោយ​ញាក់​ស្មា​ គ្រលែង​ដើម​ដៃ​។

១៨.​ មាន​សំឡេង​តិច​​ច្បាស់លាស់​ មិន​និយាយ​ឡូ​ឡា​។

១៩.​​ មិន​ចេះ​ឡេះ​ឡោះ​លេង​សើច​។

២០.​ មិន​និយាយ​ផ្តោះ​ផ្តង​ចំពោះ​បុរស​និង​ស្រ្តី​។

២១.​មិន​ទំរន់​ ធ្វើ​ការ​ណា​ធ្វើ​ទាល់​តែ​ហើយ​ការ​នោះ​។

២២.​ ទៅទីណា​ឆាប់​ត្រឡប់​វិញ​ មិន​ញៀន​អង្គុយ​ផ្ទះ​គេ​។

២៣.​ ចេះ​ទុក​ដាក់​ឥវ៉ាន់​ក្នុង​ពេល​គួរ​ទុក​ដាក់​។

២៤.​ ចេះ​រៀប​ចំ​ផ្ទះ​សំបែង​។

២៥.​ ចេះ​តុបតែង​គ្រឿង​ឧបភោគ​បរិភោគ​។

២៦.​ ខ្លាច​ចិត្ត​ស្វាមី​មាតាបិតា​ ហើយ​គោរព​តាម​ឱវាទ។

២៧.​ បរិភោគ​ចំណី​អាហារ​ ក្រោយ​ស្វាមី​និងមាតា​បិតា​។

២៨.​ ឈប់​បរិភោគ​ មុន​ស្វាមី​និង​មាតា​បិតា​។

២៩.​ ដេក​លក់​ក្រោយ​ស្វាមី​។

៣០.​ ភ្ញាក់​មុន​ស្វាមី​។

៣១.​ មាន​មេត្តា​ករុណា​ចេះ​ធ្វើ​បុណ្យ​ទាន​។

ស្ត្រី​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​៣១​នេះ​ ហៅ​ថា​ស្រី​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​ទេ​មាន​ខ្វះ​ខាត​ខ្លះ​ហៅ​ថា​ស្រី​ខាត​លក្ខណ៍​ បើ​មាន​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះ​រដាច់​រដោច​ហៅ​ថា​ស្រី​ដាច់​លក្ខណ៍​ឬ​មី​កំដាច់​លក្ខណ៍​។

(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ សុជី​វធម៌​ប្រចាំ​គ្រួសារ​ និពន្ធ​ដោយ​លោក​ សុង​ ស៊ីវ​ បោះ​ពុម្ព​ផ្សាយ​ឡើង​វិញ​ដោយ​ គីម​ ប៊ុន​ថន​)

វាយ​អត្ថបទ​ឡើង​វិញ​ដោយ គេហទំព័រ​សាលារៀន salarean.com