អាថ៌កំបាំងនៃភាពជោគជ័យយូរអង្វែង
ភាពជោគជ័យនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ អ្នកខ្លះជោគជ័យទៅលើអាជីព អ្នកខ្លះជោគជ័យលើរឿងជួយគេក្នុងសង្គម ហើយអ្នកខ្លះទៀតជោគជ័យលើគ្រួសារ និងបែបបទផ្សេងៗ។ ភាពជោគជ័យរបស់មនុស្សម្នាក់ៗ មិនមែនបានមកដោយចៃដន្យនោះទេ ។ អ្នកខ្លះមិនបានកត់សម្គាល់ថាប្រភពជោគជ័យរបស់ខ្លួនបានមកពីកត្តាអ្វីខ្លះទេ ប៉ុន្តែពួកគេ ចេះតែបន្តប្រឹងតស៊ូដើម្បីសម្រេចនូវក្តីប្រាថ្នា ទីបំផុតថ្ងៃជោគជ័យក៏មកដល់។ អ្នកខ្លះទៀតបានកត់សម្គាល់យ៉ាងល្អិតល្អន់នូវកត្តាអ្វីខ្លះដែលនាំទៅដល់ជោគជ័យ។ មនុស្សមួយចំនួនមានបំណងប្រាថ្នានិងឆន្ទៈមោះមុតដិតដាមក្នុងចិត្ត។ យើងធ្លាប់ឮអ្នកដែលរៀនបានខ្ពង់ខ្ពស់តែងនិយាយថា “ខ្ញុំចង់រៀនពេករហូតដេកយល់សប្តិ” ឬក៏ “ពីតូចខ្ញុំកំព្រារស់នៅជាមួយគេ កិច្ចការដែលត្រូវធ្វើខ្ញុំខំក្រោកតាំងពីព្រលឹមដើម្បីធ្វើអោយរួចរាល់ នឹងបានទៅរៀនទាន់ពេល”។ តើសកម្មភាពខំប្រឹង នឹកស្រម៉ៃ ដែលមិនចេះនឿយហត់នេះមកពីណា?
អាថ៌កំបាំងទាំង៥យ៉ាងដែលនាំឲ្យទទួលបានភាពជោគជ័យយូរអង្វែង៖
១. រៀបចំផែនការប្រចាំថ្ងៃ៖ មុនពេលអ្នកចូលគេង អ្នកគួរតែរៀបចំផែនការសម្រាប់ថ្ងៃស្អែក។ កំណត់ពីអ្វីដែលអ្នកចង់ធ្វើនៅថ្ងៃស្អែកតាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់។ តើអ្នកនឹងភ្ញាក់ពីគេងនៅម៉ោងប៉ុន្មាន? តើការងារសំខាន់ៗអ្វីខ្លះដែលអ្នកបំរុងនឹងធ្វើ? តើអ្នកនឹងតាំងចិត្តរឿងអ្វីខ្លះនៅថ្ងៃស្អែកនេះ សូមសរសេរវានៅលើសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក។ បន្ទាប់ពីសរសេររួចហើយអ្នកអាចចំណាយពេលដើម្បីពិនិត្យមើលវាម្តងទៀត ព្រោះវាជាកិច្ចការតូចៗប្រចាំថ្ងៃដែលធ្វើអោយអ្នកសម្រេចគោលបំណងធំៗរបស់អ្នក។
២. រំលឹកគោលដៅរបស់អ្នកជាប្រចាំ៖ ជារៀងរាល់យប់មុនពេលអ្នកចូលគេង អ្នកគួរតែយកគោលដៅដែលអ្នកបានសរសេរទុក មកអានវា ហើយវាកាន់តែមានប្រសិទ្ធិភាពនៅពេលដែលអ្នកអានវាអោយឮៗ។ តើការអាន រំលឹកគោលដៅយើងជាប្រចាំមានប្រយោជន៍អ្វីខ្លះដល់ការសម្រេចគោលដៅ? ធ្វើដូច្នេះដើម្បីឲ្យ អនុសម្បជញ្ញៈ (Subconscious Mind) របស់អ្នក ធ្វើការប្រកបដោយអំណាចចេញពីខាងក្នុងដោយការធ្វើដដែលៗ ឬទំលាប់ជាប្រចាំ។ អនុសម្បជញ្ញៈ គឺជាអ្នកបញ្ជាសកម្មភាពរបស់អ្នក។ ដូច្នេះនៅពេលដែលអ្នកគេងលក់ អនុសម្បជញ្ញៈរបស់អ្នកនឹងជួយអ្នកអោយសម្រេចគោលដៅ និងរកដំណោះស្រាយអោយអ្នកជាក់ជាមិនខាន នៅពេលដែលអ្នករំលឹកពីគោលដៅរបស់អ្នករាល់យប់មុនពេលអ្នកចូលគេង។ ការសម្រេចគោលដៅមិនមែនសរសេរភ្លាមក៏អាចសម្រេចភ្លាមដែរ ដូច្នេះប្រសិនបើ ១ យប់ ២ យប់ ឬ ១០ យប់ មិនទាន់បានសម្រេចទេ ចូរធ្វើបន្តទៀតជារៀងរាល់ថ្ងៃ ថ្ងៃណាមួយអ្នកនឹងទទួលបានអ្វីដែលអ្នកត្រូវការ។ វាមិនខាតបង់អ្វីឡើយព្រោះអ្នកគ្រាន់តែមើល គោលដៅដែលអ្នកសរសេរ បួន ដប់បន្ទាត់។ ហើយបើទោះជាអ្នកមិនចំណាយពេល ពីរ បី នាទីមើលវា ក៏អ្នកមិនអាចយកពេលនេះទៅធ្វើអ្វីបានច្រើនជានេះដែរ។
៣. ការដឹងគុណ ត្រេកអរចំពោះអ្វីដែលខ្លួនមាន៖ ការដែលសំដែងទឹកចិត្ត ឬសកម្មភាពដឹងគុណមិនមែនជារឿងខាតបង់សម្រាប់យើងទេ ផ្ទុយទៅវិញវានឹងផ្តល់ប្រយោជន៍អរូបិយ៍ជាច្រើនក្រៅពីការបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនយើង។ នៅពេលដែលអ្នកមានសេចក្តីអំណរ ឬការដឹងគុណចំពោះសុខភាពល្អដែលអ្នកកំពុងមាន ការរស់នៅល្អ និងមានមិត្តភ័ក្រ្តល្អៗជួយកិច្ចការផ្សេងៗ គឺអ្នកកំពុងតែបង្កើតរូបភាពក្នុងខួរក្បាលអំពីភាពសំបូរបែបដែលអ្នកកំពុងមាន ហើយវានឹងទាក់ទាញរបស់ល្អៗ វត្ថុមានតម្លៃ រូមទាំងអ្វីផ្សេងៗទៀតដែលអ្នកចង់បាន។ របៀបអនុវត្តគឺងាយស្រួលបំផុត ដោយគ្រាន់តែសរសេរក្នុងកំណត់ហេតុ ឬផ្ញើរសារខ្លីៗទៅកាន់មនុស្សដែលបានជួយអ្នកក្នុងថ្ងៃនេះ ជារឿងរាល់ថ្ងៃ ជាពិសេសមុនពេលចូលគេង។
៤. ស្នើអនុសម្បជញ្ញៈឲ្យជួយ៖ ក្នុងជីវភាពរស់នៅ ទោះជាក្នុងកិច្ចការផ្ទាល់ខ្លួនក្តី ឬការងារអាជីពក្តី តែងតែជួបបញ្ហាដោះស្រាយមិនចេញ ហើយក៏មិនដឹងថារកចំលើយមកពីណា ទៅសួរអ្នកណាដែរ ព្រោះសុទ្ធតែរឿងស្មានមិនត្រូវ ថានឹងមានអ្វីកើតឡើង មានអ្វីប្រែប្រួល ការផ្លាស់ប្តូរនោះត្រឹមត្រូវដែរឬទេ? មិនបាច់ទៅដើរសួរអ្នកណាឆ្ងាយ និងចំណាយលុយអញ្ជើញអ្នកណាញ៉ាំបាយនាំអោយរំខានពេលវេលារបស់ពួកគាត់ទេ គឺសួរតែ អនុសម្បជញ្ញៈរបស់អ្នកទៅបានហើយ អ្នកនឹងទទួលបានចំលើយឆាប់ៗក្នុងពេលណាមួយ។ តើអ្នកធ្លាប់ទេ ពេលខ្លះអ្នកកំពុងគេង ស្រាប់តែនឹកឃើញចំលើយអ្នកដែលចង់ដឹងនៅពាក់កណ្តាលអាធ្រាត ឬជិតភ្លឺ ពេលខ្លះអ្នកទទួលបានចំលើយនៅពេលអ្នកកំពុងមុជទឹក ឬធ្វើអ្វីផ្សេងៗដោយចំលើយ ឬគំនិតនោះផុសចេញមកឯងៗតែម្តង។ នេះបញ្ជាក់អោយឃើញថា អនុសម្បជញ្ញៈ របស់យើងធ្វើការរាល់ថ្ងៃនិងគ្រប់ពេលវេលា។ អនុសម្បជញ្ញៈ(subconscious mind) មានអំណាចជាង សតិសម្បជញ្ញៈ (conscious mind) ១០០ដងឯណោះ។ ដូច្នេះហើយ ប្រសិនអ្នកមិនអាចទទួលបានចំលើយក្នុងពេលឆាប់ៗតាមចិត្តដែលអ្នកចង់បានសូមព្យាយាមបន្ថែមប៉ុន្មានយប់ ប៉ុន្មានដងទៀត អ្នកនឹងទទួលបានចំលើយជាក់ជាមិនខាន។
៥. ចំណុចចុងក្រោយគឺការធ្វើលំនឹកគិត (Hypnotherapy) ដែលអាចជួយក្នុងការបង្កើតក្តីស្រម៉ៃ និងការសម្រេចគោលបំណង ព្រោះការធ្វើតាមវិធីនេះ នឹងជួយអោយ អនុសម្បជញ្ញៈរបស់យើងចាប់បានអ្វីដែលយើងបង្កើតទំលាប់ថ្មីលឿនជាង។
ប្រែសម្រួលរៀបរៀងដោយ លោកស្រី ជា សុខអ៊ីម