ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ល្បិច​បាំង​មេឃ​ឆ្លង​សមុទ្រ

ប្រវត្តិ​ដើម​

នៅ​ឆ្នាំ​ ៦៤៣ មុន​ គ្រិស្ត​សករាជ​ ស្តេច ថាង ថៃ ចុង បាន​ដឹក​នំាទ័ព​ដោយ​ផ្ទាល់​ទៅ​ជួយ​ប្រទេស​តូច​មួយ​នៅ​ភាគ​ខាង​កើត​។ អ្នក​ជំនិត​​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ​ បានព្យាយាម​ហាម​ប្រាម​ព្រះ​អង្គ​កុំ​ឲ្យ​ទៅ​ ព្រោះ​ការ​យាង​​ដំណើរ​លើក​នេះ​នឹង​ត្រូវ​ឆ្លង​សមុទ្រ​ ប៉ុន្តែ​ហាម​មិន​បាន​សម្រេច​។ តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ នៅ​ពេល​បាន​ឃើញ​សមុទ្រ​ដ៏​ធំ​មហិមា ស្តេច​ ថាង ថៃ ចុង តក់​ស្លុត​ឥត​ឧបមា។ ព្រះ​អង្គ​បញ្ជា​ឲ្យ​អ្នក​ជំនិត​រក​វិធី​ឆ្លង​សមុទ្រ តែ​ពុំមាន​អ្នក​ណា​ហ៊ាន​ផ្តល់​យោបល់​សោះ​ ពេល​បាន​ឃើញ​រលក​ធំៗ​ដូច្នោះ។

មាន​កូន​ទាហាន​ម្នាក់​ដែល​ពូកែ​ទាំង​វិជ្ជាគុន និង​ប្រាជ្ញា​ បានលើក​ឡើង​ថា​ខ្លួន​មាន​វិធី​ធ្វើ​ឲ្យ​សមុទ្រ​រលាយ​បាត់​ ហើយ​ព្រះរាជា​និង​ពល​ទាហាន​ អាច​ឆ្លង​កាត់​ហាក់​ដូច​ជា​នៅ​លើ​ផ្ទៃ​ដី។ មុន​នឹង​ពិភាក្សា​អំពី​ផែនការ​ឆ្លង​សមុទ្រ កូន​ទាហាន​រូប​នោះ​ បាន​យាង​ដំណើរ​ស្តេច​ ស្តេច​និង​កង​ទ័ព​ទាំង​អស់​ចូល​ទៅ​ជប់​លៀង​​ក្រោម​ដំបូល​តង់​ដ៏​ធំ​មហិមា​ របស់​សេដ្ឋី​ម្នាក់​ដែល​របស់​នៅ​ជាប់​មាត់​សមុទ្រ។ តង់​ត្រូវ​បាន​គេ​តុបតែង​យ៉ាង​ល្អ​ប្រណីត និង​មាន​អ្នក​បម្រើ​រាប់​រយ​នាក់​។​ ទាំង​ព្រះរាជា​ អ្នក​ជំនិត និង​កង​ទ័ព​ទាំង​អស់ សប្បាយ​នឹង​ពិធី​ជប់​លៀង​ ម្ហូប​ឆ្ងាញ់ តន្ត្រី​ពីរោះ និង​ស្រី​របាំស្អាត​ៗ។

ពីធី​ជប់​លៀង​បន្ត​ជាប់​គ្នា​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ។ ថ្ងៃ​មួយ​ស្តេច ថាង ថៃ ចុង និ​ង អ្នក​ជំនិត​បាន​ឮ​សូរ​សំលេង​ខ្យល់​ និង​រលក​បក់​បោក​យ៉ាង​ខ្លាំង។ ព្រះ​អង្គ​ ហាក់​សង្ស័យ​ ក៏​បញ្ជា​ឲ្យ​សេនា​ទៅ​បើក​តង់​មើល​ទៅ​ខាង​ក្រៅ។ ទ្រង់​ស្រឡាំង​កាំង នៅ​ពេល​ដែល​ឃើញថា​ តាម​ពិត​ព្រះ​អង្គ​មិន​មែន​កំពុង​តែ​ជប់​លៀង​នៅ​ក្នុង​ផ្ទះ​របស់​សេដ្ឋី​ ដែនសមុទ្រ​ទេ គឺ​ទ្រង់​កំពុង​តែ​ធ្វើ​ដំណើរ​លើ​សមុទ្រ! ព្រះអង្គ​ ក៏​សួរ​ឡើង​ភ្លាមថា​តើ​យើង​កំពុង​នៅ​ទីណា? អ្នក​ជំនិត​ម្នាក់​ ឆ្លើយ​ថាក្រាប​ទូល​ព្រះ​អង្គ​ នេះ​គឺ​ជា​ផែនការ​ឆ្លង​សមុទ្រ យើង​នឹង​ចូល​ដល់​ច្រាំង​ត្រើយ​ខាង​កើត​ក្នុង​ពេល​ឆាប់ៗ។ នៅ​ទី​បំផុត​ទើប​ ស្តេច​ ថាង ថៃ​ ចុង ដឹង​ថា​ តាម​ពិត​ព្រះអង្គ​ ស្ថិត​លើ​នវា​ដ៏​ធំ​មហិមាមួយ។ មិន​យូរ​ប៉ុន្មាន នាវា​ក៏​ចូល​ដល់​ច្រាំង​ប្រកប​ដោយ​សុវត្ថិភាព។​

ការ​ប្រើប្រាស់​ក្នុង​ជំនួញ​បច្ចុប្បន្ន

គេ​ច្រើន​ប្រើ ល្បិច​បាំង​មេឃ​ឆ្លង​សមុទ្រ​ក្នុង​វិស័យ​សេវាកម្ម មាន​ដូច​ជា​​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ជា​ដើម។ តាម​ធម្មតា​ការ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ នរណា​ក៏​នឿយ​ហត់​ដែរ ហើយ​មាន​អ្ន​ក​ខ្លះ​ទៀត​ភ័យ​ខ្លាច​ថែម​ទៀត​ផង។ ដើម្បី​បាំង​មេឃ​ ឬ​បំបាត់​ការភ័យ​ខ្លាច ក្រុម​ហ៊ុន​អាកាស​ចរណ៍​តែង​តែ​ បម្រើ​សេវាកម្ម​ម្ហូប​អាហារ​ ភេសជ្ជៈ និង​តន្ត្រី​ នៅ​លើ​យន្ត​ហោះ ធ្វើ​យ៉ាង​ណា​ឲ្យ​ភ្ញៀវភ្លេច​គិត​ពី​ការ​ហោះ​ហើរ​លើ​អាកាស។ ម្ហូប​ឆ្ងាញ់ សេវាកម្ម​ល្អ និង​អ្នក​បម្រើ​ស្អាតៗ ប្រើពាក្យ​សំដី​ទន់​ភ្លន់ ពិត​ជា​ធ្វើ​ឲ្យ​ភ្លេច​អស់​រឿង​ឆ្លង​សមុទ្រ ឆ្លង​មេឃ។ ល្បិច​បាំង​មេឃ​ឆ្លង​សមុទ្រ​ធ្វើ​ឲ្យ​ពេលវេលា​លំបាកៗ​ កន្លង​ផុត​ទៅ​ដោយ​មិន​ដឹង​ខ្លួន។​ ល្បិច​បាំង​មេឃ​ឆ្លង​សមុទ្រ គឺ​ប្រើ​រូប​ភាព​បំភ័ន្ត​មួយ ដើម្បី​បិទ​បាំង​រឿង​ពិត​មួយ​ទៀត ទម្រាំ​តែ​គោល​ដៅ​ដឹង​ខ្លួន​គឺ​ហួស​ពេល​បាត់​ទៅ​ហើយ ដូច​មាន​ពណ៌នា​ក្នុង​ប្រវត្តិ​ដើម​អំពី​ស្តេច​ ថាង ថៃ​ ចុង​ ស្រាប់។

ប្រែ​សម្រួល​ដោយ​គេហទំព័រសាលារៀន  salarean.com

សៀវភៅ​ដើម