ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​​កាស​ ៣០

កាល​ពី​ព្រេង​នាយ​ មាន​បុរស​ម្នាក់​នៅ​ស្រុក​មួយ​អា​ពុក​ម្តាយ​ស្លាប់​ទៅ​នៅ​កំព្រា​តែម្នាក់​ ឯង​ ហើយ​ក្រ​លំបាក​ណាស់​ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ មាន​តែ​កាស​៣០ ច្រក​ក្នុង​ទៃ​ក្រវ៉ាត់​ជាប់​នឹង​ចង្កេះ​ជា​និច្ច ។ បុរស​នោះ​ពិចារណា​ថា «អញ​ទៅ​ទី​ពឹង​អ្នក​ណា​នឹង​បាន​សុខ​» គិត​ទៅ​ឃើញ​ថា «​អញ​គួរ​ទៅ​នៅ​ជ្រក​កោន​នឹង​លោក​ក្រឡា​ហោម​ចុះ​» ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​ៗ​ដល់​ក្រាប​សំពះ​តាម​ការ​គួរ ។ លោក​ក្រឡា​ហោម​សួរ​ថា​ «​ជី​ឯង​មក​ពី​ស្រុក​ណា​ មាន​ការ​អ្វី​ ? » ។ បុរស​នោះ​ជំរាប​ថា​ «​ខ្ញុំ​បាទ​មក​ពី​ស្រុក​ឆ្ងាយ អាពុក​ម្តាយ​ស្លាប់​អស់​នៅ​កំព្រា​តែ​ម្នាក់​ឯង​ ខ្ញុំ​បាទ​មក​នេះ​សូម​ជ្រក​កោន​នៅ​បំរើ​ជា​កូន​ក្មួយ​ត​ទៅ​សូម​ព្រះ​តេជ​គុណ ​មេត្តា​» ។​ លោក​នោះ​សួរ​ថា​ជី​ឯង​ចេះ​អក្សរ​ល្ម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ​?​» ។ ជំរាប​ថា​ «​អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ​» ។ លោក​ក្រ​ឡា​ហោម​ប្រាប់​ថា​ «​យើង​ទទួល​ឲ្យ​នៅ​ តែ​ឲ្យ​ជី​ឯង​បោស​សំរាម​ក្រោម​ផ្ទះ​យើង​រាល់​ថ្ងៃ​កុំ​ខាន​» ។

បុរស​នោះ​ក៏​នៅ​បំរើ​បោស​ក្រោម​ផ្ទះ​រាល់​ថ្ងៃ​ដល់​ចំនួន​ ៣ ឆ្នាំ ។ ថ្ងៃ​មួយ​នោះ​បុរស​កាស​ ៣០ សួ​រ​មាតា​លោក​ក្រឡា​ហោម​ថា «​លោក​យាយ! លោក​ក្រឡា​ហោម​ជា​កូន​កើត​ ឆ្នាំ​ខែ​ថ្ងៃ​អី បាន​ជា​លោក​មាន​បុណ្យ​ មាន​ទ្រព្យ​ច្រើន​ម្លេះ​ ?» ។ យាយ​នោះ​ប្រាប់ឆ្នាំ​ខែ​ថ្ងៃ នឹង​ពេល​ដែល​កើត​សព្វ​គ្រប់​ ។ បុរស​នោះ​បាន​ស្តាប់​ចាំ​ប្រាកដ​ពិចារណា​ថា «​អញ​គួរ​កត់​ឆ្នាំ​ខែ​ថ្ងៃ​ នឹង​ពេល​លោក​នេះ ដាក់​ក្នុង​ដៃ​ឲ្យ​ជាប់​ គិត​ហើយ​ក៏​យក​កំណាត់​សំពត់​ស​ចាស់​ កត់​ឆ្នាំ​ខែ​ថ្ងៃ​ និង ពេល​ដែល​លោក​នោះ​កើត ហើយ​ដាក់​ក្នុង​ទៃ​មិន​ឲ្យ​អ្នក​ឯ​ណា​ដឹង​ឃើញ​ឡើយ» ។

ថ្ងៃ​ ក្រោយ​លោក​ក្រឡា​ហោម​សួរ​បុរស​កាស​ ៣០ ថា​«​ជី​ ឯង​មក​នៅ​នឹង​យើង​យូរ​ឆ្នាំ​ហើយ​ ពុំ​ទាន់​បាន​ធ្វើ​រាជការ​នឹង​គេ ខ្លួន​ជី​ឯង​កើត​ឆ្នាំ​ខែ​ថ្ងៃ​អ្វី​ ?​ » ។ បុរស​នោះ​ជំរាប​ថា​ «​ខ្ញុំបាទ​មិន​ចាំ​ តែ​កាល​អាពុក​ម្តាយ​ខ្ញុំ​បាទ​នៅ​ បាន​ឲ្យ​កំណត់​កត់​នឹង​កំណាត់​សំពត់​ស​មួយ​មក​នឹង​ខ្ញុំ​បាទ​ៗ ក៏​ទុក​នៅ​សព្វ​ថ្ងៃ​ តែ​មិន​ដឹង​ជា​រឿង​អ្វី​ ពី​ព្រោះ​ខ្ញុំ​បាទមិន​ចេះ​អក្សរ​» ។ លោក​ក្រឡា​ហោម​ថា «​បើ​ដូច្នេះ​ជី​ឯង​ឲ្យ​កំណាត់​នោះ​មក​អញ​» ។ បុរស​នោះ​ក៏​ជូន​កំណាត់​ទៅ​លោក​ៗ​ មើល​ឃើញ​កើត​ឆ្នាំ​ខែ​ថ្ងៃ​ពេល​ដូច​លោក​ៗ​គិត​ក្នុង​ចិត្ត​ថា​ «​ចៅ​នេះ​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​អញ​ដែរ គុណ​មើល​ទៅ​រូប​រាង​ឫក​ពា​វា​ក៏​សម​សួន​ ចៅ​នេះ​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ដូច​អញ​មិន​ខាន​» ហើយ​កាន់​កំណាត់​នោះ​ចូល​ទៅ​ក្នុង​បង្ហាញ​ខ្សឹប​ប្រាប់​ភរិយា​ថា​ «​គេហ៍​អើយ​! បុរស​ជា​កូន​ក្មួយ​យើង​ដែល​បោស​​សំរាម​សព្វ​ថ្ងៃ​នេះ វា​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូ​ច​អញ​ មើល​ឫក​ពា​សាច់​ឈាម​វា​ក៏​សម​សួន​ផង​ ទៅ​មុន​វា​នឹង​បាន​ធ្វើ​ជា​សេនា​បតី​ដូច​យើង​» ហើយ​លោក​នោះ​ប្រឹក្សា​នឹង​ប្រពន្ធ​ថា «​កូន​ស្រី​យើង​មួយ​នេះ គួរ​ឲ្យ​ទៅ​វា​ធ្វើ​ជា​ភរិយា​ចុះ ខ្លួនវា​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ត​វង្ស​យើង​» ។ ភរិយា​ក៏​យល់​ព្រម លោក​នោះ​ចេញ​មក​វិញ​ប្រាប់​បុរស​នោះ​ថា «​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ឯង​ឈប់​បោស​សំរាម​ក្រោម​ផ្ទះ​ចុះ ឯង​ត្រូវ​មក​បោស​ខាង​លើ​ផ្ទះ​វិញ ។

កន្លង​ មក​មួយ​ខែ​លោក​ក្រឡា​ហោម​ រៀប​វិវាហ​មង្គល​ការ​ផ្សំ​ផ្គំ​កូន​ស្រី​នឹង​បុរស​កាស​ ៣០ ជា​ស្វាមី​ភរិយា​ រួច​ស្រេច​លោក​ក្រឡា​ហោម​ក៏​បង្ហាត់​បង្ហាញ​កូន​ប្រសា​ឲ្យ​ធ្វើ​រាជការ​ ជាមួយ ចូល​គាល់​បំរើ​ស្តេច​ជា​រៀង​រាល់​ថ្ងៃ​ដរាប​មក​ ។

លុះ​ កន្លង​មក​ ៣ ខែមាន​គេ​ជំរាប​ថា​ «​កូន​ប្រសារ​លោក​មិន​មែន​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោក​ទេ រឿង​នេះ​គឺ​បុរស​នោះ​សួរ​លោក​យាយ​មាតា​អំពី​ឆ្នាំ​ខែ​ថ្ងៃ​លោក លោក​យាយ​ប្រាប់​សព្វ​គ្រប់ កូន​ប្រសារ​លោក​បាន​ស្តាប់​ក៏​សរសេរ​ចុះ​ក្នុង​កំណត់​សំពត់​ទុក លុះ​លោក​សួរ​ឆ្នាំ​ខែ​ថ្ងៃ ក៏​ជូន​កំណាត់​នោះ​មក លោក​មើល​ឃើញ​ថា​ កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោកៗ ក៏​ឲ្យ​កូន​ក្រមុំ​ធ្វើ​ជា​ភរិយា​ រឿង​នេះ​មិន​មែន​ដូច្នេះ​ទេ​ គឺ​ក្លែង​សរសេរ​ទុក​ជា​ប្រាកដ​» ។ លោក​ក្រឡា​ហោម​ក៏​ជឿ​ជាក់​ឥត​សង្ស័យ​ ហើយ​មាន​ចិត្ត​ទោមនស្ស​ជា​ខ្លាំង​គិត​ថា​​ «​មិន​គួរ​ណា​ចាញ់​ប្រាជ្ញា​អាមនុស្ស​កំសត់​នេះ​សោះ​» ក៏​រក​ឧបាយ​កល​ និង​ផ្តាច់​កូន​បណ្តេញ​ចោល​ចេញ ។

ក្រោយ​ នោះ​មាន​ទ័ព​ចោរ​បះ​បោរ​នៅ​ខេត្រ​ក្រៅ​ច្រើន​ ។ ស្តេច​ទ្រង់​ជ្រាប​ទ្រង់​ត្រាស់ប្រើ​លោក​ក្រឡា​ហោម​ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ មិន​រាប​ទាប ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​វិញ ។ ស្តេច​ត្រាស់​ប្រើឲ្យ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទៀត​ ក៏​មិន​រាប​ទាប​លើក​ទ័ព​ត្រឡប់​មក​យក​សេចក្តី​ក្រាប​បង្គំ​ទូល​ថា​ «​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លើក​ទ័ព​ទៅ​បង្រ្កាប​ចោរ​ពីរ​ដង​មិន​ឈ្នះ​វា​ ពី​ព្រោះ​សេនា​ទាហាន​ជា​ច្រើន​ ហើយ​ពូកែ​ផង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​សេនា​ទាហាន​ទៅ​ទៀត​ពុំ​បាន ត្បិត​មាន​ជម្ងឺ​ក្នុង​ខ្លួន​ច្រើន​ សូម​ទ្រង់​ចាត់​មន្ត្រី​ណា​មួយ​ដែល​ស្វា​ហាប់​ឲ្យ​នាំ​សេនា​ទាហាន​ ទៅ​បង្រ្កាប​ទ័ព​ចោរ ទាំង​នោះ​ជា​ឆាប់​តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ មាន​កូន​ប្រសារ​ប្រុស​ម្នាក់​ជា​មនុស្ស​មាន​ចិត្ត​​ទាហាន​ ហាន​ក្លា​ចំណេះ​វិជ្ជា​ក្នុង​ខ្លួន​វា​ក៏​មា​ន​ច្រើន​ បើ​ទ្រង់​ចាត់​ឲ្យ​វា​ទៅ វា​ហ៊ាន​ទៅ​មិន​ខ្លាច​» ដែល​លោក​ក្រឡា​ហោម​ទូល​ដូច្នេះ គឺ​ជា​ឧបាយ​ដោយ​ស្អប់​កូន​ប្រសារ​នោះ​ណាស់​បើ​វា​លើក​ទ័ព​ទៅ​ហើយ​ចោរ​ទាំង​ នោះ​នឹង​សម្លាប់​មិន​ខាន​​ ។ ស្តេច​ទ្រង់​ព្រះ​សណ្តាប់​ក៏​ឲ្យ​ហៅ​កូន​ប្រសារ​នោះ​មក ទ្រង់​មាន​ព្រះ​រាជ​ឪង្ការ​ប្រាប់​ថា «​ខែត្រ​ក្រៅ​មាន​ទ័ព​ចោរ​បះ​បោរ​ច្រើន ឥឡូវ​យើង​ប្រើ​អ្នក​ឯង​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្រ្កាប​ទ័ព​ចោរ​ទាំង​នោះ អ្នក​ឯង​ហ៊ាន​ទៅ​ឬ​ទេ​ ? បើ​ហ៊ាន​ទៅ ហើយ​ឈ្នះ​ចោរ​ផង​យើង​ឲ្យ​រង្វាន់​» ។

បុរស​ នោះ​ទូល​ថា «​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ហ៊ាន​ទទួល​ទៅ​ធ្វើ​រាជការ​ថ្វាយ​» ។ ទ្រង់​មាន​ព្រះ​រាជ​ឪង្ការ​ថា​ «​បើ​ដូច្នេះ​អ្នក​ឯង​នាំ​សេនា​ទាហាន​ទៅ​ជា​ឆាប់​ «​បុរស​ថ្វាយ​បង្គំ​លា​មក​ផ្ទះ​វិញ​ ជម្រាប​លោក​ក្រឡា​ហោម​ជា​បិតា​ក្មេក​តាម​រឿង​គ្រប់​ប្រការ រួច​លើក​ទ័ព​ចេញ​ទៅ ។ ទ័ព​ចោរ​បាន​ដឹង​ក៏​លើក​ទ័ព​មក​តតាំង​ច្បាំង​គ្នា​ជា​មាំ​មួន ។ ទ័ព​ចោរ​ទ្រាំ​ពុំ​បាន​ក៏​បរាជ័យ​បាក់​បប​ខ្លប​ខ្លាច​រត់​ខ្ចាត់​ខ្ចាយ​ វិនាស​អស់​ ។ បុរស​លើក​ទ័ព​បង្រ្កាប​រាប​គ្រប់​អន្លើ​ រួច​នាំ​សេនា​ទាហា​ន​ត្រឡប់​មក​វិញ ក្រាប​បង្គំ​ទូល​ពី​រឿង​ច្បាំង​នឹង​ទ័ព​ចោរ​គ្រប់​សេចក្តី ។ ស្តេច​ទ្រង់​ជ្រាប​ព្រះ​អំណរ​ពន់​ប្រមាណ ។

ឯ​លោក​ ក្រឡា​ហោម​ដឹង​ថា កូន​ប្រសារ​លើក​ទ័ព​ទៅ​បង្រ្កាប​ចោរ​រាប​ទាប​អស់​ដូច្នេះ​ក៏​មាន​ចិត្ត​ ទោមនស្ស​រឹត​តែ​ខ្លាំង​ ពី​ព្រោះ​គិត​ថា «​ដែល​ឲ្យ​វា​ទៅ​បង្រ្កាប​ទ័ព​ចោរ​នោះ ដើម្បី​ឲ្យ​ពួក​ចោរ​សម្លាប់​វា ឥឡូវ​ទៅ​ជា​វា​មាន​ជ័យ​ជម្នះ​វិញ» ។ រោគ​លោក​ក្រឡា​ហោម​រិត​តែ​ខ្លាំង​ឡើង ពេទ្យ​មើល​ពុំ​ជា​ក៏​ទទួល​មរណៈ​ទៅ ។ ស្តេច​ជ្រាប​ទ្រង់​ព្រះ​ចិន្តា​ថា​ «​នឹង​ឲ្យ​ឈ្មោះ​ណា​ធ្វើ​ក្រឡា​ហោម​ ? » ទ្រង់​ព្រះ​ចិន្តា​ទៅ​ឃើញ​តែ​បុរស​ដែល​វាយ​ទ័ព​ចោរ​រាប​នោះ​ឯង​ មាន​គុណ​បំណាច់​នឹង​រាជការ​ គួរ​ល្មម​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម បាន​ទ្រង់​ព្រះ​ចិន្តា​ដូច្នេះ​ហើយ​ក៏​ត្រាស់​ឲ្យ​ហៅ​បុរស​នោះ​មក​គាល់ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម តំណាង​បិតា​ក្មេក​តទៅ ។

មនុស្ស​កុំ​មើល​ងាយ​មនុស្ស

(ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែ​ភាគ ១)