រឿងឆ្មាស្រុកនិងចាបស្រុក
មាន ឆ្មាស្រុក១ និងចាបស្រុក១ ម្ចាស់ចិញ្ចឹមជាមួយគ្នា។ ថ្ងៃមួយមានចាបព្រៃមួយចូលមកជេរប្រមាថចាបស្រុកដែលជាប់ក្នុង ទ្រុង។ ចាបទាំងពីរក៏កើតជម្លោះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។ ឆ្មាស្រុកដែលនៅក្បែរនោះបានឮហើយ ខឹងនឹងចាបព្រៃយ៉ាងខ្លាំងដែលមកឈ្លោះនឹងចាបស្រុកដែលជាសំលាញ់ របស់ខ្លួនក៏រកឧបាយចាប់ចាបព្រៃស៊ីជាចំណី។ លុះបានស៊ីហើយឆ្មាគិតក្នុងចិត្តថា យីសាច់អាចាបនេះឆ្ងាញ់ណាស់តើ។ ចាប់ពីពេលនោះមកឆ្មាស្រុកញ៉ាមនឹងសាច់ចាបព្រៃហើយដើររកចាប់ ស៊ីរៀងៗពេលមក។ ថ្ងៃមួយឆ្មាដើររកចាប់ចាបព្រៃមិនបានសោះ ក៏កើតចិត្តហែកទ្រុងចូលចាប់ចាបស្រុកស៊ីជាចំណី។
រឿងនេះបាន គតិដល់មន្រ្តីធំដែលមិនដែលកេងប្រវ័ញ្ចលើរាស្ត្រម្តងសោះ ដល់បានកេងប្រវ័ញ្ចម្តងហើយ ក៏កើតចិត្តញ៉ាមអត់មិនបាន
លុះក្រោយមកសូម្បីតែសាច់ញាតិឯកក៏មិនយល់មុខដែរ ដូចឆ្មាស្រុកចាប់ស៊ីសំលាញ់ខ្លួនឯងនេះឯង។
គតិលោកភាគ៦ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
សាលារៀន salarean.com
