ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

គន្លឹះ​បង្កើន​ភាព​ជោគជ័យ​ក្នុង​អាជីព

មនុស្ស​ម្នាក់​ៗ​តែង​​ប្រាថ្នា​ចង់​ទទួល​បានជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន​។ ជាការ​ពិត​ គេ​មិន​អាច​ធ្វើការ​តែ​មួយ​កន្លែង​អស់​មួយ​ជីវិត​បាន​ទេ​។ គេ​ត្រូវ​ផ្លាស់​ប្តូរ​ពី​អាជីព​មួយ​ទៅ​អាជីព​មួយ​ទៀត​នៅ​ពេល​ណាមួយ​ជា​ចាំបាច់។​ ជោគជ័យ​ក្នុង​អាជីព​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង​ តែ​កត្តា​ដែល​សំខាន់​ជាង​គេ​ គឺ​ការ​ចេះ​ត្រៀម​លក្ខណៈ​ និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​ស្រប​តាម​បរិការ​សង្គម​បច្ចុប្បន្ន​។ គន្លឹះ​មួយចំនួន​ខាង​ក្រោម​អាច​ជា​ជំនួយ​ស្មារតី​ក្នុង​ការ​បង្កើន​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់អ្នក​៖

១. យក​ចិត្ត​ទុកដាក់​សរសេរ​ប្រវត្តិ​រូប​របស់​អ្នក​ (CV) ឲ្យ​ត្រូវ​តាម​បទ​ពិសោធន៍​ ជាពិសេស​ស្នាដៃ​ទាំង​ឡាយ​ដែល​អ្នក​សម្រេច​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​។ ប្រៀបធៀប​លក្ខណៈ​សម្បត្តិ​ដែល​អ្នក​មាន​ ជាមួយនឹង​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន​តើ​​មាន​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​បំពេញ​បន្ថែម​ ឬ​ចំនុច​ណា​ខ្លះ​អ្នក​មាន​គុណសម្បត្តិ​ពិសេស​ជាង​មនុស្ស​ទូទៅ។

២. រឹត​ចំណង​ទាក់​ទង​ជាមួយ​ជន​មាន​ឥទ្ធិពល​ក្នុង​អង្គភាព​។ អ្នក​គួរ​ចំណាយ​ពេល​ប្រាស្រ័យ​ទាក់​ទង​ឲ្យ​បាន​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ពួកគេ​។ នេះ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​អាច​ឲ្យ​អ្នក​ឈាន​ទៅ​កាន់​មុខ​តំណែង​ខ្ពស់​ជាង​មុន​ ព្រោះ​បើ​មាន​មុខ​តំណែង​ណា​ទំនេរ​ ពួក​គេ​មុខ​តែ​នឹង​គិត​ដល់​អ្នក​មុន​គេ។



៣. ឧស្សាហ៍ប្រាស្រ័យ​ទាក់​ទង​និង​ស្គាល់​មនុស្ស​ថ្មី​ៗ​ខាង​ក្រៅ​អង្គភាព​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ទៅ​បី​នាក់​ក្នុង​មួយ​ខែ​។ នៅ​ពេល​ទំនាក់​ទំនង​មាន​ភាព​ជិត​ស្និទ្ធ​ហើយ​អ្នក​អាច​សុំ​រាប់​អាន​មិត្ត​ភក្តិ​ឬ​អ្នក​ផ្សេង​ទៀត​ដែល​ពួក​គេ​ស្គាល់​បន្ថែម​ទៀត​។

៤. ចូល​រួម​កម្មវិធី​ផ្សេង​ៗ​ក្នុង​វិស័យ​របស់​អ្នក​ រួច​នាំ​យក​ព័ត៌មាន​មក​ចែក​រំលែក​ជាមួយ​សហការី​។

៥. ធ្វើ​ខ្លួន​ឲ្យ​សក្តិសម​ជា​អ្នក​មាន​វិជ្ជា​ជីវៈ​។ ចូរ​យក​ចិត្ត​ទុក​ដាក់​លើ​ សម្លៀក​ បំពាក់​ គ្រឿង​តុប​តែង​ ..​. ។ល។ លៃ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ឃើញ​ថា​អ្នក​ជា​បុគ្គល​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ និង​ជា​អ្នក​អាជីព។

៦. អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ ជា​ពិសេស​ជំនាញ​ទំនាក់​ទំនង និង​ចិត្ត​សាស្ត្រ​មនុស្ស​។

៧. ត្រួត​ពិនិត្យ​មើល​ការ​រីក​ចម្រើន​របស់​ខ្លួន​ជា​ប្រចាំ​។​

រៀប​រៀង​ដោយ សាលារៀន salarean.com