ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​មាន​កូន​៤​នាក់​រៀន​វិជ្ជា​៤​បទ

មាន​បុរស​ម្នាក់​មាន​កូន​ប្រុស៤​នាក់ បាន​សិក្សា​វិជ្ជា​៤​បទ ស្ទាត់​ជំនាញ​រៀង​ខ្លួន​ គឺ​ម្នាក់​ចេះ​ស៊ី ម្នាក់​ចេះ​ដេក ម្នាក់​ចេះ​កាត់​ក្តី ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង​៤​នាក់​ទៅថ្វាយ​ស្តេច ក្រាប​ទូល​អំពី​វិជ្ជា​កូន​នីមួយៗ​ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ​ ។ ស្តេច​ទ្រង់​ទទួល​រក្សា​ទុក ។ ថ្ងៃ​មួយ​ស្តេច​ទ្រង់​ពិសោធន៍​បុរស​ម្នាក់​ដែល​ចេះ​ស៊ី​ជា​មុន​ឲ្យ​រៀប​ ភោជនាហារ​ជាច្រើន​មុខ ។ បុរស​នោះ​ក៏​បរិភោគ​តាម​ព្រះ​រាជ​បញ្ជា ដល់​ទៅ​សម្ល​មួយ​មុខ​ដែល​ស្តេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក​ក្នុង​នោះ បុរស​នោះ​មិន​បរិភោគ ។ ស្តេច​សួរ​បុរស​នោះ​ថា «​ហេតុ​ម្តេច​បាន​ជា​ចៅ​ឯង​មិន​បរិភោគ​សម្ល​នេះ ?» ។

បុរស​ក្រាប​ទូល​ ថ្វាយ​ថា «​សម្ល​នេះ​មាន​ទឹក​ឆៅ​មួយ​ក្រចក​នៅ​ក្នុង​នោះ​បាន​ជា​ទូល​បង្គំ​ជា​ខ្ញុំ​ មិន​ទទួល​ព្រះ​រាជ​ទាន» ។ ស្តេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា​ «​បុរស​នេះ​ចេះ​វិជ្ជា​ខាង​ស៊ី​ស្ទាត់​មែន​» ។ អំពី​នោះ​ទៅ​ស្តេច​ទ្រង់​ពិសោធន៍បុរស​ចេះ​ដេក​ទៀត ទ្រង់​ឲ្យ​រៀប​ទី​កន្លែង​យ៉ាង​ស្អាត​ មាន​ពូក​កម្រាល​ក្រាល​ពី​លើ​ ។ ស្តេច​យក​សក់​មួយ​សរសៃ​ទៅ​ដាក់​ក្រោម​កម្រាល​ លើ​ពូក​នោះ​ដល់​ពេល​យប់​ទ្រង់​ហៅ​បុរស​នោះ​ឲ្យ​ទៅ​ដេក​ ។ បុរស​ប្រះ​ទៅ​ក្រោក​ឡើង​វិញ​ភ្លាម ។ ស្តេច​ទ្រង់​សួរ​ថា «​ហេតុ​ម្តេច​បាន​ជា​ដេក​ហើយ​ក្រោក​វិញ​?» ។ បុរស​នោះ​ក្រាប​ទូល​ថា​ «​មាន​សក់​មួយ​សរសៃ​នៅ​ក្នុង​ដំណេក​នោះ​បាន​ជា​ទូល​ព្រះបង្គំ​ជា​ខ្ញុំ​ ក្រោក​» ស្តេច​ទ្រង់​នឹង​សរសើរ​ក្នុង​ព្រះ​ទ័យ​ថា «​បុរស​នោះ​ស្ទាត់​ខាង​ វិជ្ជា​ដេក​ប្រាកដ​មែន​» ។ ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​ស្លាប់​នៅ​កណ្តាល​វាល​ គ្មាន​ភិន​ភាគ​ស្លាក​ស្នាម​អ្វី​នៅ​រូប​កាយ​នោះ​សោះ ។ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​តុលាការ​មុខ​ក្រសួង​ស៊ើប​សួរ​រកហេតុ​នោះ​ ក៏​ពុំ​ឃើញ​ទ្រង់​ព្រះ​វិតក្ក​ក្នុង​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​នឹក​ឃើញ​បុរស​ដែល​ចេះ​វិជ្ជា​ខាង​ផ្លូវ​តុលាការ​នោះ​ ក៏​មាន​ព្រះ​រាជ​ឱង្ការ​ហៅ​ចូល​មក​ ហើយ​ទ្រង់​ចាត់​ប្រើ​ឲ្យ​ទៅ​ស៊ើប​រក​ពី​រុទ្ធ​ រឿង​នោះ ។ បុរស​នោះ សូម​ព្រះ​រាជា​នុញ្ញាត​អំណាច​ក្នុង​វេលា​ដែល​ស៊ើប​សួរ​យក​ការណ៍​នោះ ។​ ស្តេច​ក៏​ព្រះ​រាជ​ទាន​ពរ​តាម​សុំ ។ បុរស​នោះ​ចេញ​ទៅ​ដល់កន្លែង​ដែល​បុរស​នោះ​ស្លាប់ ចាត់​ការ​ហៅ​អ្នក​ស្រុក​មក​ប្រជុំ​មិន​ឲ្យ​សល់​ម្នាក់ ហើយ​បុរស​នោះ​ហាម​ប្រាម​ថា​ «​ក្នុង​វេលា​ថ្ងៃ​ស្អែក​នេះ​មិន​ឲ្យ​ទៅ​ណា​មក​ណា​ក្រៅ​ពី​ភូមិ​ខ្លួន​ទេ ឲ្យ​ចូល​ទៅ​ទាំង​អស់​គ្នា​មើល​គេ​ធ្វើ​បុណ្យ​រំលាយ​សព​បុរស​​អនាថា​ដែល​ ស្លាប់​នៅ​កណ្តាល​វាល​ស្រែ លើក​តែ​មនុស្ស​ខ្វាក់​ខ្វិន​មិន​ត្រូវ​ឲ្យ​ទៅ​មើល ក្រៅ​ពី​នោះ​ទាំង​ប្រុស​ទាំង​ស្រី ក្មេង​ចាស់​ត្រូវ​ចូល​ទៅ​មើល​ទាំង​អស់​» ។ ខណៈ​ដែល​រៀប​ចំ​រំលាយ​សព​បុរស​នោះ​ បុរស​ជា​អ្នក​ស៊ើប​​សួរ​ បាន​ចាត់​មនុស្ស​ជា​ច្រើន​នាក់​ ដែល​បាន​ពន្យល់​ពី​កិច្ច​ហេតុ​ដែល​យក​ការណ៍​ក្នុង​រឿង​នោះ​ បើ​ឃើញ​ឈ្មោះ​ណា​ប្រកប​ នឹង​កិច្ច​ដែល​បាន​ពន្យល់​នោះ​ឲ្យ​យក​ឈ្មោះ​នោះ​មក​ ប្រគល់​ឲ្យ​បុរស​ជា​នាយ​មួយ​រំពេច​ ។ ពេល​ភ្លើង​ឆេះ​ពេញ​កម្លាំង​មាន​ស្រី​ក្រមុំ​ម្នាក់​ស្រក់​ទឹក​ភ្នែក​ច្រោក​ ។ បុរស​ជា​អ្នក​គយ​គន់​មើល​ហេតុ ក៏​នាំ​ខ្លួន​នាង​នោះ ទៅ​ស៊ើប​សួរ​ដំណើរ​ដែល​នាង​យំ​នោះ ដោយ​យោ​បល់​ដ៏​ល្អិត ។ នាង​ក្រមុំ​រក​ផ្លូវ​គេច​កែ​ដោយ​សារ​ទៅ​ពុំ​បាន ក៏​ប្រាប់​បុរស​នោះ​តាម​ត្រង់​ថា «​ខ្លួន​នាង​ក្រមុំ​បាន​សហាយ​នឹង​បុរស​ដែល​ស្លាប់​ ទើប​នឹង​បាន​គ្នា​ក្នុង​យប់​ដែល​ ស្លាប់​នោះ​ថា ដំណើរ​ដែល​ស្លាប់​នោះ​គ្មាន​នរណា​វាយ​ដំ​ធ្វើ​បាប​អ្វី​ទេ​ គឺ​វេលា​ចូល​ដំណេក​បុរស​នោះ​ប្រើ​នាង​ឲ្យ​ទៅ​រក​ទឹក​ផឹក​ នាង​ក្រមុំ​មិន​ហ៊ាន​ចេញ​ឯ​ក្រៅ​ខ្លាច​ឪពុក​​ម្តាយ​ដឹង​ក៏​យក​ផ្ទិល​ត្រង​ ទឹក​ភ្លៀង​ដែល​ហូរ​ធ្លាក់​តាម​ស្បូវ​ប្រក់​ផ្ទះ​ នោះ​ឲ្យ​ផឹក លុះ​ផឹក​ហើយ​ក៏​បណ្តាល​ឲ្យ​ដល់​នូវ​មរណៈ​ក្នុង​ខណៈ​នោះ​ទៅ ។ បុរស​ដែល​ជា​អ្នក​ស៊ើប​សួរ​ក៏​យល់​ច្បាស់​ក្នុង​ចិត្ត​ថា​ «​នាង​ក្រមុំ​នេះ​មិន​មាន​សន្តាន​ចិត្ត​ជា​ទុច្ចរិត​និង​បុរស​ស្លាប់​នោះ​ទេ ព្រោះ​ទើប​ស្រឡាញ់​គ្នា​បាន​ជួប​គ្នា​ក្នុង​ខណៈ​នេះ​ប្រាកដ​ជា​មាន​សត្វ​ អាសិរ​ពិស​អ្វី​នៅ​លើ​ដំបូល​ផ្ទះ​នោះ បាន​បណ្តាល​ឱ្យ​បុរស​នោះ​ស្លាប់​» ។ បុរស​ជា​នាយ​ទើប​ចាត់​ឲ្យ​ទៅ​មើល​ លើ​ដំបូល​ផ្ទះ​នោះ​ឃើញ​ពស់នាគ​រាជ​មួយ​នៅ​ចំ​ពី​លើ​ល្វែង​ដែល​នាង​ក្រមុំ​ នោះ​ដេក ។ បុរស​ជា​នាយ​ក៏​វាយ​ពស់​នាគ​រាជ​នោះ​យក​ទៅ​ថ្វាយ​ស្តេច ក្រាប​ទូល​តាម​ដំណើរ​ហើយ​ដោះ​លែង​នាង​ក្រមុំ​នោះ​ទៅ​ដោយ​វិនិច្ឆ័យ​ថា «​ហេតុ​ដែល​បណ្តាល​ឱ្យ​បុរស​នោះ​ស្លាប់​ មក​អំពី​ផឹក​ទឹក​ភ្លៀង​លាយ​ដោយ​ពិស ពស់​នាគ​រាជ​ដែល​នាង​ក្រមុំ​នោះ​ត្រង​មក​ឱ្យ​ផឹក​ដោយ​ចេតនា ។ ស្តេច​ក៏​ទ្រង់​សរសើរ​ថា «​បុរស​ជា​នាយ​ចេះ​ស្ទាត់​ក្នុងការស៊ើប​សួរ​ខាង​ផ្លូវ​តុលាការ​មែន​» ។

ថ្ងៃ​មួយ​ក្រោម​មក​មាន​សេដ្ឋី​ម្នាក់​ស្លាប់ សេដ្ឋី​នោះ​មាន​ប្រពន្ធ​ក្មេង​ល្អ ។ នាង​នោះ​ប្តេជ្ញា​ថា «​មិន​យក​ប្តី​ទៀត​ទេ​» ។ ដំណឹង​នោះ​ជ្រាប​ដល់​ស្តេចៗ​ទ្រង់​ឱ្យ​នាហ្មឺន​សព្វ​មន្ត្រី​ទៅ​ចង់​នាង​មេ​ ម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី​នោះ​ ។ នាហ្មឺន​ទាំង​អស់​ទៅ​ចង់​មិន​បាន ។ ស្តេច​ទ្រង់​គិត​ថា​ នាង​នេះ​ប្រហែល​ជា​មិន​យក​ប្តី​ ដូច​ដំណើរ​ដែល​ទ្រង់​ជ្រាប​នោះ​មែន តែ​ទ្រង់​គិត​ក្នុង​ព្រះ​រាជ​ឫហទ័យ​ថា «​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​នោះ​ប្រហែល​ជា​មិន​ពេញ​សេចក្តី​ប្រាថ្នា​ នាង​មេ​ម៉ាយ​ទេ បើ​អង្គ​អញ​ប្រហែល​ជា​នាង​ព្រម​» ក៏​ទ្រង់​យាង​ទៅ​កាន់​ផ្ទះ​នាង​មេ​ម៉ាយ​នោះ ហើយ​ទ្រង់​ឱ្យ​ប្រាប់​នាង​ថា​ «​ល្ងាច​នេះ​យើង​មក​​ផ្ទំ​នឹង​នាង​ ឱ្យ​នាង​រៀប​ចំ​ទីកន្លែង​ចាំ​ទទួល​» ។ ពេល​ល្ងាច​នាង​រៀប​ក្រឡា​ព្រះ​បន្ទំ ហើយ​តែង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​កើត​ស្រែង​នៅ​ខ្លួន​រចនា​ដោយ​គ្រឿង​ ប្រដាប់​សំរាប់​តាក់​តែង​រូបកាយ​ស្រី​ គឺ​គ្រឿង​មាស​ពេជ្រ​និង​គ្រឿង​ក្រអូប​គ្រប់​ប្រដាប់ ហើយ​ឱ្យ​នាង​នោះ​ចូល​ទៅ​ក្នុង​ទី​ក្រឡា​ព្រះ​បន្ទំ​ដែល​រៀប​ចំ​ទទួល​ស្តេច​ តាម​ព្រះ​រាជឱង្ការ ។ ដល់​ស្តេច​យាង​មក​ដោយ​ទ្រង់​បាន​ពិនិត្យ​សព្វ​គ្រប់​ក៏​ទ្រង់​យល់​ថា «​ទី​នេះ​ជាទី​នាង​មេ​ម៉ាយ​មែន​បាន​ជា​មនុស្ស​ទាំង​ឡាយ​មិន​ហ៊ាន​មក​នៅ​ទី​ នេះ​» ក៏​ទ្រង់​ដាក់​ព្រះ​អង្គ​គង​ឯប​ដោយ​សំគាល់​ថា​ នាង​មេ​ម៉ាយ​ហើយ​ទ្រង់​ផ្ទំ​ជា​មួយ​នាង​នោះ​ រួច​ហើយ​ទ្រង់​កំណត់​ព្រះ​ចិន្តា​ថា​ «​អញ​មក​ចង់​នាង​នេះ​បាន​ហើយ​» ។ ដើម្បី​ឱ្យ​ឃើញ​ ជា​ភស្តុតាង​ដល់​ភ្នែក​អ្នក​ទាំង​ពួង​ផង ស្តេច​ក៏​ទ្រង់​ខាំ​ថ្ពាល់​នាង​នោះ​ជា​សំគាល់ រួច​ទ្រង់​យាង​មក​ព្រះ​បរម​រាជ​វាំង​ «​ព្រឹក​ស្អែក​នេះ​ឱ្យ​នាង​ចូល​ទៅ​គាល់ស្តេច​កុំ​ខាន​» ។ ទ្រង់​យាង​ដល់​ព្រះ​បរម​រាជ​វាំង​ក៏​ទ្រង់​មាន​ព្រះ​រាជឱង្ការ​ប្រាប់ អស់​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ថា​ «ព្រះ​អង្គ​យាង​ទៅ​ចង់​​នាង​នោះ​បាន មាន​ទាំង​សំគាល់​ស្នាម​ព្រះ​ទន្ត​នៅ​ថ្ពាល់នាង​នោះ​ផង ហើយ​ទ្រង់​បាន​ប្រាប់​ឱ្យ​ចូល​មក​គាល់យក​ទាំង​ស្រី​បំរើ​ដែល​តាក់​តែង​កាយ​ ទទួល​ស្តេច​ពី​យប់​នោះ​មក​ជា​មួយ​ផង​ លុះ​ចូល​មក​គាល់​ក៏​អង្គុយតាម​មុខ​ក្រោយ​ នាង​មេ​ម៉ាយ​អង្គុយ​មុខ ​ស្រី​បំរើ​អង្គុយ​ក្រោយ ។ ស្តេច​ឱ្យ​នាហ្មឺន​ទៅ​ពិនិត្យ​មើល​កន្លែង​ដែល​សំគាល់​ដែល​ទ្រង់​បាន​ ប្រាប់ហើយ​នោះ ។ លុះ​ភ្នាក់​ងារ​ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​ទៅ​ពិនិត្យ​ត្រឡប់​មក​ទូល​ស្តេច​ វិញ​ថា «​នាង​អង្គុយ​ក្រោយ​នោះ​មាន​ស្នាម​នៅ​ថ្ពាល់​ជា​សំគាល់​ដោយ​ធ្មេញ ឯ​នាង​មេ​ម៉ាយ​គ្មាន​ស្នាម​អ្វី​ជា​សំគាល់​ទេ​» ។ ស្តេច​ក៏​តូច​ព្រះ​រាជ​ហឫទ័យ​ដោយ​សេចក្តី​ធ្វេស​មិន​បាន​ពិនិត្យ​ជា​មុន​ក៏​ ទ្រង់​ព្រះ​ចិន្តា​ត្រឹះ​រិះ​ទៅ​ឃើញ​ថា «​នាង​នេះ​ជា​ស្រី​មាន​ប្រាជ្ញា​នឹង​រក​អ្នក​ឯណា​ទៅ​ចង់​នាង​បាន​» ក៏​ទ្រង់​នឹក​ដល់​បុរស​ដែល​ជា​អ្នក​ស្ទាត់​ខាង​វិជ្ជា​ចង់​ស្រី ក៏​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ឱ្យ​ចូល​មក​គាល់​ ។ ស្តេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ​សួរ​ទៅ​បុរស​នោះ​ថា​ «​ឯង​ទៅ​ចង់​នាង​មេម៉ាយ​ជា​ប្រពន្ធ​សេដ្ឋី​បាន​ឬ​ទេ? បើ​ឯង​ត្រូវ​ការ​វត្ថុ​អ្វី​ទ្រង់​ព្រះ​រាជ​ទាន​ទាំង​អស់​» ។​ បុរស​នោះ​ក្រាប​ទូល​ថា​ «​ទទួល​តាម​បន្ទាល់​ដោយ​មិន​ចាំ​បាច់​យក​វត្ថុ​ ជាឧបត្ថម្ភ​ទៅ​ទេ សុំ​តែ​សំពត់​ផាឌិប​ចាស់​យក​ទៅ​ស្លៀក​ពាក់ ហើយ​នឹង​ឆ្អឹង​គោ​មួយ​ថោ វេច​ខ្ចប់​ជាប់​ទៅ​នឹង​ខ្លួន​តែ​ប៉ុណ្ណោះ ។

ឯ​នាង​ មេ​ម៉ាយ​ជា​ប្រពន្ធ​ខ្មោច​សេដ្ឋី វេលា​ដែល​ត្រឡប់​ពី​គាល់​ស្តេច​វិញ​ ក៏​រៀប​សាលា​ធ្វើ​បុណ្យ​ខ្មោច​សេដ្ឋី​ជា​ប្តី រំលាយ​សព​រួច​ស្រេច រើស​ធាតុ​យក​មក​ខ្ចប់​តម្កល់​លើ​សាលា​បុណ្យ​ឆ្លង​ ។ វេលា​យប់​នោះ​ បុរស​ដែល​ទទួល​ព្រះ​រាជ​ឱង្ការ​បាន​ទៅ​ដល់​លើ​សាលា​ដែល​នាង​មេ​ម៉ាយ​ធ្វើ​ បុណ្យ​ខ្មោច​ប្តី​ ដែល​នឹង​ស្រេច​នៅ​វេលា​ព្រឹក​ស្អែក​នោះ​ដល់​ ហើយ​ធ្វើ​ជា​យំ​សោក​នឹក​ខ្មោច​ប្រពន្ធ​ស្លាប់ ដែល​មាន​ធាតុ​ស្ពាយ​ជាប់​ខ្លួន​ផង ដោយ​សេចក្តី​ទុក​យ៉ាង​ខ្លាំង ។ បណ្តា​អ្នក​ជា​ពួក​ក្រុម​នាង​មេ​ម៉ាយ​ដែល​នៅ​លើ​សាលា​នោះ​ទាំង​ប៉ុន្មាន​ មានសេចក្តី​ឆ្ងល់​​ភ័ន្ត​ភាំង​គ្រប់​គ្នា សួរ​ទៅ​បុរស​ថា «​ហេតុ​អ្វី​អ្នក​មក​យំ​សោក​បោក​ខ្លួន​ប្រាណ​នៅ​លើ​ទី​នេះ​ខ្លាំង​ម្ល៉េះ ?» ។ បុរស​​នោះ​ប្រាប់​ទៅ​អ្នក​រក្សា​សាលា​នោះ​ថា «​ខ្ញុំ​ឃើញ​គេ​ធ្វើ​បុណ្យ​ខ្មោច​លោក​សេដ្ឋី​នោះ ខ្ញុំ​នឹង​ឃើញ​ដល់​ខ្មោច​ប្រពន្ធ​ខ្ញុំ​ដែល​បាន​ស្លាប់​ដោយ​សង្វេគ និង ទុក្ខ​វេទនា​ដែល​ព្រាត់​ប្រាស​ជា​ថ្មី​មួយ​ជាន់​ទៀត ខ្លួន​ខ្ញុំ​តាំង​ពី​ប្រពន្ធ​ស្លាប់​ទៅ​ជា​យូរ​ហើយ​លះ​បង់​ការងារ​ចោល​អស់​ ស្ពាយ​តែ​ធាតុ​ប្រពន្ធ​ដើរ​សេចក្តី​អាលោះ​អាល័យ» ។ ហើយ​បុរស​នោះ​សុំ​អ្នក​ចាំ សាលា​ស្នាក់​មួយ​យប់ ។ បុរស​ដែល​ចាំ​សាលា​មិន​ហ៊ាន​សំរេច​ដោយ​ខ្លួន​ឯង​ក៏​យក​សេចក្តី​នោះ​ទៅ​ជំរាប ​នាង​មេម៉ាយ​ជា​ចៅ​ហ្វាយ​តាម​ដំណើរ​ដែល​បុរស​នោះ​អធិប្បាយ​អំពី​សេចក្តី​ កំសត់​របស់​ខ្លួន ហើយ​សុំ​សាលា​ស្នាក់ ។ នាង​មេម៉ាយ​មាន​ចិត្ត​អាណិត​ដល់​បុរស​​កំសត់ ដែល​មាន​ទុក្ខ​ព្រាត់​ប្រាស​ប្រពន្ធ​នោះ​ក៏យល់​ព្រម​ឱ្យ​ស្នាក់​ ហើយ​បង្គាប់​ទៅ​មនុស្ស​បម្រើ​ឱ្យ​រាប​អាហារ ភោជន​ឱ្យ​ទាន​បុរស​នោះ​ផង លុះ​យប់​នាង​មេ​ម៉ាយ​ទៅ​ស្តាប់​ធម៌​ទេសនា​បុណ្យ​ខ្មោច​ប្តី​នៅ​លើ​សាលា​ តម្កល់​ធាតុ​ទុក​នៅ​នោះ ។ ឯ​បុរស​ចង់​ស្រី​ក៏ សំងំ​ធ្វើ​ជា​ដេក​លក់​ ។ នាង​មេ​ម៉ាយ​ស្តាប់​ធម៌​ទេសនា​ចប់​ត្រឡប់​មក​ផ្ទះ​វិញ ។ បុរស​ជា​អ្នក​ចង់​ស្រី​ឃើញ​ឱកាស​ស្ងាត់​ល្អ​ ក៏​លួច​យក​ធាតុ​ប្រពន្ធ​ទៅ​ ដាក់​ប្រប​ធាតុ​សេដ្ឋី​ជា​ប្តី​នាង​មេ​ម៉ាយ​ ។ លុះ​ដល់​ព្រឹក​ឡើង នាង​មេ​ម៉ាយ​ចូល​ដល់​សាលា​ បុរស​នោះ​ស្រែក​យំ​ជា​ខ្លាំង​ថា «​អ្នក​ណា​លួច​យក​ធាតុ​ប្រពន្ធ​ខ្ញុំ​ទៅ​បាត់​» ។ នាង​មេ​ម៉ាយ​ឆ្ងល់​ក៏​សួរបុរស​នោះ​ថា «​ហេតុ​អ្វី​ក៏​អ្នក​ឯង​យំ​ខ្លាំង​ម៉្លេះ ?​» ។ បុរស​នោះ​ប្រាប់​ទៅ​នាង​មេ​ម៉ាយ​វិញ​ថា «​អ្នក​ណា​លួច​ប្រពន្ធ​ខ្ញុំ​ទៅ​បាត់​» ហើយ​ចោទ​ប្រកាន់​ទៅ​លើ​នាង​មេ​ម៉ាយ​ថា «​ខ្មោច​ប្តី​នាង​មេ​ម៉ាយ​លួច​ប្រពន្ធ​ខ្លួន​» ។​ នាង​មេ​ម៉ាយ​មាន​សេចក្តី​អន់​ចិត្ត​នឹង​ប្តី​បុរស​នោះ​ប្រកាន់​ដល់​ខ្មោច​ ប្តី​ថា​ លួច​ប្រពន្ធ​ខ្លួន ក៏​នាំ​បុរស​នោះ​ឱ្យ​ទៅ​មើល​ ឃើញ​នៅ​ជិត​គ្នា​មែន ។ បុរស​ក៏​ចោទ​ប្រកាន់​នាង​មេ​ម៉ាយ​ថា «​ប្តី​នាង​យក​ប្រពន្ធ​គាត់ ធ្វើ​ជា​ប្រពន្ធខ្លួន​ឯង លុះ​តែ​នាង​ព្រម​ធ្វើ​ជា​ប្រពន្ធ​គាត់​វិញ ទើប​ព្រម​សុខ​ចិត្ត​» សេចក្តី​ចោទ​ដល់​ខ្លួន​នាង​មេ​ម៉ាយ​នោះ​ជា​ដំណំ​ច្រើន​ខ​ណាស់​ដោយ​ ឧបាយ​កល​យ៉ាង​ល្អិត ។ នាង​មេ​ម៉ាយ​រក​ផ្លូវ​ដោះ​សារ​គ្មាន​ក៏​ចាញ់​កល​ជា​ទម្ងន់ ថែម​ទាំង​មាន​សេចក្តី​អន់​ចិត្ត​នឹង​ខ្មោច​ប្តី​ខ្លួន​ដែល​ស្លាប់​នោះ​ថា ជា​មនុស្ស​គ្មាន​សប្បុរស​ដល់​ប្រពន្ធ​កំពុង​កើត​ទុក្ខ​នឹង​ខ្លួន ហ៊ាន​ទៅ​លួច​ប្រពន្ធ​គេ​យក​មក​បញ្ចើ​នៅ​មុខ ក៏​ទទួល​ព្រម​យក​បុរស​នោះ​ធ្វើ​ជា​ប្តី ជា​សេចក្តី​តប​ទៅ​នឹង​ខ្មោច​ប្តី​ខ្លួន​ដែល​លួច​ប្រពន្ធ​បុរស​នោះ​វិញ ។ ចំណែក​បុរស​​នោះ​ ដល់​បាន​នាង​មេ​ម៉ាយ​ជា​ប្រពន្ធ​៣-៤​ថ្ងៃ​ក៏​បបួល​គ្នា​ទៅ​គាល់​ស្តេចៗ​និង​ នាហ្មឺន​សព​មុខ​មន្រ្តី​បាន​ទត​ឃើញ​មាន​សេចក្តី​សរសើរ​ដល់​បុរស​នោះ​ថា​ ជា​អ្នក​មាន​វិជ្ជា​ចេះ​ចង់​ស្រី​ប្រាកដ​មែន ។

ម្ង៉ៃ​នឹង​ចេះ​ឱ្យ​គេ​កោត​ ម្ង៉ៃ​នឹង​ឆោត​ឱ្យ​គេ​អាណិត

(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​ ភាគ​ទី​១)