ក្បួនរក្សាសុខភាពដោយមិនប្រើឱសថរបស់អ្នកប្រាជ្ញ Leonardo Da Vinci
លេអូណាដូ ដា វីនស៊ី (Leonardo Da Vinci) គឺជាអ្នកប្រាជ្ញដ៏ល្បីល្បាញជាងគេមួយរូបក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លេអូណាដូ ដា វីនស៊ី ល្បីទាំងខាងវិទ្យាសាស្ត្រ និងសិល្បៈ។ ស្នាដៃដ៏ល្អឯក និងល្បីល្បាញ ខាងសិល្បៈ រួមមានដូចជាផ្ទាំងគំនូរ ម៉ូណា លីហ្សា (Mona Lisa) ជាដើម។ លេអូណាដូ ដា វីនស៊ី បានបន្សុលទុកនូវស្នាដៃច្រើនរាប់មិនអស់សម្រាប់មនុស្សជំនាន់ក្រោយ។ គេស្គាល់លោកច្បាស់តាមរយៈកំណត់ហេតុផ្ទាល់ខ្លួនរបស់លោកដែលមានកម្រាស់រាប់ពាន់ទំព័រ។ កំណត់ហេតុរបស់លោកមានលក្ខណៈសិល្បៈរួសរវើក មានទាំងគំនូរ និងគំនិតទាំងឡាយដែលលោកស្រាវជ្រាវឃើញ។ ក្នុងចំណោមកំណត់ហេតុទាំងនោះ មានកំណត់ហេតុមួយដែលមានកម្រាស់ ១៨ សន្លឹក ត្រូវបានក្រុមហ៊ុន Microsoft ទិញយកកាល់ពីឆ្នាំ ១៩៩៤ ក្នុងតម្លៃ ជាង ៣០ លានដុល្លារសហរដ្ឋអាមេរិក។
មេរៀនជីវិតនិងគំនិតច្នៃប្រឌិតរបស់ លេអូណាដូ ដា វីនស៊ី មានតម្លៃសម្រាប់មនុស្សគ្រប់ជំនាន់។ ចំពោះបញ្ហាសុខភាព លោក លេអូណាដូ ដា វីនស៊ី យល់ថាជំងឺកើតចេញពីភាពមិនស្រុះស្រួលនៃកត្តាខាងក្នុងពោលគឺចិត្ត ឬអារម្មណ៍។ ដើម្បីព្យាបាលជំងឺ គេត្រូវកែតម្រូវឲ្យកត្តាខាងក្នុងចុះសម្រុងគ្នាឡើងវិញ។ លោកផ្តល់យោបល់ដូចខាងក្រោមដើម្បីថែរក្សាសុខភាព៖
- ត្រូវយល់ដឹងពីកំហឹង ហើយជៀសវាងកុំឲ្យធ្លាក់ចូលក្នុងស្ថានភាពទុក្ខព្រួយ
- ចេះសម្រាកខួរក្បាល និងរក្សាទឹកចិត្តស្រស់ថ្លាជានិច្ច
- ដណ្តប់ភួយឲ្យបានល្អនៅពេលយប់
- ធ្វើលំហាត់ប្រាណសមល្មម
- យកចិត្តទុកដាក់លើម្ហូបអាហារ
- បរិភោគនៅពេលឃ្លាន ហើយបរិភោគអាហារពេលល្ងាចឲ្យតិច
- ពេលបរិភោគរួច ចូររក្សាដងខ្លួនឲ្យត្រង់
- ជៀសវាងនៅជាមួយមនុស្សធាត់ដុះក្បាលពោះ
- លាយស្រាជាមួយទឹក ចូរផឹកតិចតួចបានហើយ ហាមផឹកក្រៅពីពេលបរិភោគ ឬពេលគ្មានអាហារក្នុងពោះ
- បរិភោគអាហារងាយរលាយ (បន្លែ)
- ទំពារអាហារឲ្យល្អិត
- ទៅបន្ទប់ទឹកឲ្យបានទៀតទាត់!
ប្រែសម្រួលដោយគេហទំព័រសាលារៀន salarean.com
ប្រែសម្រួលចេញពីសៀវភៅ How to Think like Leonardo Da Vinci, Seven Steps to Genius Everyday និពន្ធដោយ Michael J. Gelb
