ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សៀវភៅ​ស្រីហិតោបទេស​ភាគបួនៈ សម្រង់​គតិ​បណ្ឌិត​

  1. នរជន​ណា​ដែលធ្លាក់​ខ្លួន​ក្នុង​គ្រោះ​កាច តែង​តែ​បន្ទោស​ព្រេង​វាសនា មនុស្ស​ល្ងង់​មិន​ព្រម​ទទួល​កំហុស​ដែល​ខ្លួន​ធ្វើ​ទេ។
  2. ពាក្យ​សំដី​បុគ្គល​គាប្បី​រក្សា​ទុក​គ្រប់​កាល​ទាំង​ពួង ព្រោះ​សេចក្តី​វិនាស​មក​ពី​ពាក្យ​សំដី។
  3. ជន​ណា​កែ​ខៃ​ក្តី​អន្តរាយ​ដែល​កើត​ឡើង​ភ្លាមៗ​បាន ជន​នោះ​ទើប​មាន​ឈ្មោះ​ថា​អ្នក​មាន​ប្រាជ្ញា។
  4. នរ​ជន​ណា​ស្និទ្ធ​ស្នាល​ចំពោះ​សត្រូវ ដោយ​ការ​រាប់​អាន​ក្តី ​ដោយ​យល់​ឧបការៈ​ក្តី​ នរជន​នោះ​ ទុក​ដូច​ជា​មនុស្ស​ដេក​លក់លើ​ដើម​ឈើ ហើយ​ភ្លាត់​ធ្លាក់​មក​ដល់​ដីទើប​ភ្ញាក់​ដឹង​ខ្លួន។
  5. ជន​ណា​មួយ​ត្រេក​អរ​មុន ចំពោះ​ប្រយោជន៍​ដែល​មិន​ទាន់មក​ដល់​តាម​គំនិត​ដែល​ខ្លួន​គិត​ទុក ជន​នោះ​នឹង​ត្រូវ​ប្រសព្វ​សេចក្តីក្តៅ​ក្រហាយ​ស្តាយ​ក្រោយ។
  6. ស្រី​ភាព​ ដែល​អត់​ឃ្លាន​ហើយ សូម្បី​កូន​ឯង​ក៏​បោះ​បង់​ចោល ពស់​ដែល​អត់​ឃ្លាន​ហើយ​សូម្បី​ពង​ឯង​ក៏​ស៊ី នរណា​ហ្ន៎!​​ ដែល​ត្រូវ​ទុក្ខ​វេទនា​ដោយ​អត់​ឃ្លាន នឹង​មិន​ហ៊ាន​ធ្វើ​បាប? ជន​ទាំង​ឡាយ​ដែល​អត់​ឃ្លាន​ហេវ​កម្លាំង​ហើយ នឹង​ត្រឡប់​ទៅ​ជាមនុស្ស​ឥត​ករុណា។
  7. មនុស្ស​ស្រវឹង​ស្រា មនុស្ស​ឆ្កួត​ មនុស្ស​កាច​កំរោល មនុស្ស​អស់​កម្លាំង មនុស្ស​ក្រោធ មនុស្ស​អត់​ឃ្លាន មនុស្ស​ល្មោភ មនុស្សខ្លាច និង​មនុស្ស​បរិភោគ​កាម​ មនុស្ស​ទាំង​អស់​នេះ​មិន​ចេះ​ធម៌​ទេ។
  8. ការ​ឲ្យ​ផែន​ដី ការ​ឲ្យ​មាស​ប្រាក់ ការ​ឲ្យ​គោ ការ​ឲ្យ​បាយ​ទឹក​ លោក​មិន​ទាន់​ហៅ​មហា​ទាន​ទេ បណ្តា​ទាន​ទាំង​ឡាយ​នេះ​ អភយ​ទាន​ទើប​លោក​ចាត់​ថា​ជា​មហាទាន។
  9. អ្នក​ប្រាជ្ញ បើ​មាន​កិច្ច​ការ​ណាមួយ​ដែល​ត្រូវ​ធ្វើ​ខាន​មិន​បាន សូម្បី​សត្រូវ​ក៏​ត្រូវ​តែ​ទូល​លើក្បាលដែរ។
  10. សតិ​គឺ​ការ​ចាំ​បាន​១ ការ​ប៉ិន​ត្រិះ​រិះ​សម​ហេតុ​ផលក្នុង​ប្រយោជន៍​ដ៏សំខាន់​១ ការ​ដឹង​ប្រាកដ​១ ការ​ម៉ឹងម៉ាត់​១ ការ​ចេះ​រក្សា​ការ​ប្រឹក្សា​សម្ងាត់​១ ទាំង​ប្រាំ​ប្រការ​នេះ​ជា​គុណ​សម្បត្តិ​នៃ​មន្រ្តី​។
  11. ជន​គប្បីយក​ចិត្ត​មនុស្ស​ល្មោភ​ដោយ​ឲ្យ​ទ្រព្យ មនុស្ស​មាន​ស្តុក​ស្តម្ភដោយ​ការ​គោរព​សំពះ មនុស្ស​ល្ងង់​ដោយបណ្តោយ​តាម​ចិត្ត បណ្ឌិត​ដោយ​ការពោល​ពាក្យ​សច្ចៈ។
(សៀវភៅ ស្រីហិតោបទេស​ភាគ​បួន ប្រែ​ពី​បាលី​ដោយ ភិក្ខុ​ ប៉ាង​ ខាត់ បោះ​ពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ព.ស ២៥៣៨)

វាយ​អត្ថបទ​ដោយ​ គេហទំព័រ​សាលារៀន salarean.com