ស្វែងយល់ពីធនាគារ
១០ឆ្នាំមុន នៅកម្ពុជា ប្រសិនបើមាននរណាម្នាក់និយាយថាខ្ញុំដាក់ប្រាក់នៅធនាគារ ប្រាកដជាមានគេពេបជ្រាបជាមិនខានថា មានប្រាក់ខ្លួនឯងមិនចេះទុក បែរជាឲ្យគេទុកឲ្យ។ ទៅទុកចិត្តអីធនាគារ។ តែស្ថានភាពបច្ចុប្បន្នផ្ទុយស្រឡះទាំងស្រុងពីស្ថានភាពពីអតីតកាល។ តើមានមនុស្សប៉ុន្មាននាក់ទុកប្រាក់សុទ្ធនៅផ្ទះ? ប្រាកដជាមានមិនច្រើននាក់ទេ។
អតិថិជនយកប្រាក់ទៅផ្ញើនៅធនាគារដោយសារមូលហេតុចំបងៗមួយចំនួន៖
១. សុវត្ថិភាព៖ មិនបារម្ភពីចោរលួចប្លន់ ភ្លើងឆេះ ឬបាត់បង់ដោយប្រការផ្សេងៗ
២. ងាយស្រួលដកវិញ ព្រោះអាចដកពេលណាក៏បានតាម អេធីអឹម-ATM ២៤ម៉ោងលើ២៤ម៉ោង
៣. សន្សំប្រាក់
៤. កសាងទំនាក់ទំនងល្អជាមួយធនាគារ ដើម្បីងាយស្រួលខ្ចីប្រាក់ទៅថ្ងៃក្រោយ
ដើម្បីយល់កាន់តែច្បាស់ពីធនាគារ គេគួរដឹងអំពីតួនាទីរបស់បុគ្គលិកបួនប្រភេទដែលគេតែងជួបទំនាក់ ទំនងជាញឹកញាប់ពេលទៅធានាគារ។
១. អ្នកផ្តល់សេវាកម្មអតិថិជន៖ ជាអ្នកផ្តល់ព័ត៌មានអំពីធនាគារ ឆ្លើយតបនឹងចំងល់អតិថិជន ពន្យល់ពីសេវាកម្មធនាគារ ជួយបើកគណនីឲ្យអតិថិជន និងនាំអតិថិជនទៅរកអ្នកដែលអាចជួយដោះស្រាយបញ្ហាបាន។
២. បេឡាករ៖ ជាអ្នកទទួលប្រាក់ និងដកប្រាក់ឲ្យអតិថិជន ឆ្លើយតបនឹងសំណួរ និងនាំអតិថិជនទៅជួបអ្នកដែលអាចដោះស្រាយបញ្ហាបាន។
៣. មន្ត្រីឥណទាន៖ ទទួលពាក្យសុំខ្ចីប្រាក់ ជួយបំពេញសំណុំបែបបទ ឆ្លើយតបនឹងសំណួរ ផ្តល់ឯកសារសេវាកម្មក្រុមហ៊ុន
៤. ប្រធានសាខា៖ គ្រប់គ្រងដឹកនាំ ប្រតិបត្តិការទូទៅរបស់ធនាគារ និងជួយដោះស្រាយបញ្ហានានាដែលបុគ្គលិកដោះស្រាយមិនចេញ។
ការបង្កើតគណនីនៅធនាគារ
ដើម្បីបើកគណនីនៅធនាគារបាន គេត្រូវមានឯកសារសំគាល់ខ្លួន និងឯកសារពាក់ព័ន្ធផ្សេងទៀត អាស្រ័យទៅតាមតម្រូវការរបស់ធនាគារនីមួយៗ។ ធនាគារភាគច្រើនតម្រូវឲ្យដាក់ប្រាក់តំកល់អប្បបរមា ក្នុងគណនី។ ដើម្បីរក្សាគណនីរបស់ខ្លួនឲ្យនៅដំណើរការ តាមធម្មតា អតិថិជនត្រូវមានប្រតិបត្តិការ ដាក់ឬដកប្រាក់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
ការខ្ចីប្រាក់ពីធនាគារ
មុនពេលខ្ចីប្រាក់ពីធនាគារណាមួយ គេគួរសិក្សាឲ្យបានច្បាស់ពីគោលនយោបាយឥណទានរបស់ធនាគារនោះ ជាពិសេសការប្រាក់ និងថ្លៃឈ្នួលដែលត្រូវបង់សម្រាប់ដំណើរការសុំប្រាក់កំចី។
ប្រភេទធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារពាណិជ្ជ (សូមចុចត្រង់នេះដើម្បីទាញយកបញ្ជីធនាគារពាណិជ្ជ)
ធនាគារឯកទេស (សូមចុចត្រង់នេះដើម្បីទាញយកបញ្ជីធនាគារឯកទេស)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (សូមចុចត្រង់នេះដើម្បីទាញយកបញ្ជីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)
សាលារៀន salarean.com