ល្បិចបាំងមេឃឆ្លងសមុទ្រ
ប្រវត្តិដើម
នៅឆ្នាំ ៦៤៣ មុន គ្រិស្តសករាជ ស្តេច ថាង ថៃ ចុង បានដឹកនំាទ័ពដោយផ្ទាល់ទៅជួយប្រទេសតូចមួយនៅភាគខាងកើត។ អ្នកជំនិតដ៏ស្មោះត្រង់របស់ព្រះអង្គ បានព្យាយាមហាមប្រាមព្រះអង្គកុំឲ្យទៅ ព្រោះការយាងដំណើរលើកនេះនឹងត្រូវឆ្លងសមុទ្រ ប៉ុន្តែហាមមិនបានសម្រេច។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលបានឃើញសមុទ្រដ៏ធំមហិមា ស្តេច ថាង ថៃ ចុង តក់ស្លុតឥតឧបមា។ ព្រះអង្គបញ្ជាឲ្យអ្នកជំនិតរកវិធីឆ្លងសមុទ្រ តែពុំមានអ្នកណាហ៊ានផ្តល់យោបល់សោះ ពេលបានឃើញរលកធំៗដូច្នោះ។
មានកូនទាហានម្នាក់ដែលពូកែទាំងវិជ្ជាគុន និងប្រាជ្ញា បានលើកឡើងថាខ្លួនមានវិធីធ្វើឲ្យសមុទ្ររលាយបាត់ ហើយព្រះរាជានិងពលទាហាន អាចឆ្លងកាត់ហាក់ដូចជានៅលើផ្ទៃដី។ មុននឹងពិភាក្សាអំពីផែនការឆ្លងសមុទ្រ កូនទាហានរូបនោះ បានយាងដំណើរស្តេច ស្តេចនិងកងទ័ពទាំងអស់ចូលទៅជប់លៀងក្រោមដំបូលតង់ដ៏ធំមហិមា របស់សេដ្ឋីម្នាក់ដែលរបស់នៅជាប់មាត់សមុទ្រ។ តង់ត្រូវបានគេតុបតែងយ៉ាងល្អប្រណីត និងមានអ្នកបម្រើរាប់រយនាក់។ ទាំងព្រះរាជា អ្នកជំនិត និងកងទ័ពទាំងអស់ សប្បាយនឹងពិធីជប់លៀង ម្ហូបឆ្ងាញ់ តន្ត្រីពីរោះ និងស្រីរបាំស្អាតៗ។
ពីធីជប់លៀងបន្តជាប់គ្នាអស់រយៈពេលជាច្រើនថ្ងៃ។ ថ្ងៃមួយស្តេច ថាង ថៃ ចុង និង អ្នកជំនិតបានឮសូរសំលេងខ្យល់ និងរលកបក់បោកយ៉ាងខ្លាំង។ ព្រះអង្គ ហាក់សង្ស័យ ក៏បញ្ជាឲ្យសេនាទៅបើកតង់មើលទៅខាងក្រៅ។ ទ្រង់ស្រឡាំងកាំង នៅពេលដែលឃើញថា តាមពិតព្រះអង្គមិនមែនកំពុងតែជប់លៀងនៅក្នុងផ្ទះរបស់សេដ្ឋី ដែនសមុទ្រទេ គឺទ្រង់កំពុងតែធ្វើដំណើរលើសមុទ្រ! ព្រះអង្គ ក៏សួរឡើងភ្លាមថាតើយើងកំពុងនៅទីណា? អ្នកជំនិតម្នាក់ ឆ្លើយថាក្រាបទូលព្រះអង្គ នេះគឺជាផែនការឆ្លងសមុទ្រ យើងនឹងចូលដល់ច្រាំងត្រើយខាងកើតក្នុងពេលឆាប់ៗ។ នៅទីបំផុតទើប ស្តេច ថាង ថៃ ចុង ដឹងថា តាមពិតព្រះអង្គ ស្ថិតលើនវាដ៏ធំមហិមាមួយ។ មិនយូរប៉ុន្មាន នាវាក៏ចូលដល់ច្រាំងប្រកបដោយសុវត្ថិភាព។
ការប្រើប្រាស់ក្នុងជំនួញបច្ចុប្បន្ន
គេច្រើនប្រើ ល្បិចបាំងមេឃឆ្លងសមុទ្រក្នុងវិស័យសេវាកម្ម មានដូចជាការធ្វើដំណើរតាមយន្តហោះជាដើម។ តាមធម្មតាការធ្វើដំណើរតាមយន្តហោះ នរណាក៏នឿយហត់ដែរ ហើយមានអ្នកខ្លះទៀតភ័យខ្លាចថែមទៀតផង។ ដើម្បីបាំងមេឃ ឬបំបាត់ការភ័យខ្លាច ក្រុមហ៊ុនអាកាសចរណ៍តែងតែ បម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងតន្ត្រី នៅលើយន្តហោះ ធ្វើយ៉ាងណាឲ្យភ្ញៀវភ្លេចគិតពីការហោះហើរលើអាកាស។ ម្ហូបឆ្ងាញ់ សេវាកម្មល្អ និងអ្នកបម្រើស្អាតៗ ប្រើពាក្យសំដីទន់ភ្លន់ ពិតជាធ្វើឲ្យភ្លេចអស់រឿងឆ្លងសមុទ្រ ឆ្លងមេឃ។ ល្បិចបាំងមេឃឆ្លងសមុទ្រធ្វើឲ្យពេលវេលាលំបាកៗ កន្លងផុតទៅដោយមិនដឹងខ្លួន។ ល្បិចបាំងមេឃឆ្លងសមុទ្រ គឺប្រើរូបភាពបំភ័ន្តមួយ ដើម្បីបិទបាំងរឿងពិតមួយទៀត ទម្រាំតែគោលដៅដឹងខ្លួនគឺហួសពេលបាត់ទៅហើយ ដូចមានពណ៌នាក្នុងប្រវត្តិដើមអំពីស្តេច ថាង ថៃ ចុង ស្រាប់។
ប្រែសម្រួលដោយគេហទំព័រសាលារៀន salarean.com
សៀវភៅដើម

