ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សៀវភៅ​ស្រីហិតោបទេស​ភាគ​ពីរៈ សម្រង់​គតិ​បណ្ឌិត

  1. នរជន​ដូច​ម្តេច កាល​ក្រឡេកមើល​ទៅ​ខាង​ក្រោម​ឃើញជន​ទាប​ជាង​ខ្លួន​​មិន​​​ជោរ​អួត​អាង​ថា​ ខ្លួន​ធំ​មហិមា តែ​កាល​ក្រឡេក​មើល​ទៅ​ខាង​លើឃើញ​ជន​ជាន់​លើ​ខ្ពស់​ជាង​ខ្លួន​ ទើប​ដឹង​ថា​ខ្លួន​ជា​អ្នក​កំសត់​ក្រៃ​លែង។
  2. នរជន​ណា​មានទ្រព្យ​ច្រើន ជន​នោះ​សូម្បីសម្លាប់​ព្រះ​ព្រហ្ម​មួយ ក៏​នៅ​តែ​មាន​​គេ​គោរព​បូជា ឯ​នរជន​ក្រី​ក្រ​សូម្បី​មាន​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់យ៉ាង​ណា​ក៏​នៅ​តែ​គេ​ មើល​ងាយ​។
  3. សំណាង​ទ្រព្យ​សម្បត្តិ​ មិន​រត់​ទៅ​រក​ជន​ណា​ដែល​ឥត​សេចក្តី​ប្រឹង​ប្រែង ខ្ជិល​ច្រអូស វង្វេង​ជឿ​ព្រេង​វាសនា និង​មិន​ព្យាយាម​ទេ ដូច​ប្រពន្ធ​ក្មេង​មិន​អើ​ពើ​ប្តី​ចាស់​ជរា​ដូច្នោះ។
  4. ភាវៈ​ជា​បុគ្គល​ខ្ជិល​១ ការ​សេព​គប់​ស្ត្រី​ផ្កា​មាស១ ភាវៈ​ជា​បុគ្គល​មាន​រោគ​ច្រើន​១ ជាប់​ចិត្ត​នឹង​ស្រុក​កំណើត​មួយ ចិត្ត​សន្តោស​១ ភាវៈ​ជា​បុគ្គល​ខ្លាច​ច្រើន​១ ទោស​៦​ប្រការ​នេះ ជា​គ្រឿង​ទម្លាយ​បង់​នូវភាវៈ​នៃ​ខ្លួន​ជា​ធំ។
  5. នរជន​ណា​មាន​ទ្រព្យសម្បត្តិ​តិច​តួច សំគាល់​ថា​ខ្លួន​មាន​ទ្រព្យ​ច្រើន មិន​ខិត​ខំរក​តទៅ​ទៀត ព្រះ​ព្រហ្ម​ដែល​ជា​អ្នក​សាង​ទ្រព្យសម្បត្តិ​ មិន​ព្រម​ចម្រើន​ទ្រព្យ​សម្បត្តិ​ឲ្យ​នរជន​នោះ​ទេ។
  6. កូន​មិន​ឧស្សាហ៍​ មិន​ជា​ទី​គាប់ចិត្ត​ មិន​មាន​វីរិយៈ ជា​ទី​ឡក​ឡឺយ​នៃ​សត្រូវ​ សូម​កុំ​ឲ្យ​ស្រ្តីណា​បង្កើត​កូន​បែប​នេះ​ឲ្យ​សោះ។
  7. បុគ្គល​គប្បី​ស្វែង​រក​ទ្រព្យ​​ដែល​មិន​ទាន់​បាន​ គប្បី​រក្សា​ទ្រព្យ​ដែល​រក​បាន​ហើយ​ កុំ​ឲ្យ​បាត់​បង់​អស់​ទៅ​វិញ គប្បីក​ពូន​ទ្រព្យ​សម្បត្តិ​ដែល​ដែល​រក្សា​ទុក​នោះ ឲ្យ​ចម្រើន​ឡើង​ដោយ​ប្រពៃ។
  8. ទ្រព្យ​ដែល​មិន​ឲ្យ​ទាន​ ឬ​មិន​បរិភោគ​ខ្លួន​ឯង មាន​ប្រយោជន៍អ្វី? រេហ៍​ពល​ដែល​គេ​មិន​យក​ទៅចេញ​ច្បាំង​តស៊ូ​សត្រូវ មាន​ប្រយោជន៍​អ្វី? ការ​ចេះ​ចង់​គម្ពីធម៌​អាថ៌ ​បើ​គេ​មិន​ប្រតិបត្តិ​តាម តើ​មាន​ប្រយោជន៍​អ្វី? ខ្លួន​យើង​បើ​មិន​ទូន្មាន​ឥន្ទ្រិយឲ្យ​បាន​បទ​ទេ​ តើ​មាន​ប្រយោជន៍​អ្វី?
  9. ទឹក​ស្រក់​មួយ​ដំណក់​ៗ​ ជា​លំដាប់​អាច​ពេញ​ក្អម​បាន នេះ​ជា​គ្រឿង​ឧបមា​នៃ​ការរៀន​សព្វ​វិជ្ជា ការប្រតិបត្តិ​ធម៌​ និ​ងការ​សន្សំ​ទ្រព្យ​សម្បត្តិ។
  10. ភារៈដូចម្តេច​ដែល​ហៅ​ថា​ធ្ងន់​ណាស់​សម្រាប់​អ្នក​មាន​សមត្ថភាព? ទី​ណា​ដែល​ហៅ​ថា​ឆ្ងាយ​ណាស់​សម្រាប់​អ្នក​មាន​ព្យាយាម​ច្រើន? ប្រទេស​ណាដែល​ហៅ​ថា​បរទេស​សម្រាប់​អ្នក​មាន​ចំណេះវិជ្ជា?
  11. សេចក្តី​សង្ស័យ ស្ទាក់​ស្ទើរចិត្ត​ជា​ការអន្តរាយ​ដល់​សារពើ​ការងារ បុគ្គល​គប្បី​លះប​ង់​ចោល​ឲ្យ​អស់​ស្រឡះ​ទៅ ព្រោះ​ថា​បើ​លះ​បង់​សេចក្តី​សង្ស័យ​ស្ទាក់​ស្ទើរ​ចិត្ត​ហើយ ការ​សម្រេច​ផល​ប្រយោជន៍​ នឹង​កើត​ប្រាកដ​ទៅ​តាម​របៀប។
  12. សត្វ​លោក​សូម្បី​ត្រូវ​សរ​មួយរយ​ផ្លែ​បើ​មិន​ទាន់​ដល់​កាល​ក៏​មិន​ ស្លាប់ បើ​ដល់​កាល​មរណៈ​ហើយ​សព្វ​បើមុត​បើ​ស្បូវ​បន្តិច​ក៏​មិន​រស់ដែរ។
  13. ចៅ​ហ្វាយ​នាយ តែង​ក្រឡេក​សម្លឹង​មើល​ការ​ខុស​ឆ្គង​មិន​បរិសុទ្ធ​ជា​ប្រក្រតី​នៃ​ខ្ញុំ​ បំរើ ដោយ​ភ្នែក​ណា អ្នក​បំរើ​តែង​រំពៃ​មើល​ភ្នែក​នោះ​នៃ​ម្ចាស់​ដោយ​ច្រើន។
  14. បើ​នៅទ្រឹង​មិន​និយាយ​គេ​ថា​ល្ងង់​ បើ​និយាយ​គេ​ថា​ច្រើន​ពេក​ឬ​ថា​ឆ្កួត បើ​ចេះ​អត់​ធ្មត់​គេ​ថា​ខ្លាច បើ​ជេរ​មិន​ឈឺ​គេ​ថា​ត្រកូល​ថោក​ទាប បើ​នៅ​ជិត​គេ​ថា​ហ៊ាន​ពេក បើ​នៅ​ឆ្ងាយ​ដោយ​វិន័យ គេ​ថា​ញញើត​ញញើម​ពេក សូម្បី​ព្រះ​ឥសូរ ក៏​ផ្គាប់​ចិត្ត​ម្ចាស់​ឲ្យ​ពេញ​បរិបូណ៌​មិនបាន​ដែរ។
  15. ធម្មជាតិ​​ឆ្កែ​ បាន​ឆ្អឹង​ សូម្បី​អស់​សាច់​រលីង​ហើយនៅ​សល់​តែ​សរសៃរ​ខ្លាញ់​វាវ​បន្តិច​បន្តួច ក៏​ត្រេក​អរ​កខិប​កខុប មែន​ពិត​ឆ្អឹង​នោះ​មិន​អាច​បន្សាត់​បង់សេចក្តី​ស្រេក​ឃ្លាន​ឡើយ រី​ឯ​សីហៈសូម្បីបាន​ចចក​មួយ​នៅ​ក្នុង​ក្រញ៉ាំ​ក្រចក​ខ្លួន​ហើយ ក៏​នៅ​តែ​បោះ​បង់​ចោល​ហើយ​ស្ទុះ​ទៅ​ចាប់​សម្លាប់​ដំរី​សារ​មួយ​ទៀត ជន​ទាំង​ពួង​ទោះ​តោក​យាក​លំបាក​យ៉ាង​ណា​ក្តី តែង​មាន​សេចក្តីប្រាថ្នា​ចង់​បាន​ផល​ទៅ​តាម​ទំនង​ភាព​ខ្លួន​ជា​សត្វ​លោក​។
  16. មាន​ប្រយោជន៍​អ្វី​ដោយ​ជន​ភក្តីតែ​មិន​មាន​សមត្ថភាព មាន​ប្រយោជន៍​អ្វីដោយ​ជន​អង់​អាច​តែ​មិន​ធ្វើ​ឲ្យ​កើត​ប្រយោជន៍។
  17. ពាក្យ​ដែល​ត្រឹម​ត្រូវ​ គួរ​ដល់​ការងារ សូម្បីជា​សំដី​កូន​ក្មេង អ្នក​មាន​ប្រាជ្ញា​ក៏​គួរ​កាន់​យក បើ​មិន​មាន​ពន្លឺ​ព្រះអាទិត្យ​ទេ ពន្លឺ​ប្រទីប នឹង​មិន​មាន​គុណ​ប្រយោជន៍​ឬអ្វី?
  18. ការ​ប្រារព្ធ​ធ្វើការ​ងារ​ដែល​មិន​គួរ​ធ្វើ​១ ការ​ទាស់​ទែង​ខ្វែង​គំនិត​បង​ប្អូន​ឯង​១ ការប្រណាំង​ប្រជែង​តស៊ូ​នឹង​អ្នកមាន​កម្លាំង​ជាង​១ ការ​ទុក​ចិត្ត​ក្នុង​ស្រ្តីទាំង​ឡាយ​១ ទាំង​បួន​ប្រការ​នេះ​ឈ្មោះ​ថា​បើក​ទ្វារ​ឲ្យដល់​ម្រឹត្យុ​ទាំង​អស់។
  19. នៅ​លើ​ដើម​ចន្ទន៍​មាន​ពស់ នៅ​ក្នុង​ត្រពាំង​ដែល​ដេរ​ដាស​ដោយ​ផ្កា​ឈូក​មាន​ក្រពើ នៅ​ក្នុង​ភោគ​ទ្រព្យ​មាន​ជន​ពាល​ជាអ្នក​រុក​គួន​ឈ្នានីស​ ក្នុង​លោក​នេះ​សេចក្តីសុខ​ប្រាសចាកការ​ថ្នាំង​ថ្នាក់ចិត្តមិន​ដែលមាន​សោះ​ ឡើយ។

(​សៀវភៅស្រីហិតោបទេស​ភាគ២ ប្រែ​ពី​ភាសា​សំស្រ្កឹត​ដោយ ភិក្ខុ ប៉ាង ​ខាត់ វីរិយបណ្ឌិតោ។ ការ​ផ្សាយ​របស់​ពុទ្ធ​សាសន​បណ្ឌិត្យ ព.ស ២៥៣៨)

វាយ​អត្ថបទ​ដោយ​ គេហទំព័រ​សាលារៀន salarean.com