ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​ភ្នែក​ចៅហ្វាយ​នាយ​

មាន​ក្តាន់​មួយ​ត្រូវ​គេ​ដេញ​ ក៏​រត់​មក​សុំ​គោ​ជ្រក​នៅ​នឹង​ក្រោល​ជាមួយ​ផង​  ហើយ​និយាយ​អង្វរ​ពួក​គោ​ថា​ “​នែ​បង​ទាំង​ឡាយ​​!​ សូម​បង​មេត្តា​កុំ​ ឲដំណឹង​ដល់​គេ​រាល់​គ្នា​ អំពើ​ដែល​បង​ទាំង​ឡាយ​បាន​ធ្វើ​ដើម្បី​ជួយ​លាក់​ ខ្ញុំ​នៅ​ទីនេះ​ មិន​មែន​គ្មាន​ប្រយោជន៍​ឡើយ​ ហើយ​មិននាំ​ឲ​មាន​ការ​ស្តាយ​ ក្រោយ​ទេ​ ព្រោះ​ខ្ញុំ​ស្គាល់​កន្លែង​មាន​ស្មៅ​ខ្ចី​លាស់​ល្អ​ជាង​កន្លែង​ឯ​ ទៀត​”​។​

ពួក​គោ​បាន​សន្យា​ជួយ​បំបិទ​បំបាំង​រឿង​នេះ​ មិន​ឲ្យ​​អ្នក​ណា​ដឹង​។

ក្តាន់​លាក់​ខ្លួន​ពួន​អាត្មា​នៅ​ត្រង់​កន្លៀត​មួយ​ជា​សុខ​។ ពេល​ល្ងាច​ គេ​យក​ស្មៅ​ខ្ចី​និង​ចម្បើង​មក​ដាក់​ឲ​គោ​ស៊ី​ជា​រៀង​រាល់​ថ្ងៃ​។​ គេ​ទៅ​  គេ​មក​ ពួក​ឈ្មួញ​ទាំង​ប៉ុន្មាន​ដើរ​មួយ​រយ​ជុំ​ គ្មាន​នរណា​ម្នាក់​បាន​ ឃើញ​ក្តាន់​សោះ​។ ក្តាន់​មាន​សេចក្តី​ត្រេក​អរ​ចំពោះ​គោ​ពន់​ពេក​ ហើយ​នឹក​ ថា​ ចាំពេល​ណា​ស្រួល​ គឺ​ពេល​ដែល​គេ​ចេញ​ភ្ជួរ​ស្រែ​ នឹង​លួច​រត់​ចេញ​ទៅ​ ព្រៃ​។ គោ​មួយ​ទំពារ​អៀង​បណ្តើរ​និយាយ​ថា​ ​“ដូច​សព្វ​ថ្ងៃនេះ​ស្រួល​ហើយ​  តែ​ប្រយ័ត្ន​កុំ​ឲ​មនុស្ស​ភ្នែក​១រយ​មកត្រួត​មើល​ ខ្ញុំ​មាន​សេចក្តី​ បារម្ភ​ជួស​បង​ក្តាន់​ឯ​ង​ម្ល៉េះ​ទេ​ ខ្លាច​ក្រែង​មនុស្ស​ហនឹង​មក​ តាំង​ពី​ ដើម​ដល់​ពេល​នេះ​ល្អ​ហើយ​ ​តែ​បង​ឯ​កុំ​អាល​ទុក​ចិត្ត​ឲសោះ​”។

គ្រាន់ ​តែ​គោ​នេះ​និយាយ​ចប់​ភ្លាម​ ម្ចាស់​ទ្រព្យ​មក​ដល់​​ ដើរ​ពិនិត្យ​មើល​ហើយ​ សួរ​កូន​ឈ្នួល​ថា​ “​ហេតុ​អ្វី​ក៏​ដូច្នេះ? ចុះ​ស្មៅ​ក៏តិច​ម្ល៉េះ​នៅ​ត្រង់ ​នេះ! នែ!​ចម្បើង​នេះ​ចាស់​រលួយ​អស់​ហើយ​ ចូរ​ឯង​ទៅ​យក​ចម្បើង​ថ្មី​ៗ​ឆាប់​ មក​ ​ពី​ថ្ងៃ​នេះ​ទៅ​ត្រូវ​ខំ​ថែ​សត្វ​ពាហនៈ​ ឲ​ល្អ​មែន​ទែន​ ​អញ​មិន​ចង់​ ឃើញ​សោះ​កខ្វិក​កខ្វក់​ ចុះ​បើ​បោស​សរសៃពីង​ពាង​ចេញ​ តើ​វា​នឿយ​ហត់​ ប៉ុន្មាន​ទៅ គ្មាន​ចេះ​រៀប​ចំ​នឹម​និង​ខ្សែទាម​ទុក​ឲ​ល្អ​សោះ​”​។​ កំពុង​តែ ​រមឹលមើល​ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​ក្បាល​មួយ​ ប្លែក​ពី​ក្បាល​គោ​ធម្មតា​ គេ ​ក៏​ស្គាល់​ជាក់​ថា​ជា​ក្តាន់​។ ដំបូង​មួយ​ម្នាក់​សំពង​​ក្តាន់​ស្លាប់​ទៅ។

គ្មាន​អ្វី​ពូកែ​ជាង​ភ្នែក​ចៅ​ហ្វាយ​នាយ​ទេ​។​

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀប​រៀង)