រើសយកជំនាញមួយណា?

ក្រៅពីកត្តាដែលបានរៀបរាប់ខាងលើ កត្តាដែលសំខាន់បំផុតគឺ ជាប់ទាក់ទងនឹងខ្លួនអ្នកផ្ទាល់ ចូរសួរខ្លួនឯងនូវសំណួរដូចខាងក្រោមៈ
១. តើអ្នកចូលចិត្តអ្វីៈ ចូរជ្រើសរើសមុខជំនាញណាដែលអ្នកចូលចិត្ត មិនមែនមុខជំនាញដែលបងប្អូន ឬមិត្តភក្តិរបស់អ្នកចូលចិត្ត ហើយជំរុញឲ្យអ្នករៀនទេ។ សង្គមគ្រួសារទូទៅ មិនថានៅស្រុកខ្មែរឬនៅស្រុកគេទេ ច្រើនចូលចិត្តឲ្យកូនរៀនពេទ្យ ព្រោះពេលរៀនចប់អាចរកប្រាក់បានច្រើន។ ប៉ុន្តែប្រសិនបើអ្នកគ្មានចំណូលចិត្តសោះ អ្នកខ្លាចឈាម អ្នកមិនចូលចិត្តទន្ទេញមេរៀន តើអ្នកអាចទ្រាំរៀនបានរាប់ឆ្នាំដែរឬទេ? អ្នកប្រហែលជាបោះបង់ចោលកណ្តាលទី ឬបើបញ្ចប់ហើយ ពេលធ្វើការអ្នកអាចនឹងដូរការងារទៅធ្វើអ្វីផ្សេងដដែល។
២. តើអ្នកពូកែខាងអ្វីៈ អ្នកគួរជ្រើសរើសជំនាញទៅតាមទេពកោសល្យរបស់អ្នក។
៣. អ្នកចង់ក្លាយខ្លួនជាអ្វីៈ តើអ្នកតែងតែស្រមៃចង់ក្លាយជាវិស្វករមែនទេ? តើអ្នកតែងតែស្រមៃចង់ក្លាយជាមេធាវីមែនទេ? ចូរភ្ជាប់ក្តីស្រមៃទាំងនេះទៅនឹងមុខជំនាញណាដែលអាចប្រែក្លាយ ក្តីស្រមៃនេះឲ្យក្លាយជាការពិត។
សួររៀមច្បង! មែនហើយពាក្យចាស់ពោលថា "មាត់ជាផ្លូវ" ចង់ដឹងរឿងអ្វីមួយ ចូរសួរគេ នោះគេនឹងប្រាប់ផ្លូវថាទៅតាមណា។ ការណែនាំរបស់រាមច្បងគឺជាត្រីវិស័យដ៏សំខាន់សម្រាប់អ្នកក្នុង ការជ្រើសរើសមុខជំនាញឲ្យបានត្រឹមត្រូវតាមចំណូលចិត្ត និងត្រូវតាមកាលៈទេសៈបច្ចុប្បន្ន។ ចូរសាកសួរអ្នកដែលធ្លាប់រៀនមុខវិជ្ជាដែលអ្នកចង់រៀន តើជំនាញនេះគេរៀនអ្វីខ្លះ ពេលចប់ទៅចេះបានអ្វីខ្លះ។ រួចហើយចូរប្រៀបធៀបជាមួយអ្វីដែលអ្នកគិតតើវាត្រូវតាមការរំពឹង គិតរបស់អ្នកទេ ព្រោះជួនកាលអ្នកគិតថាជំនាញនេះនឹងផ្តល់ចំណេះប្រភេទនេះដល់អ្នក លុះស្តាប់ការណែនាំទៅទើបដឹងថា ជំនាញមួយផ្សេងទៀតទេដែលត្រូវតាមបំណងដែលអ្នកចង់បាន។ មនុស្សមួយប្រភេទទៀតដែលអ្នកគួរសួរគឺអ្នកធ្វើការក្នុងអាជីពដែល អ្នកស្រមៃចង់ធ្វើ។ ឧទាហរណ៍បើអ្នកចង់ធ្វើការនៅធនាគារ ចូរសួរអ្នកធ្វើការនៅធនាគារតើគេរៀនមុខជំនាញអ្វីទើបអាចចូលធ្វើ ការនៅកន្លែងនេះបាន ហើយថាតើត្រូវមានសមត្ថភាពផ្ទាល់ខ្លួនអ្វីខ្លះទៀតដែលត្រូវតែមាន ។
អត្ថបទដោយ គេហទំព័រសាលារៀន salarean.com