កត្តា ៥ យ៉ាង នាំឲ្យខួរក្បាលរឹងមាំល្អ
ខួរក្បាលជាចំណែកដ៏សំខាន់ជាងគេបំផុតមួយរបស់មនុស្ស។ មនុស្សគ្រប់រូបតែងប្រាថ្នាចង់បាននូវខួរក្បាលល្អ។ ខួរក្បាលល្អមានប្រយោជន៍សម្រាប់ការសិក្សារៀនសូត្រ ការច្នៃប្រឌិត និងការប្រកបរបរគ្រប់ប្រភេទ។ ដើម្បីឲ្យខួរក្បាលមាំមួនល្អគេគួរពិចារណាកត្តាសំខាន់ទាំងប្រាំខាងក្រោម៖
១. ការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងសង្គម៖ តាមការស្រាវជ្រាវបង្ហាញថា ការប្រាស្រ័យទាក់ទងក្នុងសង្គមមានប្រយោជន៍សម្រាប់សុខភាពនិងជួយកាត់បន្ថយបញ្ហាភ្លេចភ្លាំង។ ការទំនាក់ទំនងក្នុងសហគមន៍ជាកត្តាចំបងទីមួយដែលជួយឲ្យខួរក្បាលនៅតែរឹងមាំ។
២. សកម្មភាពរាងកាយ៖ សកម្មភាពរាងកាយជួយបង្កើនចលនាកន្ត្រាក់នៃបេះដូង។ ខួរក្បាលត្រូវការប្រមាណជា ២៥ % នៃ ឈាម អុកស៊ីសែន និងជាតិស្ក ដែលកើតឡើងពីចលនាបេះដូង។ ដូច្នេះច្បាស់ណាស់ថាសកម្មភាពរាងកាយជួយធ្វើឲ្យខួរក្បាលមានសុខភាពល្អ។
៣. សកម្មភាពខួរក្បាល៖ ខួរក្បាលក៏ដូចជាសរីរាង្គផ្សេងទៀតនៃរាងកាយដែរ គឺត្រូវមានសកម្មភាពទើបមានកម្លាំងនិងសុខភាពល្អ។ គេគួរទម្លាប់ប្រើខួរក្បាលគិតពិចារណា វិភាគ ដោះស្រាយ ...។ល។ ប្រការនេះធ្វើឲ្យខួរក្បាលសកម្មនិងរឹងមាំល្អ។
៤. សម្រាក៖ គេគួររកពេលវេលាស្ងប់ស្ងាត់ សម្រាកទាំងចិត្ត និងកាយ។ ធ្វើបែបនេះធ្វើឲ្យខួរក្បាលស្ស្រឡះល្អ និងមានថាមពលឡើងវិញ។ គួរជៀសវាង ប្រើប្រាស់ខួរក្បាលហួសហេតុពេក (ការប្រើខួរក្បាលល្មមមានប្រយោជន៍ចំពោះសុខភាពខួរក្បាល ប៉ុន្តែការប្រើហួសហេតុនឹងបណ្តាលឲ្យខួរក្បាលមានបញ្ហា)។
៥. អាហារូបត្ថម្ភ៖ អាហារមានឥទ្ធិពលមកលើមុខងារខួរក្បាល និងអាចកែប្រែ របៀបគិត អារម្មណ៍ និងទង្វើរបស់មនុស្ស។ គេគួរជ្រើសរើសតែអាហារណាដែលមានប្រយោជន៍ដល់ខួរក្បាល និងជៀសវាងអាហារបំផ្លាញខួរក្បាលនិងសុខភាព។
ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com
