ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ស្តាយ​ដួង​ចន្ទ្រា

១. ខ្ញុំ​ស្រឡាញ់​ដួង​ចន្រ្ទា​ពេញ​បូណ៌មី

រឿង​រង្សី​ភ្លឺ​ត្រចះ​ច្បាស់​មេឃា

ស្អាត​បរិសុទ្ធ​មូល​ក្រឡង់​ក្នុង​នភា

ខ្ញុំ​និន្ទ្រា​មិន​លក់​ឡើយ​ពេល​រាត្រី។

២. ខ្ញុំ​ស្រឡាញ់​ដួង​ចន្ទ្រា​ភ្លឺត្រជាក់

ពន្លឺ​ប្រាក់​ស្រោប​ដួង​ចិត្ត​ជន​ប្រុសស្រី

ឲ្យ​សប្បាយ​ភ្លើត​ភ្លើន​ចិត្ត​ឥត​ខ្វល់​អ្វី

ភ្លេច​ក្រក្រី​ក្តី​សោកសៅ​ក្នុង​ជីវិត។

៣. ខ្ញុំ​ស្រឡាញ់​ដួង​ចន្រ្ទា​មូល​ក្រឡង់

ហាក់​ដូច​វង់​ភក្រ្ត​កល្យាណ​គូ​ស្នេហ៍​ស្និទ្ធ

នាង​ញញឹម ខ្ញុំ​សង្ឃឹម សប្បាយ​ចិត្ត

ហាក់​បាន​ជិត រឹត​រួម​រក្ស ស្ម័គ្រ​កនិដ្ឋា។

៤. ខ្ញុំ​ស្រឡាញ់​ដួង​ចន្រ្ទា​ជាសាក្សី

នៃ​សេចក្តី​ស្មោះ​ស្ម័គ្រ​ចិត្ត​ស្និទ្ធ​ស្នេហា

នៃ​ក្រមុំ​និង​កម្លោះ​គូ​សង្សារ

ដែល​ប្រាថ្នា​បាន​ជា​គូ​រួប​រួម​កាយ។

៥. ខ្ញុំ​ស្រឡាញ់​ដួង​ចន្ទ្រា​ជា​ល្បែង​ក្មេង

ម្តាយ​ពោល​លេង​ឲ្យកូន​តូច​ពន​សុំ​បាយ

សុំ​សម្ល ទឹក​បំពង់ ចេក​ ដូង​ ស្វាយ

កូន​សប្បាយ​ញ៉ាំចិបៗ​ សើច​ក្អឹកៗ។

៦. ខ្ញុំ​ស្រឡាញ់​ដួង​ចន្ទ្រា​មាន​ពោធិធំ

ជី​ដូន​ខ្ញុំ​ប្រាប់​ដូច្នេះ​មក​ជាញឹក

មើល​ទៅ​ឃើញ​មាន​ឫស​គល់​ដើម​មែក​ស្លឹក

ក្រោម​ពោធិ​ព្រឹក្ស​ដូន​ចាស់​រវៃ​អំបោះ។

៧. ខ្ញុំ​ស្រឡាញ់​ដួង​ចន្ទ្រា​ហៅ​សសាង្ក

ព្រះ​ឥន្ទ្រ​ស្អាង​រូប​ទន្សាយ​ទុក​នៅ​នោះ

រលឹក​កាល​ពោធិ​សត្វ​គិត​សង្គ្រោះ

ព្រាហ្មណ៍​ដោយ​ស្ទុះ​លោត​ចូល​ភ្លើង​ជា​អាហារ។

៨. ខ្ញុំ​ស្រឡាញ់​ដួង​ស្រឡាញ់​ដួង​ចន្ទ្រា​ហៅ​លោក​ខែ

នៅ​ស្រុក​ខ្មែរ​រាជ​ពិធី​ដ៏​ថ្លៃ​ថ្លា

អក​អំបុក​ងើយ​មើល​ចំ​ដួង​ចន្ទ្រា

បន់​ទេពតា សូម​ខេមរា​បាន​ថ្កើង​ថ្កាន។

៩. ខ្ញុំ​ស្រឡាញ់​ដួង​ចន្រ្ទា​នៃ​កវី

ក្នុង​រាត្រី​នាំអារម្មណ៍​ឲ្យ​ក្សេម​ក្សាន្ត

ខ្លួន​រំភើប​ហាក់​អណ្តែត​ទៅ​ឆ្ងាយ​បាន

ភ្លេច​ខ្លួន​ប្រាណ​សប្បាយ​តាម​កាំរស្មី។

១០. ខ្ញុំ​តូច​ចិត្ត​នឹង​ពួក​អ្នក​វិទ្យាសាស្រ្ត

ម្តេច​ក៏​ផ្តាស​ធ្វើ​កាំជ្រួច​បាញ់ពី​ដី

ចង់​ទៅ​យក​ដួង​ព្រះ​ចន្ទ​ពិភព​ថ្មី

ហេតុ​ចង់​ល្បី​ខ្ចាយ​កេរ្តិ៍​ឈ្មោះ​បោះ​នាមា។

១១. ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​លោក​សុទ្ធ​ហ្មងសៅ

ដូច​ធ្យូង​ខ្មៅ​ទៅ​ប្រឡាក់​ដួង​ចន្ទ្រា

ដែលប​រិសុទ្ធ​ផុត​មន្ទិល​ផង​នានា

គួរ​បូជា​ស្រឡាញ់​ស្មោះ​ពី​ហឫទ័យ។

១២. ឱ​សែន​ស្តាយ​ដួង​ចន្ទ្រា​ជា​សាកល

ដែល​តែង​ផ្តល់​គ្រប់​បំណង​ដោយ​ប្រពៃ

ម្តេច​ឡើយ​អ្នក​វិទ្យា​សាស្រ្ត​គិត​បំភ្លៃ

យក​ចន្ទ្រ​ថ្លៃ​ជា​កម្ម​សិទ្ធិ​ឲ្យ​សៅហ្មង។

កំណាព្យ​ បុប្ផា​ខ្មៅ ដោយ​ គយ សារុន ភ្នំពេញ ២២​ មិថុនា ១៩៦៥

វាយ​អត្ថបទ​ដោយ​ គេហទំព័រ​សាលារៀន salarean.com