ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

គ្រាប់​ពេជ្រ​

មនុស្ស ​ប្រើ​ប្រាស់​ពេជ្រ​ចាប់​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ។ ពេជ្រ​នៅ​តែ​តំណាង​ឲ្យ​អំណាច​និង​កេរ្តិ៍​ឈ្មោះ។ ជន​ល្បី​ៗ​​នៅ​ទូទាំង​ពិភព​លោក​សុទ្ធ​តែ​ពាក់​ពេជ្រ។ ពេជ្រ​គឺ​ជា​រ៉ែ​ដែល​គេ​ទាញ​យក​ចេញ​ពី​ក្រោម​ដី។ ពេជ្រ​ត្រូ​វ​បាន​គេ​ច្នៃ​ដុស​ខាត់​ឲ្យ​ចែង​ចាំង​ ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ដ៏​ថ្លៃ។ អស់​រយៈ​ពេល​ច្រើន​ជំនាន់​មក​ហើយ​ មនុស្ស​បាន​ចុះ​ទៅក្រោម​ដី​ដ៏​ជ្រៅ​ដើម្បី​រុក​រក​ត្បូង​មាន​តម្លៃ។ នេះ​ជា​កិច្ច​ការ​ដ៏​លំបាក​និង​ដ៏​មាន​គ្រោះ​ថ្នាក់។

ពេជ្រ​កកើត​​ឡើង​ពី​កាបូន​រាប់​លាន​ឆ្នាំ​មក​ហើយ​ ក្រោម​សំពាធ​និង​កំដៅ​ដ៏​ខ្លាំង​​ក្លា ស្ថិត​ក្នុង​ជម្រៅ​រាប់​រយ​គីឡូ​ម៉ែត្រ​ក្រោម​សំបក​ផែន​ដី​។ គេ​ពិនិត្យ​ពេជ្រ​ និង​រក្សា​ទុក​ដោយ​បែង​ចែក​ទៅ​តាម​ពណ៌។ ពណ៌​ដែលល្អ​បំផុត​ គឺ​គ្មាន​ពណ៌។ អ្នក​ជំនាញ​ពង្រីក​មើល​ពេជ្រ​មិន​ទាន់​ច្នៃ​ដោយ​ប្រើ​កុំ​ព្យូទ័រ​ ដើម្បី​ងាយ​ស្រួល​កាត់។ ពេជ្រ​គឺ​ជា​រ៉ែ​ធម្ម​ជាតិ​ដែល​រឹង​ជាង​គេ​បំផុត​។ មាន​តែ​ពេជ្រ​ទេ​ដែល​អាច​កាត់​ពេជ្រ​បាន​។ គេ​ថ្លឹង​ទម្ងន់​និង​ដាក់​តម្លៃ​ពេជ្រ​​ជា​ការ៉ាត។ មួយ​ការ៉ាត​ស្មើ​នឹង​ពីរ​រយ​មីលីក្រាម។ ក្រៅ​ពី​ទម្ងន់​​ការ៉ាត​និង​ពណ៌​ តម្លៃ​របស់​ពេជ្រ​គឺ​ផ្អែក​លើ​ភាព​ថ្លា​និង​មុខ​កាត់​ គឺ​រូប​រាង​របស់​ពេជ្រ​ដែល​ច្នៃ​រួច។

ជំនួញ​ពេជ្រ​​អន្តរជាតិ​មាន​ទំហំ​​ ៨០ ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។ ជំនួញ​នេះ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ ផ្តល់​ការ​ងារ​ដល់​កម្មករ​ក្នុង​បណ្តា​ប្រទេស​ក្រី​ក្រ​បំផុត​មួយ​ចំនួន។ ប៉ុន្តែ​ជំនួញ​ពេជ្រ​ ក៏​ត្រូវ​បាន​គេ​ប្រើ​ផង​ដែរ​សម្រាប់​ជួយ​ដល់​សង្រ្គាម​ បំភិត​បំភ័យ​ជន​ស៊ីវិល និង​រក្សា​អំណាចជន​ផ្តាច់​ការ។

ប្រែ​សម្រួល​រៀប​រៀង​ដោយ សាលារៀន salarean.com