រឿងចចកនិងកូនចៀម
កូនចៀមមួយរកចុះផឹកទឹកនៅមាត់ស្ទឹងមួយ ទឹកយ៉ាងថ្លា។ ចចកដែលអត់អាហារយូរថ្ងៃហើយដើរ ស្វែងរកចំណី មកប្រទះកូនចៀមនៅទីនេះដែរ។ ចចកកំញើញកូនចៀមថា “ អាណាបើកអំណាចឲ្យអាឯងមកកកូរទឹកអញល្អក់ដូច្នេះ អាឯង ព្រហើនឥតពិចារណា អាត្រូវទោសឥឡូវមិនខានឡើយ។
កូនចៀមក៏ឆ្លើយថាៈ សូមទ្រង់ព្រះមេត្តាប្រោស សូមកុំមានព្រះហឫទ័យខ្ញាល់អ្វីឡើយ សូមទ្រង់ពិនិត្យសំគាល់មើលសិន ដែលទូលព្រះ បង្គំចូលមកផឹកនេះ គឺនៅឆ្ងាយពីទ្រង់ប្រមាណ២០ជំហាន ហើយក្រោម ទឹកផង ហេតុដូច្នេះ ទូលបង្គំធ្វើដូចម្តេច នឹងអាចធ្វើឲ្យល្អក់ទឹក ទ្រង់បាន។
ចចកស្រែកគំហកថែមទៀតថាៈ អាឯងហ្នឹងធ្វើឲ្យល្អក់!
ហើយម្យ៉ាងទៀតពីឆ្នាំទៅ អាឯងនិយាយដើមអញ អញដឹងច្បាស់។
កូនចៀមឆ្លើយទៀតថាៈ ទូលបង្គំនិយាយដើមដូចម្តេចកើត បើទូលបង្គំមិនទាន់ទាំងកើតផង សព្វថ្ងៃទូលបង្គំនៅបៅដោះម្តាយនៅឡើយ ។
បើមិនមែនអាឯង ក៏បងអាឯងដែរ!
ទូលបង្គំគ្មានបងទេ។
បងប្អូនសាច់ញាតិអាឯងគ្មានឬអ្វី អាឯងរាល់គ្នានេះមិនដែល សន្តោសអញម្តងសោះទេ អ្នកគង្វាលអាឯងក្តី ឆ្កែអាឯងក្តី ពេលនេះ ត្រូវតែអញសងសឹកវិញ។
គ្រាន់តែពោលប៉ុណ្ណេះចចកមិនបាច់ជជែកវែកញែកតទៅទៀតឲ្យយូរការព្រោះឃ្លានពេក ក៏ស្ទុះខាំកូនចៀមយកចូលព្រៃបរិភោគតាមអំពើចិត្ត។
រឿងនេះបានជាគតិថាៈ ការយល់ឃើញរបស់អ្នកមានអានុភាព តែងត្រូវទុកជាប្រសើរទាំងអស់។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបចំ)
