សៀវភៅ ពុទ្ធទំនាយ
ពុទ្ធទំនាយ ពាក្យនេះគេតែងឮជារឿយៗក្នុងសង្គមខ្មែរ អ្នកខ្លះដឹងឮតិច អ្នកខ្លះដឹងឮច្រើន ទៅតាមការនិយាយតៗគ្នាឬតាមរយៈឯកសារ។ តើព្រះពុទ្ធពិតជាបានទាយអំពីស្រុកខ្មែរមែនឬ?
សៀវភៅ ពុទ្ធទំនាយ ឥន្ទទំនាយ ឥសីទំនាយ បានប្រមូលចងក្រងរាល់ឯកសារដែលប្រជាជនខ្មែរតែងចាត់ទុកថាជាពុទ្ធ ទំនាយ។ សៀវភៅនេះ ចងក្រងឡើងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និង ធន់ ហ៊ិន។ បើតាមយោបល់របស់អ្នកចងក្រងយល់ថា ការប្រើពាក្យថា ពុទ្ធទំនាយ ឬឥន្ទ្រទំនាយ គឺជាវិធីសាស្ត្រមួយរបស់លោកអ្នកប្រាជ្ញាខ្មែរ តែប៉ុណ្ណោះ ដោយហេតុថា (១) ទំនាយនោះមានលក្ខណៈអស្ចារ្យពេក មិនសមថាមនុស្សលោកអាចនឹងដឹងបានក្រៅពីអច្ឆរិយបុគ្គល មានព្រះពុទ្ធជាដើម ឬទេព្តាមានព្រះឥន្ទ្រជាដើម ទើបបានលោកសរសេរឈ្មោះទាំងពីរនេះវិញ (២)ដោយសារលោកចង់ឲ្យអ្នកកាន់ព្រះពុទ្ធសាសនា ក៏ដូចជាអ្នកកាន់ព្រហ្មញ្ញសាសនាមានជំនឿស៊ុបលើទំនាយដ៏អស្ចារ្យ ទាំងនោះ និង (៣) ដើម្បីសន្តិសុខផ្ទាល់ខ្លួនព្រោះទំនាយនេះមិនត្រឹមតែនិយាយពីនគរ គោកធ្លក (កម្ពុជា) ប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយដល់ព្រះមហាក្សត្រិយ៍និងនាហ្មឺនធំៗផងដែរ។
ក្នុងចំណោមពុទ្ធទំនាយទាំងឡាយ មានតែពុទ្ធទំនាយសោឡសនិមិ្មត ដែលថ្លែងពីមហាសុបិន ១៦ ប្រការទេដែលមានចែងក្នុងគម្ពីព្រះត្រៃបិដក ក្រៅពីនោះគ្មានពុទ្ធទំនាយណាមួយមានប្រភពច្បាស់លាស់ទេ។
សុបិនទី១៖ ឃើញគោឧសភរាជរត់ពីទិសទាំងបួន សំដៅមកព្រះលានក្នុងកិរិយាថានឹងជល់គ្នា ប៉ុន្តែលុះមកដល់បែរជាមិនជល់គ្នាវិញ
ទំនាយ៖ អំណើះតទៅមុខ មេឃ អាកាស នឹងប្រែប្រួលខុសប្រក្រតី ។ ជួនកាលមេឃខ្មៅថានឹងភ្លៀងប្រែជាមិនភ្លៀង មេឃស្រឡះថាមិនមានភ្លៀងបែរជាធ្លាក់ភ្លៀង។
សុបិនទី២៖ ឃើញដើមឈើដុះបានកំពស់ត្រឹមតែមួយហត្ថ ស្រាប់តែមានបែកមែកសាខា មានផ្លែផ្កា រណែងរណោង
ទំនាយ៖ អំណើះតទៅមុខមនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្តីប្រពន្ធនៅក្មេងៗណាស់ព្រោះមានកិលេសច្រើនពេក គឺអាយុ ១៣ឆ្នាំ ១៤ ឆ្នាំ ១៥ឆ្នាំ គេនឹងរៀបការគ្នាជាប្តីប្រពន្ធមានកូន អាយុ២៥ឆ្នាំ ៣០ឆ្នាំ ក៏មានចៅ ឯអាយុកាន់តែខ្លីទៅៗ ហើយក្មេងស្រីៗឆាប់មានរដូវណាស់។
សុបិនទី៣៖ ឃើញមេគោធំៗបង្កើតកូនមកហើយក្នុងថ្ងៃហ្នឹង រួចសុំបៅដោះកូនរបស់ខ្លួន
ទំនាយ៖ អំណើះតទៅមុខមនុស្សកាន់តែបាត់បង់សីលធម៌ច្រើនមិនសូវចេះគោរពមាតា បិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀត មាតាត្រូវអង្វរករ កូន ត្រូវខំផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួន ជាឪពុកម្តាយឲ្យបាយទទួលទានផង។
..........................................................................................
សូមស្វែងយល់លំអិតបន្ថែមដោយខ្លួនឯងអំពីទំនាយទាំង១៦។
"មានផ្ទះតែគ្មានមនុស្សនៅ ហើយមានតែផ្លូវ គ្មានមនុស្សដើរទេ។ ទឹកហូរច្រាសឡើងលើ មិនព្រួយជើងដើរ ហោះបានរាល់គ្នា ។ យកកប្បាសទិញដូរម្លូស្លា អស់ប្រាក់ទៅឯណា វិនាសបាត់បង់ ។ ... "
នេះជាឃ្លាចុងក្រោយនៅក្នុង ព្រះឥន្ទទំនាយ ។ បើតាមឯកសារ ក្បួនឥន្ទ្រទំនាយនេះមានតាំងពី ពុទ្ធសករាជ ១៣០០ មកម្ល៉េះ។
ទំនាយនេះហាក់ដូចជាស្របគ្នានឹងប្រវត្តិសាស្ត្រកម្ពុជា ពោលគឺកាលពីជំនាន់ លន់ នល់ មុនពេលប៉ុលពតចូលកាន់អំណាចមានពាក្យចចាមអារាមអំពី ពុទ្ធទំនាយ(គេហៅថាពុទ្ធទំនាយ គេមិនថាឥន្ទទំនាយទេ) មានផ្ទះតែគ្មាននៅ ហើយមានផ្លូវតែគ្មានមនុស្សដើរ ... ។ គ្មាននរណាម្នាក់ស្មានដល់ថា រឿងនេះពិតជាកើតឡើងមែនទេ ស្រាប់តែក្នុងសម័យប៉ុលពត ទើបគេដឹងថាវាជាការពិត។ សូមសង្កេតមើលពាក្យទំនាយម្តងទៀត
"មានផ្ទះតែគ្មានមនុស្សនៅ ហើយមានតែផ្លូវ គ្មានមនុស្សដើរទេ។ ទឹកហូរច្រាសឡើងលើ មិនព្រួយជើងដើរ ហោះបានរាល់គ្នា ។ យកកប្បាសទិញដូរម្លូស្លា អស់ប្រាក់ទៅឯណា វិនាសបាត់បង់ ។ ... "
................................................
ឯកសារទំនាយទាំងអស់ដែលចងក្រងក្នុងសៀវភៅពុទ្ធទំនាយរួមមាន៖ សោឡស និម្មិត សាស្ត្រពារសុក្រ សាស្ត្រាពារសៅរ៍ ព្រះបាទធម្មិក ស្ពានជ្រោយចង្វារ មកុដកែវ ប្រស្នាព្រះឥន្ទ បុថុជ្ជន ឥន្ទទំនាយ
បើតាមការអានសាស្ត្រាពារសុក្រ និងសាស្ត្រាពារសៅរ៍ គឺមានពាក្យដូចគ្នាត្រង់៖
ផ្គរលាន់ឯបូព៌ឮកណ្តុក អ្នកតាចាស់ស្រុកឱបដៃយំ
កំពិសឡើងពងកំពូលភ្នំ ក្អែក ស សម្ងំក្នុងគុម្ពត្រែង។
ពោធិ៍ព្រឹក្សរាបគល់ពុំចាក់ឫស ពស់វែកត្រាំពិសផ្តាំកន្លែង
ក្របីលាក់ខ្លួនសម្រួចស្នែង ...........។
តើទំនាយទាំងពីរនេះមានអ្វីទាក់ទងគ្នា?
តើទំនាយទាំងអស់នេះបង្កប់ដោយអាថ៌កំបាំងអ្វីខ្លះ?
សូមប្រិយមិត្តអ្នកអានសិក្សាស្រាវជ្រាវបន្ថែម និងវិភាគពិចារណាដោយរៀងៗខ្លួន សៀវភៅពុទ្ធទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និង ធន់ ហ៊ិន ។
សាលារៀន salarean.com
