ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

៥​យ៉ាង​ធ្វើ​ឲ្យ​ជីវិត​រីក​រាយ​

១. មាន​ប្រាក់​ល្មម​សម​រស់​នៅ​បាន​ហើយ៖ អ្នក​ខ្លះ​ខំ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បីប្រាក់។ រក​ប្រាក់​បាន​ហើយ​តើ​សប្បាយ​ចិត្ត​ទេ បើ​ជួន​កាល​មិន​ទាំង​ពេញ​ចិត្ត​និង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ផង។ សម្ភារៈ​និយម​ និង​ទ្រព្យ​សម្បត្តិ​ក្រៅ​ខ្លួន​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​សុភមង្គល​រីក​ រាយ​ក្នុង​ចិត្ត​បាន​ទេ។ ចូរ​ធ្វើ​កិច្ច​ការ​ណា​ដែល​អ្នក​ពេញ​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។ ចូរ​រស់​នៅ​យ៉ាង​សាមញ្ញ​សម​រម្យ ចាយ​វាយ​សម​ល្មម​ ហើយ​រីក​រាយ​នឹង​អ្វី​ដែល​ខ្លូន​មាន​សព្វ​ថ្ងៃ​នេះ។

២. កុំ​ប្រញាប់​រៀបការ​ពេក៖ និយាយ​បែប​នេះ​មិនមែន​មាន​ន័យ​ថា​ ការ​រៀប​ការ​មិន​ល្អ​នោះ​ទេ។ មុន​នឹង​រៀបការ​ចូរ​ពិចារណា​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ តើ​អ្នក​ពិត​ជា​ចង់​ចំណាយ​ពេល​រស់​នៅ​អស់​មួយ​ជីវិត​ជាមួយ​មនុស្ស​ម្នាក់​ នោះ​មែន​ទេ។ ការ​ជ្រើស​រើស​គូ​ស្រករ​តែ​ខុស​ម្តង​គឺ​ខុស​មួយ​ជីវិត។ ក្រោយ​ពេល​រៀប​ការ​រួច គឺ​ហួស​ពេល​ពោល​ពាក្យ​ថា​ស្តាយ​ក្រោយ​ហើយ។ ដើម្បី​ឲ្យ​ជីវិត​រីក​រាយ​ ចូរ​ពិចារណា​ ហើយ​ពិចារណា​ទៀត​ មុន​នឹង​រៀប​ការ។

៣. រក​ពេល​វេលា​បំពេញ​ចិត្ត​ខ្លួន​ឯង​ខ្លះ។ ហេតុ​អ្វី​ជួយ​អ្នក​ដទៃ​បាន ហេតុ​អ្វី​បំពេញចិត្ត​អ្នក​ដទៃ​បាន​ ហេតុអ្វី​ធ្វើ​ឲ្យ​អ្នក​ដទៃ​សប្បាយ​បាន​ តែ​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​បាន? ចូរ​ធ្វើ​រឿង​ដែល​សប្បាយ​ៗ  ធ្វើ​កិច្ច​ការ​ដែល​ខ្លួន​ចូល​ចិត្ត នោះអ្នក​នឹង​មាន​ចិត្ត​រីក​រាយ​ជួយ​ដល់​អ្នក​ដទៃ​ទៀត។

៤. ធ្វើ​មិន​ដឹង​មិន​ឮ​ខ្លះ​ចំពោះ​រឿង​ជុំ​វិញ​ខ្លួន៖ សម័យ​បច្ចុប្បន្ន​មនុស្ស​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ទិស​ទី ព្រឹត្តិការណ៍​​ជុំ​វិញ​ពិភព​​លោក​ ទទួល​បាន​តាម​ទូរទស្សន៍​ អ៊ិនធើណិត ឬ​ទូរស័ព្ទ។ យើង​បាន​ដឹង​សឹង​តែ​គ្រប់​រឿង។ សួរ​ថា​តើ​ចិត្ត​យើង​បាន​ស្ងប់​ទេ? ជួន​កាល​ព័ត៌មាន​ខ្លះ​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​ ខ្លាច​នេះ​ខ្លាច​នោះ ខ្លាច​អសុវត្ថិភាព។ ដើម្បី​ជិវិត​រីក​រាយ​ គួរ​បំភ្លេច​រឿង​ជុំ​វិញ​ខ្លួន​ចោល​ ហើយ​ផ្តោត​លើ​ជីវិត​ផ្ទាល់​ខ្លួន​វិញ។

៥. មាន​មិត្ត​ភក្តិ​តិច​បាន​ហើយ​ តែ​សុទ្ធ​តែ​ជា​កល្យាណមិត្ត មិត្ត​ដែល​អាច​រួម​សុខ​រួម​ទុក្ខ មិត្ត​ជា​ទី​ទុក​ចិត្ត​ដែល​អាច​ថ្លែង​ប្រាប់​ពីរឿង​លំបាក​ចិត្ត​ សប្បាយចិត្ត។

សាលារៀន salarean.com