បើសិនទ្វីបលោក
បើសិនទ្វីបលោកមានសច្ចៈ ខ្ញុំសូមថ្នមថ្នាក់ហើយភក្តី
បើសិនទ្វីបលោកចេះប្រណី ខ្ញុំសូមបមបីហើយស្នេហា។
បើសិនទ្វីបលោកពោលពាក្យពិត ខ្ញុំសូមស្នេហ៍ស្និទ្ធថើបភ័ត្រ្តា
បើសិនទ្វីបលោកមានមេត្តា ខ្ញុំសូមស្នេហាលុះអវសាន
បើសិនទ្វីបលោកចេះសន្តោស ខ្ញុំសូមរូបនោះទុកក្នុងប្រាណ
បើសិនទ្វីបលោកបានសុខសាន្ត ខ្ញុំសូមផ្ញើប្រាណក្នុងលោកនេះ។
តែលោកិយនេះគឺលោកទុក្ខ លោកខ្វះក្តីសុខមនុស្សស្រីប្រុស
លោកខ្វាក់ច្រឡំត្រូវជាខុស លោកខ្វះសន្តោសខ្វះមេត្តា។
លោកខ្វះសីលធម៌ខ្វះពាក្យពិត លោកខ្វះអាណិតខ្វះករុណ
លោកស្អុយរលួយលោកសោកា លោកិយលោកាគឺលោកកម្ម។
លោកិយច្រណែនលោកព្យាបាទ ខ្ញុំសូមឲ្យឃ្លាតកុំចងចាំ
បើសិនខ្ញុំស្លាប់សូមផ្តែផ្តាំ សូមឲ្យលោកកម្មកុំចងពៀរ។
សុខ សុត្ថាល ឆ្នាំ១៩៧២
គេហទំព័រសាលារៀន salarean.com
