ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង​

មាន​និទាន​មួយ​ដំណាល​ថាៈ មាន​បុរស​៤​នាក់​គិត​គ្នា​នឹង​រក​ភូមិ​ដាំ​ដើម​ដូង បុរស​ទាំង​៤​នាក់​ ក៏​បណ្តើរ​គ្នា​ទៅ​ដល់​ភូមិ​មួយ​មាន​ស្រះ​៤ ទើប​បុរស​ទាំង​បួន​យក​ដូង​ទៅ​ដាំ​កណ្តាល​ភូមិនោះ ហើយ​បុរស​ទាំង​៤​តៅ​រក្សា​ដូង​នោះ បុរស​ម្នាក់​នៅ​ខាង​កើត​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​លិច​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​ជើង​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​ជើង​ដើម​ដូង បុរស​ម្នាក់​នៅ​ខាង​ត្បូង​ដើម​ដូង ហើយ​បុរស​ទាំង​៤​នោះ តែង​ទៅ​ដង​ទឹក​មក​ស្រោច​ដូង​នោះ ជាសព្វ​ថ្ងៃ។ បុរស​នៅ​ឯ​កើត​ទៅ​ដង​ទឹក​ស្រះ​ខាង​កើត បុរស​នៅ​ឯ​លិច​ទៅ​ដង​ទឹក​នៅ​ស្រះ​ខាង​លិច​ បុរស​នៅ​ឯជើង​ទៅ​ដង​ទឹក​នៅ​ស្រះ​ខាង​ជើង​ បុរស​នៅ​ឯ​ត្បូង​ទៅ​ដង​ទឹក​ស្រះ​ខាង​ត្បូង ស្រះ​ទាំង​៤​នោះ​សឹង​មាន​ចម្ងាយ​ស្មើ​គ្នា​។ លុះ​ដូង​ផ្លែ​៥ បុរស​ទាំង​៤​បេះ​ផ្លែ​ដូង​៥​ មក​ចែក​គ្នា​​១​ម្នាក់​នៅ​សល់​ផ្លែ​ដូង​១ ក៏​ដណ្តើម​គ្នា​ហើយ​នាំ​ទៅ​គាល់​ព្រះ​មហាក្សត្រ​ ក្រាប​បង្គុំ​ដោយ​ដំណើរ​ទីទៃៗ​។​​

ព្រះ​មហា​ក្សត្រ​ទ្រង់​ពិចារណ​ថា "​ចៅ​ទាំង​៣​នាក់​សឹង​ព្រួយ​ស្មើ​ៗ​គ្នា តើ​ចៅ​ម្នាក់​ខាង​កើត​ដើម​ដូង​នោះ ព្រួយ​លើស​គេ​ ពិបាក​លើស​គេ​បន្តិច ព្រោះ​ព្រឹក​ព្រហាម​ឡើង​បុរស​នោះ​ ចេញ​ទៅ​ដង​ទឹកស្រះ​ ព្រះ​អាទិត្យ​ចាំង​ចំ​ពី​មុខ លុះ​ដង​ទឹក​បាន​ហើយ​វិល​មក​ខាង​លិច​ថ្ងៃ​រសៀល​ចាំង​ចំ​ពី​មុខ បុរស​នោះ​ដើរ​ច្រាស​ថ្ងៃ​ទៅ​វិញ​ទៅ​មក​ដូច្នេះ ទើប​ផ្លែ​ដូង​២​​ត្រូវ​បាន​ទៅ​ចៅ​នៅ​ខាង​កើត​នោះ​ឯង។​ ព្រះ​អង្គ​កាត់​សេចក្តី​ដូច្នេះ​ហៅ​ថាសុគតិ​គម​នំ​ហោង។

(​ស្រង់​ចេញ​ពី​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​៣ ទាក់​ទិន​នឹង​រឿង​កាត់សេចក្តី​)