ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​ពាក្យ​សុភា​សិត​តម្លៃ​ ៣០ តម្លឹង​

កាល​ពី​ព្រេង​នាយ​មាន​ជន​ពីរ​នាក់​ប្តី​ប្រពន្ធ​ បុរស​ជា​ប្តី​បាន​ឃើញ​ គេ​រៀន​របៀន​ពូកែ​ ចង់​រៀន​ណាស់​យក​ប្រាក់​៣០​ តម្លឹង​លា​ប្រពន្ធ​ដើរ​ទៅ​រក​រៀន​ ដើរ​ពី​ស្រុក​មួយ​ដល់​ខេត្រ​មួយ​ ឮ​គេ​ថា​ត្រង់​ណា​មាន​អ្នក​ចេះ​របៀន​អាគម​គា​ថា​ពូ​កែ ក៏​ទៅ​រក​ត្រង់​នោះ​ ដល់ទៅ​ជួប​គ្រូ​ណា​ពូកែ​គេ​សូត្រ​ឲ្យ​ស្តាប់​ គេ​ធ្វើ​ឲ្យ​មើល​ដូច​ម្តេចៗ ក៏​ចេះ​តែ​មិន​ចូល​ចិត្ត​លុះ​ដើរ​ទៅ​ឆ្ងាយទៅ ក៏​បាន​ជួប​នឹង​តា​ចាស់​ម្នាក់​។ តា​ចាស់​សួរ​ថា​ «​អ្នក​ឯង​ទៅ​ណា​ដើរ​មក​តែ​ម្នាក់​ឯង​ស្វះ​ស្វែង​រក​អ្វី ?» ។​ បុរស​នោះ​ឆ្លើយ​ថា​ «ឱ! តា​អើយ​! ខ្ញុំ​មក​នេះ​ដ្បិត​ឮ​គេ​ថា​នៅ​ទី​នេះ​មាន​គ្រូ​ចេះ​របៀន​ពូកែ បាន​ជា​ខ្ញុំ​ខំសង្វាត​មក​ ក្រែង​តា​ចេះដឹង ប្រដៅចៅ​ផង​»​ ។ តា​ចាស់​ឆ្លើយថា​ «​តា​មាន​របៀន​បី​បទ​តំលៃ​៣០​ តម្លឹង បើ​អ្នក​ឯង​កាន់​ជាប់​ អ្នក​ឯក​មិន​ច្បុត​ទេ​គង់​បាន​ដូច​ចិត្ត​ បើ​មាន​កិច្ច​ដំណើរ​អ្វី​ឲ្យ​សូត្រ​របៀន​តា​នេះ​ចុះ​ពូកែ​ណាស់​» ។ បុរស​នោះ​ថា «​តា​សូត្រ​ឲ្យ​ខ្ញុំ​ស្តាប់​មើល​! បើ​ចូល​ចិត្ត​ខ្ញុំ​យក​»​ ។ តា​នោះ​សូត្រ​ឲ្យ​ស្តាប់​ថា​ «រពិស​ដៃ​ផ្ទៃ​ឆ្អែត ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី​»

បុរស​នោះស្តាប់ ​បាន​ចូល​ចិត្ត​ក៏​ប្រគល់​ប្រាក់​៣០ តម្លឹង ឲ្យ​តា​នោះ ហើយ​ទន្ទេញ​របៀន​ទាំង​បី​បទ​នោះ​ចាំ​ស្ទាត់​រត់​មាត់​ ។ ឯ​តា​ចាស់​ប្រាប់​ថា «បើ​ចៅ​កាន់​របៀន​ទាំង​បី​ម៉ាត់​នេះ​បាន​ តា​ឲ្យ​ទទេ មិន​យក​តម្លែ​ទេ​» ហើយ​តា​ចាស់​ប្រគល់​ប្រាក់​ឲ្យ​បុរស​នោះ​វិញ​ ។ បុរស​នោះ​លា​តា​ចាស់​នោះ​វិល​មក​ស្រុក​វិញ ។ មាត់​បុរស​នោះចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ចប់​តាម​ផ្លូវ​មក​ពុំ​មាន​ភ្លេច ។ លុះ​ដើរ​ឆ្ងាយ​បន្តិច​មក​ជួប​នឹង​សំពៅ​ឈ្មួញ​មួយ បុរស​នោះ​ក៏សុំ​ដោយ​សារ​សំពៅ​គេ​មក​ស្រុក​ ដង្ខៅ​សំពៅ​ក៏​ឲ្យ​ដោយ​សារ​ បុរស​នោះ​តាំង​ពី​ចុះ​មក​នៅ​ក្នុង​សំពៅ​ថ្ងៃ​ណា​ ក៏​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​នោះ​ ហើយ​ចេះ​តែ​ជួយ​លាង​ជួយ​ថែ​ទាំ ជួយ​ជួស​ជុល​សំពៅ​ដូច​ជា​របស់​ខ្លួន ។ នាយ​សំពៅ​នឹក​ក្នុង​ចិត្ត​ថា​ «​អ្នក​នេះ​តាំង​តែ​ពី​ចុះ​មក​ ដោយ​សារ​សំពៅ​អញ​កាល​ណា​ គាត់​ចេះ​ថែ​ធ្វើ​ការ​ដូច​ជា​របស់​គាត់​» នឹក​ហើយ​ក៏​ស្រឡាញ់​បុរស​នោះ​ ឲ្យ​រៀប​បាយ​ទឹក​ឲ្យ​ស៊ី​តែ​រាល់​ថ្ងៃ​រៀង​មក​ ។ ឯ​បុរស​នោះ​ពុំ​ខ្ជិល​សោះ​ ចេះ​តែ​ខំ​ធ្វើ​ការ​ក្នុង​សំពៅ​ដូច​ជា​កូន​ឈ្នួល​ឯ​ទៀត​ៗ ។ នាយ​សំពៅ​នឹក​តែ​ក្នុង​ចិត្ត​ថា​ «បើ​កាល​ណា​បាន​ដល់​ស្រុក​អញ​នឹង​ចែក​របស់​ទ្រព្យ​ឲ្យ​ចៅ​នោះ​រក​ស៊ី​តទៅ​» ។ លុះ​បើក​សំពៅ​មក​ដល់​កណ្តាល​ស្រុក​មួយ បាន​ឃើញ​វិហារ​មួយ​គេ​រៀប​ អណ្តាប់​ពោរ​ពាស​សុទ្ធ​តែ​ចំណី​ស្រា​បាយ​ទុក​ឲ្យ​យក្ស​វា​ស៊ី ។

ឯ​នាយ ​សំពៅ​កាល​ដល់​វិហារ​នោះ​ ក៏​ចត​សំពៅ​ឡើង​លេង​ ឃើញ​ចំណី​ទាំង​នោះ​ពុំ​មាន​មនុស្ស​​ក៏​នាំ​គ្នា​ស៊ី​ផឹក​ស្រា​ស្រវឹង ដេក​នៅ​ក្នុង​វិហារ​នោះ​ទាំង​អស់​គ្នា​ ខាន​តែ​បុរស​ម្នាក់​នោះ​មាត់​គាត់​ចេះ​តែ​ទន្ទេញ​ថា «រពិស​ដៃ​ផ្ទៃ​ឆ្អែត​ ដេក​យប់​កុំ​និយាយ​នឹង​ស្រី ឃ្លាន​កុំ​អាល​ស៊ី​» ដោយ​គិត​ថា «​ចំណី​ទាំង​អស់​នេះ​​មាន​មូល​ហេតុ​អ្វី​មួយ​ហើយ​បាន​ជា​គេ​រៀប​ទុក​នៅ​ទី​ នេះ​ ឥឡូវ​អ្នក​ទាំង​អស់​នេះ​ស៊ី​គង់​តែ​មាន​ភ័យ​ពុំ​ខាន​» គិត​ដូច្នោះ​ហើយ​ពុំ​ហ៊ាន​ស៊ី​ឡើយ​ទៅ​ពួន​លើ​ធ្នឹម​វិហារ​ដោយ​ស្ងៀម​ស្ងាត់​ លប​មើល​ ។

លុះ​ដល់ ​ថ្ងៃ​ត្រង់​ យក្ស​មក​ដល់​ហើយ​វា​ខឹង​ណាស់​ថា «​នរណា​ក៏​ហ៊ាន​មក​ស៊ី​ចំណី​អស់​នេះ គេ​រៀប​ឲ្យ​តែ​អញ​ស៊ី​ទេ ឥឡូវ​វា​ស៊ី​អស់​ហើយ​វា​ដេក​នៅ​ទី​នោះ» ។ យក្ស​ថា​ហើយ​ក៏​បោះ​ដំបង​ទៅ​វាយ​មនុស្ស​ដែល​ដេក​នោះ​ស្លាប់​ទាំង​អស់​ទៅ ។ ឯ​ដំបង​ក៏​វិល​មក​ខាង​យក្ស​វិញ​ ហើយ​យក្ស​ក៏​កាច់​ក​មនុស្ស​ទាំង​អស់​នោះ​ស៊ី​ទៅ​រួច​ក្រឡេក​មើល​ក្រឡេម​ ក្រឡឺម​ ។ បុស​ឃើញ​យក្ស​ភ័យ​ណាស់​ មាត់​ចេះ​តែ​ទន្ទេញ​របៀន​បី​បទ​ហើយ​គិត​ថា «​បើ​អញ​ស្រែក​ក្រែង​យក្ស​វា​ឮ​ វា​ឃើញ​អញ​ហើយ​វា​នឹង​ស៊ី​អញ​ទៀត​» ។ គិត​ហើយ​ក៏​លោត​ពី​លើ​ធ្នឹម​ ស្រែក​វ៉ាស​ឡើង ។ យក្ស​ភ័យ​ណាស់​ក៏​រត់​ចោល​ដំបង​ទៅ​បាត់​ទៅ​ ។ បុរស​នោះ​បាន​ដំបង​វាយ​ឯង​ហើយ​ក៏​ដើរ​ត្រឡប់​មក​ស្រុក​ ចោល​សំពៅ​នៅ​កំពង់​វិហារ​នោះ​ឯង ។

លុះ​ដើរ ​មក​ដល់​ផ្ទះ​ក្នុង​វេលា​ យប់​ បុរស​នោះ​យក​ដំបង​ទៅ​លាក់​ក្រោម​ជំណ្តើរ​យក​ថ្ម​សង្កត់​លើ​ហើយ​ឡើង​ទៅ​ដេក​ លើ​ផ្ទះ​ ។ ប្រពន្ធ​សួរ​ប្រាប់​ប្រពន្ធ​ថា​ «​ចាំ​ព្រឹក​សឹម​និយាយ​ប្រាប់​» ។

ក្រោយ​ ពេល​ប្តី​ទៅ ប្រពន្ធ​នៅ​ផ្ទះ​វា​មាន​សហាយ​ វេលា​យប់​ដែល​ប្តី​មក​ដល់​ផ្ទះ​សហាយ​នោះ​វា​មក​ស្តាប់​នៅ​ក្រោម​ផ្ទះ​ វា​ចង់​ដឹង​រឿង​ឆាប់​ឲ្យ​មេ​ស្រី​សហាយ​វា​សួរ​ថា «​ដំណើរ​ដូច​ម្តេច​ក៏​ចាំ​ព្រឹក​បាន​និយាយ​ ?» ។ ប្រ​ពន្ធ​ចេះ​តែ​អោប​អង្អែល​ៗ​ទ្រាំ​ពុំ​បាន​ប្តី​ក៏​និយាយ​ប្រាប់​ថា «​អញ​និយាយ​នឹង​ឯង​នេះ​ខុស​គ្រូ​ហើយ​ដ្បិត​គ្រូ​ផ្តាំ​ថាៈ ដេក​យប់​កុំ​និយាយ​នឹង​ស្រី​ ឥឡូវ​នេះ​អញ​និយាយ​ខុស​បណ្តាំ​គ្រូ​ហើយ​» ។ ប្រ​ពន្ធ​សួរ​ថា «​អ្នក​ទៅ​បាន​អ្វី​មក​ខ្លះ​ ?» ។ ប្តី​ថា «​បាន​តែ​របៀន​បី​បទ​ហើយ​ត្រឡប់​មក​វិញ​ ដល់​ពាក់​កណ្តាល​ផ្លូវ​បាន​ដំបង​វាយ​ឯង​» ។ ប្រពន្ធ​សួរ​ថា «​ដំបង​នោះ​ទុក​នៅ​ឯ​ណា​ឥឡូវ​នេះ​ ?​ ខ្ញុំ​ចង់​ឃើញ​» ។ ប្តី​ថា​ «​អញ​ទុក​ក្រោម​ជណ្តើរ​យក​ថ្ម​គ្រប​» ថា​ហើយ​ក៏​ដេក​លក់​ទៅ ។

សហាយ​លប​ស្តាប់ឮ​ហើយ​ក៏​ទៅ​ក្រោម​ជណ្តើរ​រើស​យក​ដំបង​នោះ​ទៅ​បាត់​ទៅ ។

លុះ​ ព្រឹក​ព្រហាម​ស្រាងៗ​ឡើង​ បុរស​នោះ​រឭក​ពី​ដេក​ចុះ​ទៅ​រក​ដំបង​ពុំ​ឃើញ​ ក៏​ប្រាប់​ប្រពន្ធ​ថា​ «​អញ​ប្រាប់​ឯង​មិន​ជឿ​អញ​ថា​ ខុស​គ្រូ​ហើយ​ ឯង​ចេះ​តែ​លួង​អញ​ ទាល់​តែ​អញ​ប្រាប់​ឥឡូវ​នេះ មនុស្ស​វា​ឮ​វា​លួច​យក​ដំបង​បាត់​ទៅ​ហើយ​» ។ ប្រពន្ធ​ឮ​ហើយ​ដឹង​ថា​សហាយ​លួច​ ក៏​មិន​ស្តី​ដណ្តាំ​បាយ​ឲ្យ​ប្តី​ស៊ីៗ រួច​ហើយ​បុរស​នោះ​ក៏​យក​ខ្សែ​ចង​ដុំ​ថ្ម​ដែល​គ្រប​លើ​ដំបង​នោះ​ នាំ​ទៅ​ប្តឹង​មេ​ស្រុក​ឲ្យ​ជំនុំ​ ជម្រះ​រក​ចោរ​ឲ្យ​ មេ​ស្រុក​បើ​ជំនុំ​ជម្រះ​ដូច​ម្តេច​ពី​ព្រោះ​ថ្ម​ពុំ​ចេះ​ស្តី​ គេ​ជេរ​ថា «​អា​កំព្រើល! តាំង​ពីដូន​តា​មក​នរណា​ដែល​ឃើញ​ដំបង​វាយ​ឯង​» គេ​គម្រាម​ហើយ​គេ​ដេញ​ចេញ​ទៅ​ ។ បុរស​នោះ​ចេះ​តែ​អូស​ថ្ម​ទៅ​ប្តឹង​តាំង​តែ​ពី​មេ​ស្រុក​ដល់​ទៅ​លោក​យមរាជ​ អ្នក​រាជការ​គ្រប់​ក្រសួង​គេ​ចេះ​តែ​ដេញ​ចេញ គេ​ថា​មនុស្ស​ឆ្កួត​ គេ​មិន​ឲ្យ​ចូល​ ។ បុរស​នោះ​អូស​ថ្ម​ទៅ​ថ្វាយ​ស្តេច​ៗ ទ្រង់​សួរ​សព្វ​គ្រប់​ហើយ​ទ្រង់​ប្រាប់​ អស់​នាហ្មឺន​កុំ​ថា​វា​ឆ្កួត​សេចក្តី​នេះ​មែន​ហើយ​បាន​ជា​វា​ហ៊ាន​ថា «​ស្តេច​មាន​ព្រះ​រាជ​បន្ទូល​ប្រាប់​បុរស​​ថា​ «​ណ្ហើយ​វិល​ទៅ​ផ្ទះ​ចុះ​កាល​ណា​អញ​ឲ្យ​គេ​ទៅ​ហៅ​ចាំ​មក​» ។ បុរស​នោះ​ទូលថា «ព្រះ​ករុណា​ថ្លៃ​វិ​សេស» ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​វិញ​ ។

ក្រោយ​ ពេល​បុរស​នោះ​ទៅ​ ស្តេច​ទ្រង់​ព្រះ​រាជ​បញ្ជា​ឲ្យ​ប្រាប់​ បណ្តា​ប្រជា​រាស្រ្ត​ថា​«ដ្បិតស្តេច​ឲ្យ​អស់​ព្រះ​ស្នំ​ចេញ​រាំ​បី​ថ្ងៃ​បី​ យប់​ឲ្យ​ បណ្តា​រាស្រ្ត​មើល​តាម​ចិត្ត​ ពុំ​មាន​ឃាត់​ឃាំង​ឡើយ» ហើយ​ទ្រង់​ឲ្យ​រៀប​លេង​ល្ខោន​ ។ កាល​នោះ​អស់​រាស្រ្ត​សឹង​តែ​ចូល​ទៅ​មើល​គ្រប់​គ្នា ។ ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ជ្រើស​រើស​ប្រេង ក្រអូប​យ៉ាង​ចំឡែក​មួយ​ដប់​ដែល​សំរាប់​តែ​ស្តេច​ អស់​រាស្រ្ត​នាហ្មឺន​ពុំ​ ដែល​មាន​ទ្រង់​ប្រើ​អាមាត្រ​ម្នាក់​យក​ទៅ​ឲ្យ​បុរស​នោះ​ ហើយ​ប្រាប់​ថា «​ស្តេច​ទ្រង់​ព្រះ​រាជ​ទាន​ឲ្យ​អ្នក​ឯង​និង​ប្រពន្ធ​អ្នកឯង​លាប ប៉ុន្តែឲ្យ​អ្នក​ឯង​នៅ​ផ្ទះ​កុំ​ទៅ​មើល​ល្ខោន​ឲ្យ​តែ​ប្រពន្ធ​​ទៅ​​បាន​ហើយ​ » ។ អាមាត្រ​អ្នក​យក​ទៅ​ឲ្យ​ប្រាប់​សព្វ​គ្រប់​ហើយ​ វិល​ទៅ​ក្រាប​បង្គំ​ទូល​ស្តេច​វិញ​ ។ បុរស​នោះ​បាន​ប្រេង​ក៏​ហៅ​ប្រពន្ធ​មក​ហុច​ប្រេង​ទៅ​ឲ្យ​ប្រាប់​ថា «​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​ព្រះ​រាជ​ទាន​ប្រេង​នេះ​មក ព្រោះ​ទ្រង់​អាណិត​ស្រឡាញ់ឲ្យ​យើង​លាប​ទៅ​មើល​ល្ខោន​នឹង​គេ​តែ​ឥឡូវ​នេះ​អញ​ ឈឺ​ក្បាល​ ឯង​យក​ទៅ​លាប​ ហើយ​ទៅ​មើល​ល្ខោន​នឹង​គេ​ចុះ»​ ។ ឯ​ប្រពន្ធ​ឮ​ប្តី​បើក​ឲ្យ​ទៅ​ ហើយ​ឲ្យ​ទាំង​ប្រេង​ទៅ​លាប​ផង​ដូច្នោះ​អរ​ពន់​ពេក​ដោយ​ពុំ​បាន​ដឹង​កល​ជា​គេ ​នឹង​ចាប់​ ក៏​យក​ប្រេង​ទៅ​ឲ្យ​សហាយ​លាប​ផង ហើយ​បណ្តើរ​គ្នា​ទៅ​មើល​ល្ខោន​ឈរ​ទន្ទឹម​គ្នា ។ លុះ​បន្តិច​ទៅ​ ស្តេច​ទ្រង់​ធុំ​ក្លិន​ក្រ​អូប​ប្រេង​នោះ ទ្រង់​ខ្សិប​ប្រាប់​នាហ្មឺន​ម្នាក់​ថា​ «​ចូរ​អ្នក​ទៅ​ហិត​ក្លិន​ប្រេង​ក្រអូប​យ៉ាង​នោះ ប៉ុន្មាន​នាក់​ ចូរ​អ្នក​នាំ​យក​មក​ឲ្យ​អញ​ជា​ឆាប់» ។

នាហ្មឺន ​នោះ​ក្រាប​ថ្វាយ​បង្គំ​ហើយ​ ទៅ​ហិត​មនុស្ស​ឯ​ទៀត​មិន​ធំ​ សោះ​តែ​ប្រុស​​ម្នាក់​ ស្រី​ម្នាក់ ដែលឈរ​ទន្ទឹម​គ្នាលាប​ប្រេង​ក្រអូប​ទាំង​ពីរ​នាក់​នោះ​ ក៏​នាំ​យក​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ថ្វាយ​ស្តេចៗឲ្យ​លែង​រាំ​ទៅ​ ហើយ​ទ្រង់​ឲ្យ​ហៅ​ទាំង​ប្រុស​ទាំង​ស្រី មក​ដល់​ទ្រង់​សួរ​ថា​«នេះ​ជា​ប្រពន្ធ​ចៅ​ឯង​មែនឬ ?» ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «មែន» ។ ទ្រង់​មាន​ព្រះ​បន្ទូលសួរ​ទៅ​ប្រុស​ជា​ សហាយ​នោះ​ថា «ឯង​បាន​ទៅ​លួច​ដំបង​ចៅ​នោះ​មែន​ឬ ?» ។ សហាយ​នោះ ក្រាប​បង្គំ​ទូល​ថា «លួច​មែន» ។ ទ្រង់​ឲ្យ​ទៅ​យក​ដំបង​នោះ​មក​ឲ្យ​យក​សហាយ​ទាំង​ប្រុស​ស្រី​នោះ​ទៅ​ដាក់​ ច្រវាក់​ធ្វើ​ទោស​ ។ បុរស​ជា​ម្ចាស់​ដំបង​ថ្វាយ​បង្គំ​សូម​ទោស​ ហើយ​ប្រគល់​ទាំង​ផ្ទះ​សំបែង ទាំង​ប្រពន្ធ​ទៅ​សហាយ​នោះ​ទាំង​អស់​ដោយ​ពុំ​ខឹង​អ្វី​ឡើយ​ ។ បុរស​សហាយ​នោះ​អរ​ណាស់​ សំពះ​សូម​ទោស​រួច​វិល​ទៅ​វិញ​ ។ ឯ​បរុស​ម្ចាស់​ដំបង​ថ្វាយ​ដំបង​ទៅ​ស្តេច​ ហើយ​ក្រាប​លា​ទៅ​ទៀត​ ស្តេច​ឃាត់​ក៏​ពុំ​ព្រម​ ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា «​ដំបង​វាយ​ឯង​នេះ​ថ្លៃ​ណាស់​» ទ្រង់​ព្រះ​រាជា​នុញ្ញាត​បី​ឃ្លាំង​មាស​ប្រាក់​ឲ្យ​បុរស​នោះ​យក​តាម​ចិត្ត​ ។ បុរស​នោះ​រើស​អស់​ទាំង​ឃ្លាំង​មាស​ប្រាក់​អម្បាល​នោះ​ទៅ ឃើញ​កាំ​បិត​បន្ទោះ​១​ចាស់​ នៅ​ក្រោម​ឃ្លាំង ក៏​យក​កាំ​បិត​នោះ​និង​ប្រាក់​បន្តិច​បន្តួច​គ្រាន់​តែ​ចាយ​តាម​ផ្លូវ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​លា​ស្តេច​ដើរ​ចេញ​ទៅ​ទៀត​ ។ ស្តេច​ពុំ​មាន​ព្រះ​រាជ​បន្ទូល​អ្វី​ទេ​តែ​អស់​នាហ្មឺនគេ ត្មះតិះ​ដៀល​បុរស​នោះ​ថា «​ជាមនុស្ស​ឆោត មាន​ប្រាក់​មិន​យក​ ទៅ​យក​ឯកាំ​បិត​ច្រះ​ស៊ី» ។

បុរស​ នោះ​ដើរ​ចេញ​ពី​នគរ​នោះ​ បាន​ទៅ​នគរ​មួយ​ដទៃ​ទៀត​ ។ ចួន​ជា​ថ្ងៃ​មួយ​នោះ ស្តេច​នគរ​នោះ​ទ្រង់​មាន​ព្រះ​បន្ទូល​បង្គាប់​សេដ្ឋី​ម្នាក់​ថា «​ព្រឹក​ស្អែក​ទ្រង់​ទៅ ក្រសាល​ព្រៃ ឲ្យ​មហា​សេដ្ឋី​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អ​ល្អះ​ ឲ្យ​ឆ្លាក់​ក្បាច់​លាប​លន​ឲ្យ​ហើយ​ឲ្យ​ទាន់​ក្នុង​ពេល​ព្រឹក​ស្អែក​នេះ​ បើ​ធ្វើ​ពុំ​ទាន់​នឹង​យក​ទោស​ស្លាប់​ខ្លួន​» ។ រី​ឯ​មហា​សេដ្ឋី​នោះ​ធ្វើ​ពុំ​ទាន់​ហើយ​ ពុំ​ធ្វើរទេះ​បែជា​ទៅ​ធ្វើ​ក្តារ​ម​ឈូស​ទៅ​វិញ ។

ថ្ងៃ​ នោះ ចួន​ជា​បុរស​នោះ​ដើរ​ទៅ​ឃើញ​មហា​សេដ្ឋី​នោះ​កំពុង​ធ្វើ​បុណ្យ​ក៏​សួរ​ថា​ «​ចុះ​លោក​មាន​ការ​អ្វី​បាន​ជា​ធ្វើ​បុណ្យ​មាន​ក្តារ​មឈូស​ផង​ដូច្នេះ?» ។ គេ​ប្រាប់​ថា «​ស្តេច​ឲ្យ​ធ្វើ​រទេះ​មួយ​យ៉ាង​ល្អ ឲ្យ​ទាន់​ពេល​ព្រឹក​នេះ ស្តេច​នឹង​ទៅ​ក្រសាល​ព្រៃ​ បើ​ធ្វើ​ពុំ​ទាន់​ស្តេច​នឹង​យក​ទោស​ឥឡូវ​នេះ​ មហា​សេដ្ឋី​ធ្វើ​ពុំ​ទាន់​ ដឹង​ខ្លួន​ថា​ស្លាប់​ បាន​ជា​ធ្វើ​មឈូស​ធ្វើ​បុណ្យ​វិញ​» ។

បុរស​ នោះ​ឆ្លើយ​ថា «ក្រ​អ្វី​ប៉ុ​ណ្ណឹង​ ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទាន់​ព្រឹក​នេះ» ។ មហា​សេដ្ឋី​បាន​ឮ​ដូច្នេះ​ អរណាស់ ហើយ​ឲ្យ​រៀប​បាយ​ទឹក​ស៊ី​ឆ្អែត​រួច​ប្រគល់​ឈើ​ឲ្យ​ធ្វើ​រទេះ ។ បុរស​នោះ​ក៏​ធ្វើ​តែ​នឹង​កាំ​បិត​មួយ​ដែល​យក​ក្រោម​បាត​ឃ្លាំង​នោះ​បាន​រួច​ ស្រេច​ក្នុងយប់​នោះ ហើយ​លាប​លន​យ៉ាង​ល្អ​ព្រឹក​ឡើង​ក៏​អូស​ទៅ​ថ្វាយ​ស្តេច​ៗ​ទ្រង់​ទត​ឃើញ​ ទ្រង់​ឲ្យ​រៀប​ប្រដាប់​ប្រដា​ទៅ​ក្រសាល​ព្រៃ ។ ឯ​មហា​សេដ្ឋី​ លុះ​រួច​ពី​ស្លាប់​ហើយ​នឹក​ក្នុង​ចិត្ត​ថា «​អ្នក​នេះ​មាន​គុណ​ធ្ងន់​ណាស់​ ឥឡូវ​នេះ​នឹង​រក​អ្វី​ឲ្យ​ស្មើ​គ្មាន មាន​តែកូន​ក្រមុំ​១ ល្អ​ឲ្យ​មាន​ប្តី​ ដូច្នេះ​មាន​តែ​អញ​ការ​ឲ្យ​អ្នក​នោះ» គិត​ហើយ​ក៏​ហៅ​មក​ការ​ឲ្យ​ទៅ ។ លុះ​ការ​ហើយ​ក្នុង​យប់​នោះ​ពេល​ផ្សំ​ដំណេក បុរស​នោះ​គិត​ល្បង​ចិត្ត​ប្រពន្ធ​ហើយ​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ដេក​ទៅ យប់​យូរ​បន្តិច​ ក៏​ធ្វើ​ជា​ក្អួត​ប្រ​ឡាក់​ប្រពន្ធ​អស់ ។ កូន​សេដ្ឋី​ឃើញ​ក្អួត​ប្រឡាក់​ខ្លួន​ដូច្នេះ ក៏​ស្រែក​ឡើង​ក្នុង​យប់​នោះ​ថា​ «​លោក​ឪ​ពុក​រក​ប្តី​ឲ្យ​ខ្ញុំ​ ជា​ម​នុស្ស​ប្រមឹក ក្អួត​ប្រឡាក់​ខ្ញុំ​អស់​ហើយ ខ្ញុំ​ទ្រាំ​មិន​បាន​ទេ​» ។ មហា​សេដ្ឋី​ឮ​កូន​ស្រែក​ដូច្នេះ​ក៏​ឃាត់​ទៅ​ថា «​កូន​ដេក​ទៅ កុំ​និយាយ​ដ្បិត​ប្តី​កំពុង​ស្រវឹង ហើយ​គេ​មាន​គុណ​ផង​» ឃាត់​ដូចម្តេច​ក៏​មិន​ស្តាប់​ថា​ «​បើ​ឲ្យ​ទៅ​ឆ្កែ​ឆ្មា​ទ្រាំ​បាន​ ឯ​មនុស្ស​ប្រមឹក​ខ្ញុំ​ទ្រាំ​មិន​បាន​ទេ» ។

លុះ​ ព្រឹក​ឡើង​បុរស​នោះ​រលឹក​ពី​ដេក ក៏​ចូល​ទៅ​រក​សេដ្ឋី​ប្រគល់​កូន​ឲ្យ​វិញ ប្រាប់​ថា «​មិន​ព្រម​យក​ទេ» ហើយ​ថា​មិន​បាន​ប៉ះ​ដៃ​ជើង​ឡើយ ។​ មហា​សេដ្ឋី​ឃាត់​សុំ​ទោស​ឲ្យ​កូន ក៏​បុរស​នោះ​ពុំ​ព្រម​នៅ ពុំ​ព្រម​យក ហើយ​លា​មហា​សេដ្ឋី​យក​តែ​កាំ​បិត​ដើរ​ទៅ​ទៀត ។ លុះ​ស្តេច​យាង​មក​ពី​ព្រែ​ទ្រង់​ឲ្យ​ទៅ​រក​ជាង​ដែល​ធ្វើ​រទេះ​នោះ​ពុំ​ឃើញ​ ទ្រង់​ស្តាយ​ណាស់​ទ្រង់​ឲ្យ​អស់​នាហ្មឺន​ចាត់​សំបុត្រ​រក​គ្រប់​ខេត្រ​ក៏​ ពុំ​ឃើញ​ ហើយ​ទ្រង់​នៅ​ស្ងៀម​ទៅ ។

ឯ​បុរស​ នោះ​លា​សេដ្ឋី​ដើរ​ទៅ​ឆ្ងាយ ក៏​បាន​ទៅ​ដល់​នគរ​មួយ​ដទៃ​ទៀត​ ។ ស្តេច​នគរ​នោះ​ទ្រង់​ឲ្យ​នាហ្មឺន​ម្នាក់​ទៅ​ដេក​វេន​ចាំ​យាម​នៅ​ ចុង​ព្រះរាជ​វាំង​រោង​រាល់​យប់ ។ ស្តេច​ទ្រង់​ចេញ​កាប់​តែ​រាល់​យប់​ ចាប់តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​បង្គាប់​មក​នោះ ស្លាប់​អស់​នាហ្មឺន​ជា​ច្រើន ។

ថ្ងៃ​ បុរស​នោះ​ទៅ​ដល់​ចួន​ត្រូវ​លើ​វេន​ចៅ​ហ៊្វា​ទៅដេក​ថ្វាយ​ស្តេច​កាប់ ចៅ​ហ៊្វា​នោះ​ក៏​ធ្វើ​បុណ្យ​ទាន​ថ្ងៃ​នោះ​ ។ បុរស​នោះ​ទៅ​ដល់​សួរ​គេ​ថា​ «​លោក​មាន​ការ​អ្វី​ បាន​ជា​ធ្វើ​បុណ្យ​ទាន​ ហើយ​ម្តេច​ ក៏​កូន​ប្រពន្ធ​យំ​រាល់​គ្នា​ដូច្នេះ ?» ។ គេ​ប្រាប់​ថា​លោក​ត្រូវ​ទៅ​ដេក​វេន​ថ្វាយ​ស្តេច​កាប់​ ល្ងាច​នេះ បាន​ជា​លោក​ធ្វើ​បុណ្យ​ទុក​មុន​ស្លាប់ ។ បុរស​នោះ​ថា​ «ឲ្យ​តែ​បាយ​ខ្ញុំ​ស៊ី​ចុះ ខ្ញុំ​ទៅ​ដេក​ថ្វាយ​ស្តេច​ជួស» ។ គេ​ឮ​ដូច្នេះ​ក៏​ទៅ​ជំរាប​ចៅ​ហ៊្វាៗ​ឲ្យ​ហៅ​បុរស​នោះ​ទៅ ឲ្យ​រៀប​បាយ​ទឹក​ស៊ីហើយ​សួរ​ថា​ «​បើ​អ្នកឯង​ទៅ​ដេក​វេន​ថ្វាយ​ស្តេច​ជួយ​ខ្ញុំ​ៗនឹង​ធ្វើ​បុណ្យ​ថ្វាយ​ឲ្យ​ អ្នក​» បុរស​នោះ​ក៏​ទទួល​ដេក​ជួយ​ហើយ​សុំ​គ្រឿង​ប្រ​ដាប់​ ចៅ​ហ៊្វា​ពាក់​ នោះ​យក​មក​ពាក់​ ហើយ​ក៏​លី​កាំ​បិត​បន្ទោះ​ ចូល​ទៅ​ដេក ចុង​ព្រះ​រាជ​រោង​ចាំ​ស្តេច​ចេញ​មក​កាប់​ ។ ទៅ​ដល់​ចុង​ព្រះ​រាជ​រោង​ បុរស​នោះ​ពុំ​ដេក​ឡើយ​ ចាំ​ស្តេច​ពេល​យប់​ជ្រៅ​ស្ងាត់ ស្តេច​ទ្រង់​បើក​ទ្វារ​ចេញ​មក​ ទ្រង់​កាន់​ព្រះ​ខ័ន យាង​ចូល​មក នឹង​កាប់​បុរស​នោះ ។ បុរស​នោះ​ឃើញ​ស្តេច​យាង​មក​ជិត​ ក៏​ស្ទុះ​ចូល​ទៅ​ចាប់​ស្តេច​ជាប់​ ហើយ​ក៏​ចាក់​នឹង​កាំ​បិត​បន្ទោះ​បង្ខុស ពីរ​បី​ដង ហើយ​សួរ​ថា «​នរណា! ចូល​មក​ទាំង​យប់​? ស្តេច​ទ្រង់​ឲ្យ​អញ​ចាំ​យាម​ក្នុង​បន្ទប់​នេះ​» ថា​ហើយ​ក៏​ចាក់​បង្ខុស​ទៀត ។ ស្តេច​ទ្រង់​​មា​ន​ព្រះ​បន្ទូល​ថា​ «​ទេ ! អញ​ទេ​ ! » ។ « នរណា​ ! អញ​ទេ ? » ។ «​ អញ​ជា​ស្តេច​» ។ «​ ស្តេច​អី​មក​ពេល​នេះ ? អញ​មិន​ដឹង​ទេ ! ដ្បិត​ស្តេច​ទ្រង់​ឲ្យ​អញ​ចាំ​ព្រះ​រាជ​រោង​ក្នុង​យប់​នេះ » ។

សួរ​ដេញ ​ដោល​ដូច្នេះ​ហើយ​បុរស​ក៏​លត់​ជង្គង់​ថ្វាយ​បង្គំ​ស្តេច សូម​ទោស​ ។ ស្តេច​ត្រាស់​សួរ​ថា​ «​ចៅ​នៅ​ឯ​ណា ?» ។ បុរស​នោះ​ថា «​ខ្ញុំ​នៅ​ផ្ទះ​ចៅ​ហ៊្វា​» ។ ស្តេច​ទ្រង់​ជ្រាប​ទ្រង់​ញញឹម​ ហើយ​ទ្រង់​ចូល​ទៅ​ក្នុង​វិញ ។

លុះ​ ព្រឹក​ឡើង​បុរស​នោះ​លី​កាំ​បិត​ ចេញ​ពី​ក្នុង​វាំង​មក​ផ្ទះ​ចៅ​ហ៊្វា ។ អ្នក​ផង​ឃើញ​ឆ្ងល់​ថា «​បុរស​នោះ​ទៅ​ដេក​វេន​ថ្វាយ​ស្តេច​កាប់​ម្តេច​ក៏​មិន​ស្លាប់​ត្រឡប់​ជា​មក​ វិញ ?» ។ ចៅ​ហ៊្វា​សួរ​បុរស​នោះ​ជំរាប​តាម​ដំណើរ​សព្វ​គ្រប់​ហើយ​ ជម្រាប​ថែម​ទៀត​ថា​ «​ស្តេច​សព្វ​ថ្ងៃនេះ​មិន​មែន​ជា​កាច​ទេ ដ្បិត​ទ្រង់​ពិសោធន៍​រក​មនុស្ស​ចេះ​ដឹង​ក្នុង​នគរ​ ដើម្បី​រក្សា​ស្តេច បាន​ជា​ទ្រង់​ចាត់​មនុស្ស​ឲ្យ​យាម​ ទៅ​យាម​ចេះ​តែ​ដេក​លក់ ទើប​ស្តេច​ទ្រង់​កាប់​ ចុះ​បើ​សត្រូវ​វា​ចូល​ទៅ​លុក​លុយ​ស្តេច ហើយ​យើង​ដេក​លក់​នោះ តើ​នឹង​ជា​យ៉ាង​ណា​ទៅ ?» ។ បុរស​នោះ​និយាយ រឿង​ប្រាប់​សព្វ​គ្រប់ ទើប​ភ្ញាក់​ខ្លួន​រាល់​គ្នា ។

ចៅ​ហ៊្វា​នោះ​មាន​កូន​ក្រមុំ​មួយ ក៏​ឲ្យ​ជា​ប្រពន្ធ​បរុស​នោះ ដោយ​គិត​ថា​បុរស​នោះ​មាន​គុណ​ធ្ងន់​ណាស់ ។

លុះ​ព្រឹក​ឡើង​ស្តេច​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក ទ្រង់​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ធំ​រក្សា​ព្រះ​នគរ បន្ទាប់​ពី​ព្រះ​អង្គ​ ។

វេលា​ ស្តេច​ទ្រង់​ព្រះ​ជរា​ទៅ ទ្រង់​ពុំ​មាន​ព្រះ​រាជ​បុត្រ នឹង​សោយ​រាជ្រ​ស្នង​មាន​តែ​ព្រះ​រាជ​ធីតា​មួយ​អង្គ​ ក៏​ទ្រង់​ព្រះ​រាជ​ទាន​ ព្រះ​រាជ​ធីតា និង​រាជ​សម្បត្តិ​ឲ្យ​បុរស​នោះ​សោយ​រាជ្យ​ជា​ស្តេច​ទៅ ។

ពាក្យ​ពិត​មិន​ចេះ​ស្លាប់

(ស្រង់​ចេញ​ពី​សៀវភៅប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​១)