ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

សិល្បៈ​តែង​កំណាព្យ​ និពន្ធ​ដោយ​ ពេជ្រ ទុំ​ក្រវ៉ិល

កំណាព្យ គឺ​ជា​កម្រង​ពាក្យ​សំដី​ ដែលមាន​ការ​ចាប់​ចុង​ជួន​ពីរោះ​ រណ្តំ ណែង​ ណង​ មាន​ឃ្លា​ មាន​ល្បះ​ និង​មាន​កម្រិត​ចំនួន​ព្យាង្គ ជា​កំណត់​... ចេញ​ពី​ទឹក​ចិត្ត​រំភើប និង​ធ្វើ​ឲ្យ​អ្នក​ផង​រំភើប​ជាមួយ។

ធាតុ​ផ្សំ​របស់​កំណាព្យ

នៅ​ក្នុង​កំណាព្យ មាន​ធាតុ​សំខាន់​ៗ​ ដូច​ត​ទៅ​នេះ ៖

- ព្យាង្គៈ សំឡេង​មួយ​ម៉ាត់​ៗ​នៅ​ក្នុង​កំណាព្យ។

- ឃ្លាៈ ព្យាង្គ​ច្រើន​រួម​គ្នា​បាន​ជា​ឃ្លា។

- ល្បះ ឬ​ល្បះ​ខ័ណ្ឌៈ ឃ្លា​ច្រើនរួម​គ្នា​មក​ដោយ​មាន​ខ័ណ្ឌ ហៅ​ថា​​ល្បះ ឬ​ល្បះ​ខ័ណ្ឌ។

ពាក្យ

នៅ​ក្នុង​កំណាព្យ​គេ​ចែក​ពាក្យ​ជា​ពីរ​គឺ​ ពាក្យ​ពេចន៍​ និង​ពាក្យ​សម្ផស្ស។

- ពាក្យ​ពេចន៍​គឺ​ជា​ពាក្យ​សម្រាប់​រំលេច​ន័យ​ខ្លឹម​សារ​ របស់​អត្ថបទ​កំណាព្យ​ឲ្យ​លេច​ធ្លោ​ឡើង​ ឲ្យ​អត្ថបទ​នោះ​មាន​សោភ័ណ​ខ្ពស់ ពោល​គឺ​បង្កើត​រូបារម្មណ៍ និង​បំផុស​ឲ្យ​ដឹង​ច្បាស់​ពី​គំនិត​របស់​អត្ថបទ​ ចង់​និយាយ​យ៉ាង​ណា​ៗ​នោះ។

- ពាក្យ​សម្ផស្សៈ គឺ​ជា​ពាក្យ​គន្លឹះ​ជួន ឬ​ហៅ​ចំណាប់​ចុង​ជួន​ ដែល​ធ្វើ​ឲ្យ​រូបភាព​ ឬ​ទម្រង់​នេះ​អត្ថបទ​កំណាព្យ មាន​សម្រស់​ល្អ​ឡើង​ប្រកប​ដោយ​លក្ខណៈ​ចួន​ផ្ទួន​រណ្តំ។

គេ​ចែក​ពាក្យ​សម្ផស្ស​ជាពីរ គឺ​ពាក្យ​សម្ផស្ស​ក្នុង​ និង​ពាក្យ​សម្ផស្ស​ក្រៅ។

ក. ពាក្យ​សម្ផស្ស​ក្នុង​ គឺ​សំគាល់​លើ​ចំណាប់​ផ្ទួន​ចួន​រណ្តំដែល​ស្ថិត​ក្នុង​ឃ្លា​ជាមួយ​គ្នា។

ឧទាហរណ៍ៈ ស្រី​ប្តី​ពីរ​បី​ពុំ​គាប់​រាប់

ស្រី​ ចួន​នឹង ​ប្តី

គាប់​ ចួន​នឹង​ រាប់

ខ. ពាក្យ​សម្ផស្ស​ក្រៅ គឺ​សំគាល់​ចំណាប់​ចួន​ ផ្ទួន រណ្តំ ដែល​ឆ្លង​ពី​ឃ្លាមួយ​ទៅ​ឃ្លា​មួយ​ទៀត ឬ​ពី​ល្បះ​មួយ​ទៅ​ល្បះ​មួយ​ទៀត។

ឧទាហរណ៍ៈ

សុរិយា​កើត​ឃ្លង់    ក្នុង​មុង​ចំបែង​   លោក​ខែ​កើង​ស្រែង

ផ្កាយ​ដុះ​កន្ទុយ​។

មូស​ពាំ​ដំរី    ពី​ព្រៃ​ធ្វើ​នុយ   ខ្លា​ចាស់​ពោះ​ស្អុយ

ស៊ី​នុយ​ផឹន​មូស។

សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង

សូរ​ស័ព្ទ​ ឬ​សូរ​សៀង ឬ​សំនៀង នៅ​ក្នុង​កំណាព្យ​មាន​សារៈសំខាន់​ណាស់ ព្រោះ​កំណាព្យ​ដែល​ល្អ​គឺ​កំណាព្យ​ដែល​មាន​ចំណាប់​ចួន និង​ផ្ទួន​មាន​សំឡេង​ដូច​គ្នា ។ពោល​បើ​សំនៀង​នោះ​ចេញ​ពី​ព្យញ្ជនៈឃោសៈ​ ខ្យល់​គ្រលរ​សំឡេង "​អ៊"​ ​ដូច​ជា​ពាក្យ​ គិត​ មិត្ត​ ពិត​ រឹត។

បើ​សំនៀង​ចេញ​មក​ពី​ព្យញ្ជនៈ​អឃោសៈ​ សម្លេង​តូច​ស្រួយ​ ខ្យល់​ "​អ"​ ត្រូវ​តែ​ចួន​នឹង​អឃោសៈដែរ ដូច​ជា​ ពាក្យ​ កង​ បង ឡង​ សង ដង។

មិន​ត្រូវ​យក​ឃោសៈ​ ទៅ​ចួន​នឹង​អឃោសៈ​ទេ។ ប៉ុន្តែ​តាម​ការសង្កេត​ បើ​ព្យាង្គ​ឬ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ប្រើ​ស្រៈ "​ួ"​ ស្រៈ "​ឿ" និង​ស្រៈ​ "​ៀ"​ នោះ​ឃោសៈ និង​អឃោសៈ អាច​ចួន​គ្នា​បាន​ ព្រោះ​មាន​សូរ​សំឡេង​ដូច​គ្នា។

ឧទាហរណ៍ៈ គួ តួ គួន​ ចួន លឿង​ សឿង គ្រឿង ក្បឿង​ ទិតៀន បៀត​បៀន​។

សង្ខេប​បទ​កំណាព្យ​ខ្មែរ

១. បទ​មេ​បួន

២. បទ​បថ្យាវត្ត

៣. បទ​កាកគតិ

៤. បទ​ព្រហ្មគិតិ

៥. បទ​ពំនោល

៦. បទ​បន្ទោល​កាក

៧. បទ​ភុជង្គលីលា

៨. បទ​ពាក្យ​៦

៩. បទ​ពាក្យ​៧

១០. បទ​ពាក្យ​៨

១១. បទ​ពាក្យ​៩

១២. បទ​ពាក្យ​១០

១៣. បទ​ពាក្យ​១១

១៤. បទ​ ក,​ ខ

១៥. បទ​នមោ

១៦. បទ​អក្សរ​លូន

១៧. អក្ស​រ​សង្វាស

១៨. បទ​កង្កែប​លោត​កណ្តាល​ស្រះ

១៩. កង្កែប​លោត​លើ​គោក

២០. កង្កែប​លោត​ស្ទាក់​ពេជ្រ

២១. កង្កែប​លោត​ផ្ទាត់​ខ្ចៅ

២២. នាគ​បរិព័ទ្ធ

២៣. នាគ​គៀវ​ក្រវាត់

២៤. នាគ​រាជ​ប្លែង​ឫទ្ធ

២៥. គោ​ព័ទ្ធ​ស្នឹង

២៦​. សឹង្ហ​តោ​លេង​កន្ទុយ

២៧. រមាំង​ដើរ​ព្រៃ

២៨. ផ្កា​ឈូក​រីក

២៩. ក្រប​ចក្រ​វាឡ

៣០. ម្ករ​ខ្ជាក់​កែវ

៣១. ឆ័ត្រ​បី​ជាន់

៣២. រលក​យោល​យាវ

៣៣. រលក​ខ្ទប់​ច្រាំង

៣៤. សហរា

៣៥.​ វិវិធ​មាលី

៣៦. ពស់​លេប​កន្ទុយ

៣៧. សត្វ​កាង​ស្លាប

៣៨.​ ថយ​ក្រោយ​ចូល​ព្រែក

៣៩. រមាំង​បើក​បាស

៤០. ទន្សាយ​ទីស​ទាស

៤១. មាន់​ទឹក​បណ្តើរ​កូន

៤២. សារថីទាញ​រថ

៤៣. អើយរ៉ា

៤៤. សុក្រ​ទិន​វិសាល

៤៥. សោរទិន​វិសាល

៤៦. ត្រឡាច​ឡើង​ទ្រើង

៤៧. យត្តិភ័ង្គ

៤៨. ជាប់​ទង

៤៩. សបាត់​សប៉ឹង

៥០. ត្រី​ពិធ​ព័ន្ធ

៥១. សឡាប​លួន

៥២. វង្ស​វិចិត្រ

៥៣. ព្រះ​ចន្ទ្រ​បាំ​ង​ឆ័ត្រ

៥៤. បទ​ឥន្ទ​ជិត

សូម​ស្វែង​យល់​លម្អិត​​អំពី​ការ​ចាប់​ចុង​ចួន​និង​ការ​សង្កត់​សំឡេង​ របស់​បទ​កំណាព្យ​នីមួយៗ​នៅ​ក្នុង​សៀវភៅ​ " សិល្បៈ​តែង​កំណាព្យ"​ និពន្ធ​ដោយ ​ពេជ្រ​ ទុំ​ក្រវ៉ិល បោះ​ពុម្ព​ផ្សាយ​លើក​ទី​៤ ឆ្នាំ​២០១១។