រឿងកូន៤នាក់មិនបម្រើឪពុក
ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ គាត់មានកូនប្រុស៤នាក់មានអាយុគ្រប់ការទាំងអស់។
ក្រោយពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយកូនប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយថែទាំរបស់ទ្រព្យកំប៉ិចកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសារស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
ឆ្នាំក្រោយៗមក រំលងមួយឆ្នាំមួយ គាត់ការកូនប្រុសបន្តបន្ទាប់នឹងចែកទ្រព្យសម្បត្តិឲ្យមួយចំណែក ម្នាក់ៗ។ គាត់សល់តែផ្ទះមួយខ្នងមិនចែកឲ្យកូនមួយណាទេទុកនៅជុំគ្នា។ គាត់បែងចែកទ្រព្យដូច្នេះដោយនឹកគិតថា ឲ្យវាស្រឡះខ្លួនព្រោះខ្លួនចាស់ហើយទុកឲ្យកូនៗគេរកស៊ីចិញ្ចឹម វិញ។ ប៉ុន្តែគំនិតគាត់នេះខុសស្រឡះ។ កូនៗទាំងបួនរបស់គាត់កាលពីនៅលីវ រស់នៅចុះសង្រុងនឹងគ្នាណាស់ ស្រឡាញ់បងប្អូន គិតគូរឪពុក។ លុះមានប្រពន្ធរៀងៗខ្លួនក៏បែកគំនិតផ្សេង រួមរស់នឹងគ្នាមិនសូវសុខ។ ក្រោយមកក៏ទៅរកសង់ផ្ទះនៅកន្លែងផ្សេងរៀងៗខ្លួន។
កាលកូនទាំង៤នាក់ទើបនឹងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណី តាឪពុកបន្តិបន្តួចរាល់ថ្ងៃ។ លុះមានកូនខ្ចីគ្រប់គ្រប់គ្នា និងជួនជាបុរសជាប្តីចេញទៅជួញស្រុកឆ្ងាយផង ភរិយានៅផ្ទះអាងតែប្តីមិននៅនិងអាងខ្លួនមានកូនខ្ចីផងក៏ បង្អង់ ជូនបាយទឹកឪពុកក្មេក ខ្លះទៀតក៏ប្រចាំគ្នាគិតថាប្រហែលជាប្អូនៗ ឬបងៗគេជូនបាយទឹកឪពុកក្មេកហើយ។ កូនប្រសារនាំគ្នាគិតតែដូច្នេះទៅ តាអត់បាយ១ពេលក៏មាន ២ពេលក៏មាន។
តាពោះម៉ាយរងទុក្ខវេទនាពន់ពេក ខ្វះសម្លៀកបំពាក់ ខ្វះអាហារ ជួនដល់ថ្នាក់សុំទានគេ។
កាលនោះមានបុរសម្នាក់ជាអ្នកមានចិត្តសប្បុរស ហើយជាអ្នករៀនសូត្រចេះដឹងស្គាល់គុណទោសច្រើន រស់នៅភូមិជិតគ្នានឹងតាពោះម៉ាយ។ ដោយឃើញសេចក្តីទុក្ខវេទនារបស់តា បុរសម្នាក់នោះបានសួរនាំដឹងដំណើររឿងសព្វគ្រប់ ក៏ប្រាប់ឧបាយមួយដែលអាចជួយឲ្យតាបានរស់សុខកាយសប្បាយចិត្តដូច ពីដើមវិញ។ បុរសប្រាប់ឲ្យតា រកពាងមាត់តូចល្មមមួយជុះអាចមន៍និងនោមឲ្យពេញ ហើយរកកំណាត់សំពត់រុំមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានគេដើរមកឲ្យតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់មាសមួយពាងកប់ទុក ពុំចែកឲ្យកូនណាឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ ខ្ញុំនឹងប្រគល់ឲ្យកូននោះ។
តាចាស់ក៏ធ្វើតាមបណ្តាំចៅសប្បុរសទាំងអស់។ លុះបានប្រហែល៥ថ្ងៃសំដីតានោះបានឮដល់កូនប្រុសនិងកូនប្រសាទាំង អស់។ វាមានចិត្តលោភចង់បានកំណប់តែរៀងៗខ្លួនក៏នំាគ្នាយកបាយម្ហូប ចំណីផ្លែឈើទុំខ្ចីគ្រប់មុខ និងខោអាវជូនផ្គាប់ផ្គុនឪពុករៀងរាល់ថ្លៃ ពុំមានខ្វះថ្ងៃមួយណាឡើយ។ តាចាស់បានជាសះស្បើយសាច់ឈាមស្រស់បស់ មានកម្លាំពលំ សុខកាយសប្បាយចិត្ត តាំងពីថ្ងៃនោះមករហូតដល់អស់អាយុ។ លុះស្លាប់ហើយ កូនៗក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួចស្រេច។
កូនទាំង៤នាក់និងកូនប្រសារគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ក៏ទៅអញ្ជើញគ្រូហ្មម្នាក់ឲ្យមកជួយចែក។ និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាងផ្អៀងចាក់ឈូរមក "ទឹកមាំត្រាំលាមកច្រើនខួប" ហូរឆស្រោចលើក្បាលលោកគ្រូពេញទំហឹង ហើយខ្ទាត់បាចសាចចេញទៅគ្រប់ទិស ប្រឡាក់ប្រឡូសពេញមុខមាត់និងសំពត់អាវរហូតដល់នាងៗទាំង៤នាក់ ទៀត។ ........ លោកគ្រូស្រែកជេរទៅកូនទាំង៤នាក់ និងកូនប្រសាថា "ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយក្លាយទៅជាអាចមន៍នោមប្រឡាក់ខ្លួនអញ អស់ដូច្នេះយី! ....៕
ប្រជុំរឿងព្រេងខ្មែរភាគ៤
សាលារៀន salarean.com
