ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​ម្ចាស់​ផ្ទះ​ និង​បុរស​សុំ​សំចត​

មាន​និទាន​មួយ​ដំណាល​ថាៈ មាន​បុរស​ម្នាក់​ទើ​ប​នឹង​សង់​ផ្ទះ​ហើយ​ថ្មី​ៗ គាប់​ជួន​មាន​បុរស​ម្នាក់​ទៀត​មក​សុំ​សំណាក់​នឹង​ផ្ទះ​នោះ។ ឯ​ចៅ​ម្ចាស់​ផ្ទះ​ក៏​ព្រម​ឲ្យ​សំចត​ ហើយ​នៅ​រួម​ជាមួយ​គ្នា​ក្នុង​ផ្ទះ​នោះ​ទៅ។ ចៅ​សុំសំចត​លុះ​នៅ​បាន​យូរ​បន្តិច ក៏​រាប់​អស់​គ្រឿង​ផ្ទះ គឺ​រនូត រនាប​ រណប បង្កង់​ ដៃ​ណែង ផ្ទោង ផ្លាន​មាន​តំណ​ឥត​តំណ​ នូវ​ស្លឹក​ប្រក ធ្នូ​សព្វ​គ្រប់​ កំណត់​សំគាល់​ទុក​ជា​ចំណាំ។ លុះ​នៅ​អំឡុង​បាន​​១​ខែ​ទៅ ចៅ​ម្ចាស់ផ្ទះ​ក៏​និយាយ​ថា​ "​ចៅ​មក​នៅ​សំចត​នឹង​អញ​នេះ​យូរ​អង្វែង​ហើយ ចូរ​ចៅ​ទៅ​ស្រុក​ចៅ​វិញ​ចុះ អញ​នឹង​យក​ឪពុក​ម្តាយ​ យក​បង​ប្អូន​អញ​មក​នៅ"។ ចៅ​សុំ​សំចត​ឆ្លើយ​ថា "​ផ្ទះ​នេះ​ជា​ផ្ទះ​របស់អញ ម្តេច​ក៏​ចៅ​ថា ជា​ផ្ទះ​របស់​ចៅ​ទៅ​វិញ"​។ ចៅ​ទាំង​ពីរ​នាក់​ឈ្លោះ​ទាស់​ទែង​ដណ្តើម​ផ្ទះ​គ្នា ក៏​នាំគ្នា​ទៅ​ប្តឹង​ចៅ​ក្រម​ឲ្យ​ជំនុំ​ជម្រះ។ ចៅ​ម្ចាស់​ផ្ទះ​ប្តឹង​ថា "​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ខ្ញុំ​ប្របាទ​ទើប​សង់​ថ្មី ចៅ​នេះ​ចូល​មក​សុំ​សំចត​អស់​អំឡុង​១​ខែ ពុំ​ព្រម​ចេញ សូម្បីខ្ញុំ​ប្រ​បាទ​ប្រាប់​ឲ្យ​ចេញ ថែម​ទាំង​ចៅ​នេះ​ប្រកាន់យក​ផ្ទះ​របស់​ខ្ញុំ​ប្របាទ​ថា​ជា​ផ្ទះ​របស់​ខ្លួន​ ផង​ទៀត​"​។ ចៅ​សុំ​សំចត​ប្តឹង​ថា​ "ផ្ទះ​នេះ​ខ្ញុំ​ប្របាទទើប​សង់​ថ្មី ចៅ​នេះ​មក​សុំ​សំចត​អក់​ អំឡុង​១​ខែ ហើយ​ដណ្តើម​យក​ផ្ទះ​នេះ​អំពី​ខ្ញុំ​ប្របាទសូម​ទាន​មេត្តា​ប្រោស បើ​ចៅ​នេះ​ប្រកាន់​ថា​ជា​ផ្ទះ​របស់​ខ្លួន តើ​ចៅ​នេះ​ដឹង​ទេ​អស់​ទាំង​គ្រឿង​ផ្ទះនោះ គឺ​រនូត​ រនាប​ បង្កង់ ខ្លួន ស្លឹក​ប្រក់​ផ្ទះ​ មាន​ប៉ុន្មាន?​"​ ។

ម្ចាស់​ផ្ទះ​ឆ្លើយ​ថា "​ខ្ញុំ​ប្របាទ​ពុំ​បាន​រាប់​ទេ តែ​ផ្ទះ​នេះ​ពិត​ជា​ផ្ទះ​របស់​ខ្ញុំ​ប្របាទ​ប្រាកដ​មែន"​ ។ ចៅ​ក្រម​ក៏​ដណ្តឹង​សួរ​ទៅ​ចៅ​សុំ​សំចត​ថា "បើ​ចៅប្រកាន់​ថា​ជា​ផ្ទះ​របស់​ចៅ​ តើ​ចៅ​ដឹង​ទេ​ថា​គ្រឿង​ផ្ទះ​នេះ​មាន​ប៉ុន្មាន? "​ ។ ចៅ​សុំ​សំចត​ហេតុ​តែ​បាន​កត់​សំគាល់​ចំណាំ​ទុក​ពី​មុនមក​ស្រេច​ក៏​ឆ្លើយ​ ត្រូវ​ទាំង​អស់។ ចៅ​ក្រម​យល់​ថា "​ប្រហែល​ជា​ចៅ​នេះ​ជា​ម្ចាស់​ផ្ទះ​មែន បាន​ជា​ចាំ​បាន​សព្វ​គ្រប់​ទាំង​អស់​គ្រឿង​ផ្ទះ" ទើប​កាត់​សេចក្តីឲ្យ​ទៅ​ចៅ​សុំ​សំចត​នោះ។ ឯ​ចៅ​ម្ចាស់​ផ្ទះ​ពុំ​សុខ​ចិត្ត​ឡើយ ទើប​នាំ​រឿង​នេះ​ទៅក្រាប​បង្គុំ​ទូល​ព្រះ​មហា​ក្សត្រ។

ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះចិន្តា​ថា "​ហេតុ​អ្វីក៏​ចៅមួយ​នេះ​ចាំ​អស់​គ្រឿង​ក្នុង​ផ្ទះ​សព្វគ្រប់​ម្ល៉េះ?​" ហើយ​ទ្រង់​ត្រាស់​សួរ​ថា​ "​អើ! ចៅ​ចាំ​គ្រឿង​ផ្ទះ​បាន​ហ្មត់​ចត់​ល្អ​ណាស់ តែ​ឯ​ជើង​សសរ​ខាង​ក្នុង​រណ្តៅ​នោះ​តើ​មាន​អ្វី​ខ្លះ​ឬ​ទេ?" ។ ទើប​ទ្រង់​ត្រាស់​សួរ​ទៅ​ចៅ​ម្ចាស់​ផ្ទះថា "​បើ​ចៅ​ថា​ផ្ទះ​នេះ​ជា​របស់​ចៅ តើ​ចៅ​បាន​ដាក់​អ្វី​នូវ​ជើង​សសរ​ខ្លះដែរ​ឬ​ទេ?" ។ ចៅ​ម្ចាស់​ផ្ទះ​ក្រាប​ទូល​ថា "​រណ្តៅ​ខាង​ជ្រុង​អគ្នេយ៍​នោះ ជា​ទី​មាន​ភក់​ដី​ទន់​ជ្រាយ ទើប​ទូល​ព្រះ​បង្គំជា​ខ្ញុំ យក​ឈើ​​១​កំណាត់ ដាក់​នៅ​បាត​សសរ ដើម្បី​កុំ​ឲ្យ​ថា​ស្រុត"​ ។ ទ្រង់​ត្រាស់ថា "​បើ​ថា​ដូច្នេះ​ត្រូវ​ទៅ​ជីក​ជើង​សសរ​នោះ​មើល តើ​មាន​មែន​ឬទេ?​ " ។ លុះ​ជីក​ទៅក៏​បាន​ឃើញ​កំណល់​កល់​ជើង​សសរ​នោះ​​មែន ទើប​ទ្រង់​ត្រាស់វិនិច្ឆ័យ​ថា "​ហេតុ​តែ​ផ្ទះ​នោះ​ជា​របស់​ចៅ​នោះ​មែន បាន​ជា​ចំណាំ​ដល់​ក្នុង​ដី ឯ​ចៅ​១​នោះ​មិន​មែន​ជា​ម្ចាស់​ផ្ទះ​ទេ បាន​ជា​ចាំ​បាន​តែ​គ្រឿង​ខាង​លើ ពុំ​ដឹង​ដល់​ខាង​ក្នុង​ដី ហេតុ​នេះ​ត្រូវ​បាន​ដល់​ចៅ​ដែល​ដឹង​ដល់​គ្រឿង​ផ្ទះ​ក្នុងដី ឯ​ចៅ​១​នោះ​ជា​អ្នក​បោក​គេ ត្រូវ​មាន​ទោស នឹង​ត្រូវ​ពិន័យ​តាម​ច្បាប់​"​ ។

ចៅ​ទាំង​២​នាក់​ក៏​សុខ​ចិត្ត ហើយ​ក្រាប​បង្គំ​ទៅ​កាន់​លំនៅ​របស់​ខ្លួន​ទី​ទៃ​ហោង។

(​ស្រង់​ចេញ​ពី​ប្រជុំ​រឿង​ខ្មែរ​ភាគ​៣ រឿង​ព្រេង​ទាក់​ទង​នឹង​ការ​កាត់​សេចក្តី​)