ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ព្រះ​បរម​នាម​​អតីត​ព្រះមហាក្សត្រ​ ប្រែ​ជា​ភាសា​សំរាយ

ព្រះ​បរមនាម​អតីត​ព្រះ​មហាក្សត្រ​ គឺ "ព្រះបាទ ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី" ។ ពាក្យ​នីមួយៗ​ក្នុង​ព្រះ​បរម​នាម​នេះ​ សុទ្ធ​សឹង​តែ​ជា​សព្ទ​បាលី សំស្រ្កឹត ដែល​មាន​អត្ថន័យ​ជ្រៅ​ ប្រសិន​បើ​មិន​ពូកែ​ខាង​អក្សរសាស្ត្រ​ខ្មែរ​ទេ​ មុខ​តែ​មិន​អាច​យល់​អត្ថន័យ​ពិត​បាន​ឡើយ។

សាលារៀន​ដត​ខម​សូម​លើក​យក​អត្ថន័យ​ជា​ពាក្យ​សំរាយ​ ដែល​ស្រង់​ចេញ​ពី​សៀវភៅ ភាសា​ខ្មែរ និពន្ធ​ដោយ​ លោក អៀវ កើស ការ​ផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៩ ដូច​តទៅ៖

ព្រះ ប្រែ​ថា​ប្រសើរ

បាទ ប្រែ​ថា​ជើង

សម្តេច មិនមែន​ពាក្យបាលី​មិន​បាច់​ប្រែ

ព្រះ ប្រែ​រួច​ហើយ

នរោត្តម < នរ + ឧត្តម

នរ ប្រែ​ថា​មនុស្ស​

ឧត្តម ប្រែ​ថា​ខ្ពស់​បំផុត ប្រសើរ​ណាស់

សីហនុ < សីហ + ហនុ

សីហ ប្រែ​ថា​តោ ស្តេច​សត្វ

ហនុ ថ្គាម

ការ​បញ្ចូល​ជា​បទ​ទសមាស​ប្រែថា​ មនុស្ស​ដ៏​ខ្ពង់​ខ្ពស់ ជា​ស្តេច​

រាជ​ហរិរង្ស < រាជ + ហរិ + វង្ស ប្រែ​ថា​ពូជ​ព្រះ​នរាយន៍​ជា​ស្តេច

រាជ ប្រែថា​ស្តេច

ហរិ ប្រែ​ថា​ព្រះនរាយ​ន៍

វង្ស ប្រែថា ពូជ ត្រកូល

ឧភតោសុជាតិ < ឧភតោ + សុជាតិ

ឧភតោ ប្រែ​ថា​ទាំង​ពីរ​ពង្ស (ទាំង​ខាង​សម្តេច​ព្រះ​បរម​រាជ​បិតា ទាំង​ខាង​សម្តេច​ព្រះ​រាជ​ជននី)

សុជាតិ ប្រែ​ថា​បាន​កើត​មក​ដោយ​ប្រពៃ

វិសុទ្ធិពង្ស< វិសុទ្ធិ + ពង្ស

វិសុទ្ធិ ប្រែថា​សេចក្តី​ស្អាត​វិសេស​ឥត​មន្ទិល

ពង្ស ស្មើ​នឹង​ពាក្យ វង្ស (អធិប្បាយ​រួច​ហើយ)

អគ្គមហា​បុរស​រតន៍ < អគ្គ + មហា + បុរស + រតន៍

អគ្គ ប្រែថា​ កំពូល

មហា ប្រែ​ថា ធំ

បុរស ប្រែ​ថា​ ប្រុស

រតន៍ ប្រែថា​ ដែល​ញាំង​ចិត្ត​ឲ្យ​រីក​រាយ​ ដោយ​ចំពោះ​គឺ​ កែវ ពេជ្រ ត្បូង គ្រប់​យ៉ាង

និករោត្តម < និករ + ឧត្តម

និករ ប្រែ​ថា​ពួក

ឧត្តម អធិប្បាយ​រួច​ហើយ

ធម្មិកមហារាជាធិរាជ < ធម្មិក + មហា + រាជាធិរាជ

ធម្មិក ប្រែ​ថា ប្រកប​ដោយ​ធម៌ កាន់​សេចក្តី​យុត្តិធម៌ ត្រឹម​ត្រូវ

មហា អធិប្បាយ​រួច​ហើយ

រាជាធិរាជ ស្តេច​លើ​ស្តេច

បរមនាថ < បរម + នាថ

បរម ប្រែថា ខ្ពស់​បំផុត​ ក្រៃ​លែង

នាថ ប្រែថា អ្នក​រក្សា​ថែទំា ម្ចាស់ នាយ

បរមបពិត្រ < បរម + បពិត្រ

បរម អធិប្បាយ​រួច​ហើយ

បពិត្រ ប្រែថា​គ្រឿង​សំអាត​ឲ្យ​បរិសុទ្ធ អ្នក​មាន​ទ្រព្យ​ជា​គ្រឿង​រីករាយ

ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី < ព្រះ ចៅ ក្រុង កម្ពុជា​ធិបតី

ព្រះ អធិប្បាយ​រួច​ហើយ

ចៅ មិន​មែន​ពាក្យ​បាលី សំស្ក្រឹត​

ក្រុង មិន​មែន​ពាក្យ​បាលី សំស្ក្រឹត​

កម្ពុជា​ធិបតី  < កម្ពុជា + អធិ + បតិ

កម្ពុជា ប្រែ​ថា​ស្រុក​ខ្មែរ

អធិ ប្រែ​ថា​នៅ​លើ

បតិ ប្រែថា​ម្ចាស់​

សៀវភៅ​​​ភាសារ​ខ្មែរ ការ​ល្បង​ពិនិត្យ​រក​ហេតុ​ផល និពន្ធ​ដោយ​ លោក អៀវ កើស ការ​ផ្សាយ​របស់​ពុទ្ធសាសន​បណ្ឌិត្យ ព.ស ២៥៣៩

សម្រង់​ខ្លឹមសារ​ និង វាយ​អត្ថបទ​ដោយ សាលារៀន salarean.com