រឿងក្មេងកំព្រានិងព្រះចៅផែនដី
មានក្មេងកំព្រាម្នាក់រស់នៅស៊ីឈ្នួលលាងចានឲ្យគេ។ ក្មេងនោះជាក្មេងឧស្សាហ៍ធ្វើការជារៀងរាល់ថ្ងៃ និងទទួលបានប្រាក់ខែជាទៀតទាត់។ សម័យថ្ងៃមួយព្រះចៅផែនដីទតឃើញក្មេងនោះកំពុងលាងចាន ស្តេចត្រាស់សួរថា "ចៅឯងស៊ីឈ្នួលសព្វថ្ងៃនេះ មានប្រាក់ប៉ុន្មានហើយ?" ។ ក្មេងនោះឆ្លើយថា "សព្វថ្ងៃនេះខ្ញុំមានស្មើគ្នានឹងស្តេចផែនដី" ។ ស្តេចត្រាស់ថា "ការស៊ីឈ្នួលគេក្នុងលោកនេះ គឺការស៊ីឈ្នួលលាងចានជាការទាបថោកបំផុត ម្តេចចៅឯងអួតខ្លួនថាមានសម្បត្តិស្នើយើងជាម្ចាស់ផែនដីផ្ទៃ ក្រោមនេះ" ។
ក្មេងនោះក៏អត្ថាធិប្បាយថា "ខ្ញុំស៊ីឈ្នួលគេសព្វថ្ងៃនេះក្នុងមួយខែគេឲ្យ ៥-៦ កាក់ក៏ពិតមែន តែការទទួលទានបាយក៏ត្រឹមមួយឆ្អែត ទទួលទានដំណេកក៏ត្រឹមមួយពេល ឯស្តេចមានទ្រព្យសម្បត្តិរាប់មិនអស់នោះសោត ក្នុងមួយថ្ងៃក៏គង់សោយព្រះក្រយាស្ងោយត្រឹមតែមួយឆ្អែតដូចគ្នា នឹងសោយឲ្យលើសពីនោះទៅក៏ទេ កាលដែលទ្រង់ផ្ទុំសោតក៏ត្រឹមតែមួយពេលដូចគ្នា នឹងលើសលែងពីនេះទៅក៏ទេ ហេតុនេះទើបខ្ញុំថា ខ្លួនខ្ញុំមានសម្បត្តិស្មើម្ចាស់ផែនដីដែរ" ។ ស្តេចបានស្តាប់ពាក្យក្មេងដែលយក១ឆ្អែតជាប្រមាណរួចហើយទ្រង់យល់ ថាពិត ថាមែនប្រាកដណាស់ ទ្រង់ពិចារណាមើលហេតុទៅក៏ពុំខុសអំពីគ្នា គឺអ្នកក្រក៏ស៊ីត្រឹមតែមួយឆ្អែត អ្នកមានក៏ស៊ីត្រឹមតែមួយឆ្អែតដូចគ្នា ស្តេចមានព្រះទ័យស្រឡាញ់ពាក្យក្មេងនេះក្រៃពេក ទើបទ្រង់ប្រទានមាសប្រាក់សម្ពត់ខោអាវឲ្យក្មេងនោះ ហើយទ្រង់ចារឹកពាក្យក្មេងនោះ ហៅថា ពាក្យអ្នកប្រាជ្ញក្នុងលោកនេះ។
គតិលោកភាគ ២ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
សាលារៀន salarean.com
