ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

អភិវឌ្ឍន៍​ខ្លួន​ឯង​តាម​រយៈ​ការ​សរសេរ​ប្រចាំ​ថ្ងៃ

ការសរសេរ​គឺ​ជា​ផ្នែក​មួយនៃ​ការ​អភិវឌ្ឍន៍​ប្រាជ្ញា​ស្មារតី។ ពាក្យ​ទំនាម​ចាស់​បូរាណ​មួយ​ឃ្លា​ដែល​ប្រជា​ជន​ខ្មែរ​ច្រើន​និយាយ​ត​ៗ​គ្នា​ មក គឺ​ ស្តាប់ គិត​ សួរ​ កត់។ ពាក្យ​ទាំង​បួន​នេះ​គឺ​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​កសាង​បញ្ញា​ញាណ​របស់​ មនុស្ស។  ការ​កត់​ឬ​ការ​សរសេរ​ មិន​ត្រឹម​តែ​ជួយ​សម្រួល​កុំ​ឲ្យ​ភ្លេច​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​ឲ្យ​គំនិត​របស់​អ្នក​សរសេរ​កាន់​តែ​ច្បាស់​លាស់​ថែម​ទៀត​ ផង។ ចូរ​ទម្លាប់​កត់​ត្រា​ជា​ប្រចាំ​នូវ​ចំណេះ​ដឹង​ប្រចាំ​ថ្ងៃ ឬ​ព្រឹត្តិការណ៍​សំខាន់​ៗ​ដែល​មាន​ប្រយោជន៍​ដល់​ទិស​ដៅ​អនាគត​​របស់​អ្នក។



១. ចូរ​ទម្លាប់​ដាក់​កូន​សៀវភៅ​និង​ប៊ិច​មួយ​ដើម​នៅ​តាម​ខ្លួន​ជា​និច្ច ដើម្បី​ងាយ​ស្រួល​ពេល​ដែល​នឹក​ឃើញ​គំនិត​ល្អ​អ្វី​មួយ ឬ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ណាមួយ​ភ្លាម​ អ្នក​អាច​កត់​ត្រា​ទុក​ភ្លាម​ៗ​បាន។

២. ចូរ​កត់​ត្រា​ចំណេះ​ដឹង​ថ្មី​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​ក្នុង​មួយ​ថ្ងៃ មិន​ថា​ចំណេះ​នោះ​បាន​មក​ពីការ​អាន ការ​មើល​ទូរទស្សន៍ ឬ​ការ​សង្កេតទេ។

៣. ចូរ​កត់​ត្រា​​ជោគ​ជ័យ​ដែល​អ្នក​សម្រេច​បានកន្លង​មក​​។ វា​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​កាន់​តែ​ជឿជាក់​និង​ពេញ​ចិត្ត​ចំពោះ​ខ្លួន​ ឯង។

៤. ចូរ​កត់​ត្រា​ពី​អារម្មណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ទាំង​លំបាក​ចិត្ត​និង​ សប្បាយ​ចិត្ត។ រួច​យក​កំណត់​ហេតុ​នេះ​មក​អាន​រៀង​រាល់​ចុង​សប្តាហ៍​។ ធ្វើ​បែប​នេះ អ្នក​នឹង​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​។

៥. យូរ​ៗ​ម្តង​ ចូរ​ស្រង់​យក​ចំណេះ​ដឹង​សំខាន់​ៗ​ ដែល​បានកត់​ត្រា​រួច​ ចែក​រំលែក​និង​ពិភាក្សា​​ជាមួយ​មិត្ត​ភក្តិ។ ចំណេះ​វិជ្ជា​ប្រៀប​បាន​ដូច​ជា​កាំបិត បើ​ទុក​ចោល​វា​ចាស់ បើ​ប្រើ​ណាស់​វា​ថ្មី។ ចែក​រំលែក​ចំណេះ​ដឹង​ជាមួយ​មិត្ត​ភក្តិ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចេះ​ច្បាស់​។

សាលារៀន salarean.com